កម្ពុជា

អ្នកភូមិ​បឹងកក់​ទាមទារ​ជា​ថ្មី​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​យោម បុប្ផា

អ្នកភូមិ​បឹងកក់​ធ្វើការ​តវ៉ា​នៅមុខ​សាលាឧទ្ធរណ៍​ទាមទារ​ឲ្យ​តុលាកា​រដោះលែង​អ្នកស្រី​យ៉ោម បុប្ផា
អ្នកភូមិ​បឹងកក់​ធ្វើការ​តវ៉ា​នៅមុខ​សាលាឧទ្ធរណ៍​ទាមទារ​ឲ្យ​តុលាកា​រដោះលែង​អ្នកស្រី​យ៉ោម បុប្ផា ©Siv Chana

សាលា​ឧទ្ធរណ៍ កាល​ពី​រសៀល​ថ្ងៃ​នេះ បាន​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​របស់​អ្នក​ស្រី​យ៉ោម បុប្ផា​ក្រោយ​ពេល​អ្នក​ស្រី​បាន​ជាប់​ពន្ធនាគារ​ចំនួន​២៧៥​ថ្ងៃ​កន្លង​មក។ សវនាការ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សាល​សាលាឧទ្ធរណ៍ ខណៈ​នៅ​ក្រៅ​របង​សាលា​ឧទ្ធរណ៍វិញ ក្រុម​អ្នកតវ៉ា​បឹងកក់ និង​ក្រុម​អ្នករត់​ម៉ូតូ​ឌុប​បាន​ធ្វើ​បាតុកម្ម ក្រោម​តំណក់​ទឹកភ្លៀង​រលឹម។

ផ្សាយពាណិជ្ជកម្ម

 

អ្វី​ដែល​លោក​អ្នក​ឮ​មុន​នេះ គឺ​ជា​សម្រែក​សុំ​យុត្តិធម៌​របស់​ក្រុម​អ្នកតវ៉ា​​បឹងកក់ និងសមាគម​អ្នករត់​ម៉ូតូ​ ឌុប នៅ​មុខ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាល​ពី​ម៉ោង​២​រសៀល​ថ្ងៃ​មិញនេះ។

នៅ​ក្រៅ​របង​សាលា​ឧទ្ធរណ៍ ក្រុម​អ្នកតវ៉ា​បឹងកក់​ប្រមាណ​ជា​២០០​នាក់ ប្រដាប់​ដោយ​ឧបករណ៍​បំពង​សំឡេង​បួន-ប្រាំ ជួត​ក្បាល​ដោយ​ក្រណាត់​ក្រហម ភ្ជាប់​ដោយ​សារ​ផ្សេងៗ ក្នុង​ន័យ​ស្នើ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ​បាន​ស្រែក​បន្ទរ​ព្រមៗ​គ្នា​ថា «ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ផា»។ លុះ​បន្តិច​ក្រោយ​មក ខាង​ក្រុម​អ្នករត់​ម៉ូតូ​ឌុប​ដែល​មាន​គ្នា​ប្រមាណ​ជា​៥០​នាក់ ស្ថិត​ក្នុង​ឯក​សណ្ឋាន​អាវកាក់​ក្រហម​អម​ដោយ​បដា​ធំៗ ដែល​ដាក់​បង្ហាញ​រូបភាព​របួស​របស់ អ្នករត់​ម៉ូតូ​ឌុប​ជា​ជនរងគ្រោះ ក៏​ចាប់ផ្ដើម​ស្រែក​ដាក់​មេក្រូ ដែល​នៅ​ក្នុង​ដៃ​របស់​ខ្លួន​ថា «វាយ​គេ ត្រូវ​តែ​ជាប់​គុក»។ បើ​ទោះ​បី នេះ​គ្រាន់​តែ​ជា​សង្គ្រាម​ពាក្យ​សម្ដី​រវាង​ភាគី​ទាំង​ពីរ​ក្ដី ក៏​អាជ្ញាធរ​មាន​សមត្ថកិច្ចជា​ច្រើន​នាក់​​បាន​តាម​​ឃ្លាំ​មើលសកម្មភាព​របស់​ក្រុម​អ្នកតវ៉ា​ទាំង​ពីរ​ក្រុម​នេះ​ជានិច្ច។

រហូត​ដល់​ម៉ោង​២ និង​៤៥​នាទី អ្នកស្រី​យ៉ោម បុប្ផា​ត្រូវ​បាន​នាំ​ខ្លួន​មក​ដល់​សាលា​ឧទ្ធរណ៍​តាម​ច្រក​ទ្វារ​ក្រោយ ដោយ​មិន​មាន​ការរំខាន​ពី​សំណាក់​ក្រុម​អ្នកតវ៉ា​ដែល​ឈរ​ចាំ​នៅ​ច្រក​ទ្វារ​ខាង​មុខ​ឡើយ។ បន្ទាប់​ពី​នោះ សវនាការ​ក៏​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្ងៀមស្ងាត់ ក្រោម​វត្តមាន​អ្នកតំណាង​ទូត អង្គការ ព្រម​ទាំង​អ្នកសារព័ត៌មាន​ជា​ច្រើន​នាក់ ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ធំ​ត្រូវ​បង្ខំ​ចិត្ត​ឈរ​ស្ដាប់​សវនាការ ព្រោះ​តែ​អស់​កន្លែង​អង្គុយ។

សវនាការ​ដំណើរការ​ទៅ​មុខ​ដោយ​មិន​ខ្វល់​ពី​ក្រុម​អ្នកតវ៉ា​ទាំង​ពីរ​ក្រុម​ដែល​ឈរ​ស្រែក​នៅក្រោម​តំណក់​ទឹក​ភ្លៀង​រលឹម​តិចៗ​ ទាមទារ​រក​យុត្តិធម៌។ យុត្តិធម៌​របស់​ក្រុម​អ្នកបឹងកក់ គឺ​ស្នើ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដី​ធ្លី អ្នក​ស្រី​យ៉ោម បុប្ផា។ ចំណែក​យុត្តិធម៌​របស់​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​វិញ គឺ​ជម្រុញ​ឲ្យ​តុលាការ​ដាក់​ទោសទណ្ឌ​អ្នកស្រី យ៉ោម បុប្ផា ដែល​ត្រូវ​បាន​ចោទ​ថា បាន​វាយ​អ្នករត់​ម៉ូតូ​ឌុប​ពីរនាក់​​ឲ្យ​បែក​ក្បាល។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី សាលា​ឧទ្ធរណ៍ នា​ម៉ោង​៦​មុន​នេះ​ បាន​សម្រេច​ពន្យារ​ពេល​សវនាការ ដោយ​លើក​ទៅ​ធ្វើ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ខាង​មុខទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ស្រី​យ៉ោម បុប្ផា​ជា​សកម្មជន​ដីធ្លី​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២​កន្លង​ទៅ បាន​​កាត់​ទោស​​ពី​បទ​ប្រើ​ហិង្សា​វាយ​​បុរស​អ្នក​រត់​​ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស ហើយ​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​៦០​លាន​រៀល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI