អានតួអត្ថបទ
ចិន-អាមេរិក​ឡាទីន​

ចិន​បង្ហាញ​មហិច្ឆតា​វិនិយោគ​ក្នុង​ឱកាស​​ជំនួប​កំពូល​G៧៧​+​ចិន​​ នៅ​​បូលីវី​​​

ចិន​មាន​មហិច្ឆតា​វិនិយោគផ្នែក​​​​ឧស្សាហកម្ម​នៅ​អាមេរិក​ឡាទីន​។
ចិន​មាន​មហិច្ឆតា​វិនិយោគផ្នែក​​​​ឧស្សាហកម្ម​នៅ​អាមេរិក​ឡាទីន​។ REUTER/Aly Song
ដោយ៖ ព្រំ សឿន សូលីណា
1 នាទី

ជំនួប​កំពូល​​​​​G៧៧ បូក​ ​ចិន បើក​ធ្វើ​នៅ​ថ្ងៃ​សៅរ៍នេះ នៅ​ក្រុង​សាន់តា គ្រូ ប្រទេស​​​ បូលីវី។ ជំនួប​នេះ​ ធ្វើឡើង​ក្នុង​ឱកាស​ខួប​ទី៥០ នៃ​ក្រុម​អន្តរ​រដ្ឋាភិបាល​​​​​ ​ដោយ​​​មាន​វត្តមាន​ចូលរួម​​របស់​ប្រទេសជា​​សមាជិក​ចំនួន​១៣៣ប្រទេស ​មាន​ទិសដៅ​លើក​តម្កើង​​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ពិសេស​​តាម​រយៈ​កិច្ចសហប្រតិបត្តិការ​​​រវាង​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឈន៍។ ​សម្រាប់​​ទិសដៅ​អភិវឌ្ឍន៍​ទៅមុខ ចិន​មាន​​មហិច្ឆតា​​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​​នៅ​​តាមអាមេរិក​ឡាទីន​ ​ដោយ​បាន​ចេញ​ថវិកា​​រាប់ពាន់​លាន​ដុល្លារ សម្រាប់​វិស័យ​ចំបងៗ​ នៅទីនោះ ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជាដើម។

ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​បូលីវី ​ជំនួប​កំពូល​ហ្សេ៧៧ ​បើក​ធ្វើ​នៅថ្ងៃ​សៅរ៍​​នេះ មានទិសដៅ​លើកតម្កើង​ការ​អភិវឌ្ឈន៍​សេដ្ឋកិច្ច​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឈន៍​នានា។​ ប្រធានាធិបតី​ចិន​គ្មាន​វត្តមាន​ក្នុង​ជំនួប​កំពូល​នេះទេ តែ​លោក​នឹង​ចូលរួម ​ជំនួប​កំពូល​ប្រទេស​​​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ខ្លាំង​ ដែល​ប្រព្រឹត្ត​ទៅ​​នៅ​ប្រេស៊ីល​ ពាក់កណ្តាល​ខែ​ក្រោយ​នេះ។

យោងតាម​​លោក ហ្កាប្រ៊ីយែល ដាប់ឌុប ប្រធាន​​​សហព័ន្ធ​និយោជក​សាន់តា គ្រូស ​​នៅ​បូលីវី ​​ក្រៅ​ពី​​​ការ​ទិញវត្ថុ​ធាតុដើម នៅ​អាមេរិកឡាទីន​ រដ្ឋាភិបាល​ចិនក៏​​​​​ចង់​​ធ្វើការ​​វិនិយោគ​ផ្នែក​ឧស្សាហកម្ម​​នៅ​តាម​បណ្តា​ប្រទេស​អាមេរិក​ខាងត្បូង​ផងដែរ។

ចិន​​​ចាប់អារម្មណ៍​លើ​គម្រោង​ឧស្សាហកម្ម​នៅ​បូលីវី សម្រាប់​១០ឆ្នាំ ទៅមុខ ជា​គម្រោង​តម្លៃ​​៤២ពាន់លាន​ដុល្លារ។ ក្រុមហ៊ុន​ចិន​ចង់​សាងសង់​ផ្លូវ​អយស្ម័យយាន ចេញ​ពី​បូលីវី ទៅ​ប្រទេស​ប្រេស៊ីល ដោយ​ភ្ជាប់​មហា​សមុទ្រ​អាត្លង់ទិក ទៅ​នឹង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ក្រុមហ៊ុន​ចិន​ក៏​ចង់​សាងសង់​ផ្លូវ​​​​ថ្នល់ និង​​អនុវត្តន៍​គម្រោង​​​​​ផ្សេងៗ ​​តាម​ទន្លេ​ផងដែរ។ ​​គួរ​រំលឹក​ថា បូលីវី​ជា​​ប្រទេស​ក្រីក្រ​ជាងគេ​នៅ​អាមេរិក​ខាងត្បូង។ ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ កំណើន​បូលីវី​មានតែ​ជាង​៦ភាគរយ​ប៉ុណ្ណោះ។

ថ្មីៗ​នេះ រដ្ឋាភិបាល​​បូលីវី​បាន​​ផ្តល់​ទំនុក​ចិត្ត​ដល់ចិន ដោយ​បាន​​ទិញ​ផ្កាយ​រណប​ពីចិន។ ថ្មីៗ​នេះដែរ​ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក​វ៉ាង​ យី បាន​​ប្រាប់​ប្រទេស​ប្រេស៊ីល​​ថា​ ចិន​ចង់​បង្កើន​ការ​វិនិយោគ​និង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡាទីន និង​ការ៉ាអ៊ីប អោយ​បាន​ខ្លាំង​ក្លា​ថែមទៀត។ ​គួរបញ្ជាក់​ថា ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ទី១​របស់​ប្រេស៊ីល។ ប្រេស៊ីល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លំដាប់​ថ្នាក់​ទី១​ ក្នុង​តំបន់។ ​ចិនក្លាយ​​​ជា​ដៃគូ​ពាណិជ្ជកម្ម​​លំដាប់ទី២ ជាមួយ​ប្រទេស​​ជាច្រើន​នៅអាមេរិក​ឡាទីន។ ​​សកល​វិទ្យាល័យ​អាមេរិក​​នានា​បាន​ចេញ​របាយការណ៍​បង្ហាញថា ចិន​បាន​ផ្តល់​កំចី​​សន្ធឹកសន្ធាប់ ជា​ទឹកប្រាក់ ១០២ពាន់ ២សែន​ដុល្លារ ដល់​បណ្តា​ប្រទេស​នៅ​អាមេរិក​ឡាទីន ចន្លោះ​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ​២០១៣។ ​

ចិន​​​ជាប់​ចំណាត់​ថ្នាក់​ទី២​ ​បន្ទាប់​ពី​អាមេរិក នៅ​ទីផ្សារ​​វេណេស៊ុយអេឡា។ វេណេស៊ុយអេឡា ជាប្រទេស​សំបូរ​ធនធាន​ប្រេង​។ ​ចិន​ពិភាក្សា​ជាមួយ​​វេណេស៊ុយអេឡា ​ពី​ការ​បង្កើន​ការ​ផលិត នៅ​ទន្លេ អូរេណុក ស្ថិត​​នៅ​​ភាគកណ្តាល​ប្រទេស។​ ការ​វិនិយោគ​នេះ គិត​ជា​ទឹកប្រាក់ មាន​ដល់​២៨ពាន់លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ