អ្នកភូមិបុរីកីឡាផ្ទុះជម្លោះជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច ជាថ្មីទៀត
អ្នកភូមិបុរីកីឡា ប្រមាណជា១០០នាក់ នៅថ្ងៃសុក្រនេះ បានផ្ទុះកំហឹងជាមួយក្រុមហ៊ុនផាន អ៊ីម៉ិច ដោយសារអ្នកភូមិបានចោទប្រកាន់ថា ក្រុមហ៊ុនធ្វើរបងគ្រោងសង់ឃ្លាំងស្តុកអ្វីមួយ នៅលើដីសាធារណៈ របស់អ្នកភូមិ។ ពួកអ្នកភូមិបាននាំគ្នាវាយកម្ទេចរបងនោះ។ យ៉ាងណាក៏ដោយគ្មានការបង្ក្រាបទៅលើអ្នកភូមិទេ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកភូមិបុរីកីឡាប្រមាណជា ១០០នាក់ នៅថ្ងៃសុក្រនេះ បានព្រួតគ្នាវាយរបងរបស់ក្រុមហ៊ុន ផាន អ៊ីម៉ិច ដែលសង់នៅលើដីរបស់ពួកគេ។ អ្នកស្រី ហាស់ សុចិន្តា តំណាងអ្នកភូមិបុរីកីឡា បានប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅប្រហែលជាម៉ោង ៨ព្រឹក អ្នកស្រីបានមើលពីចម្ងាយ ហើយឃើញមានរបងមួយសាងសង់នៅលើដីផ្លូវរបស់ប្រជាពលរដ្ឋ។ ក្រុមអ្នកភូមិក៏បានសម្រេចវាយរបងនោះចោលភ្លាមៗតែម្តង។
អ្នកស្រីនិយាយថា ក្រុមអ្នកភូមិមិនបានដឹងថា គេចាប់ផ្តើមធ្វើរបងពីពេលណានោះទេ ដោយសារតែក្រុមហ៊ុន បានបិទផ្លូវដើរ ចេញ-ចូល របស់អ្នកភូមិ ប្រមាណជាកន្លះខែមកហើយ។ បន្ទាប់ពីរុះរើរបងនោះហើយ ក្រុមហ៊ុនក៏មិនបានប្រតិកម្មអ្វីទេ ប៉ុន្តែលុះដល់ម៉ោងប្រមាណជា៣រសៀល មានកម្លាំងសមត្ថកិច្ច ប្រមាណជា ១០០នាក់ មិនដឹងថាពួកគេមកពីណា បាននាំគ្នាមកបោះបង្គោល នៅទីតាំងមានជម្លោះជាថ្មី ប៉ុន្តែ ត្រូវបានអ្នកភូមិដកបង្គោលនោះចោលទៀត។
នៅក្នុងសន្និសីទកាសែតមួយនៅល្ងាចថ្ងៃសុក្រនេះ ក្រុមអ្នកភូមិបានទាមទារឲ្យក្រុមហ៊ុនផ្អាកសំណង់ក្នុងអាគារទី៩ និងឈប់ធ្វើសំណង់ក្នុងអាគារទី១។ លើសពីនេះ អ្នកភូមិ ក៏ស្នើសុំឲ្យក្រុមហ៊ុនដោះស្រាយសំណងតាមកិច្ចសន្យា ដែលក្រុមហ៊ុនបានធ្វើជាមួយអ្នកភូមិ កាលពីពេលកន្លងទៅ។
មន្ត្រីសម្របសម្រួលកម្មវធីកំណែទម្រង់ដីធ្លីរបស់មជ្ឃមណ្ឌលសិទ្ធមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត បានឲ្យដឹងថា ទង្វើនេះ គឺជាសញ្ញានៃការបង្កជម្លោះរវាង ក្រុមហ៊ុន និងក្រុមអ្នកភូមិ។ មន្ត្រីសិទ្ធិមនុស្សរូបនេះបានស្តីបន្ទោសក្រុមហ៊ុនថាមិនត្រឹមតែមិនផ្តល់ដំណោះស្រាយដល់អ្នកភូមិប៉ុណ្ណោះទេ ប៉ុន្តែតែងតែបង្កបញ្ហានិងកេងចំនេញលើអ្នកភូមិជារឿយ។
គួរបញ្ជាក់ថា នៅក្នុងគោលការណ៏នយោបាយរបស់រដ្ឋាភិបាលអណ្តតិ្តទី៥ រដ្ឋាភិបាល បានលើកទឹកចិត្តឲ្យមានការការពារ និងដោះស្រាយបញ្ហាដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែពុំមានចំណាត់ការអ្វីមួយសមស្របសម្រាប់អ្នករងគ្រោះដោយសារបញ្ហាដីធ្លីនៅបូរីកីឡា និងនៅបឹងកក់នៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ