ឥណ្ឌា

មនុស្ស​រត់ជាន់​គ្នា​​ស្លាប់​១១៥នាក់​ ក្នុង​ពិធី​បុណ្យសាសនាមួយ​​នៅ​ឥណ្ឌា​

ស្ពាន​ដែល​នាំ​​ផ្លូវ​ចូលទៅកាន់​វិហារ​ព្រហ្មញ្ញ​សាសនា​​ Ratangarh លើ​ស្ទឹង​Sindh។ មនុស្ស​២ម៉ឺននាក់​កំពុង​ស្ថិត​នៅលើស្ពាន ក្នុង​ពេល​កើតហេតុ។
ស្ពាន​ដែល​នាំ​​ផ្លូវ​ចូលទៅកាន់​វិហារ​ព្រហ្មញ្ញ​សាសនា​​ Ratangarh លើ​ស្ទឹង​Sindh។ មនុស្ស​២ម៉ឺននាក់​កំពុង​ស្ថិត​នៅលើស្ពាន ក្នុង​ពេល​កើតហេតុ។ STRINGER/INDIA/Reuters

នៅ​ឥណ្ឌា​ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មានការ​រត់ជាន់គ្នា​ក្នុង​ពិធីបុណ្យ​សាសនា​​​ នៅជិត​វិហារ​​ព្រហ្មញ្ញសាសនា មួយកន្លែង​ ក្នុង​រដ្ឋ​ Madhya Pradesh បាន​ធ្វើអោយ​មនុស្ស​ស្លាប់​១១៥នាក់ និង​ជាង​១១០នាក់ទៀត​រងរបួស។ យោងតាម​អាជ្ញាធរ​ក្នុង​ស្រុក អាជ្ញាធរ​ប្រាប់ថា ការ​ដាច់​របាំង​​ការពារ​​នានា នៅតាម​បណ្តោយ​ស្ពាន​មួយ​​ស្ថិត​នៅលើ​ស្ទឹង​ឈ្មោះថា Sindh គឺ​ជា​មូលហេតុ​ដែល​នាំអោយ​​មនុស្ស​នៅលើស្ពាន​នោះ​រត់ជាន់គ្នា។ ​

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​រត់ជាន់គ្នា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ជិត​វិហារ​ព្រហ្មញ្ញ​សាសនា​​ Ratangarh ក្នុង​​រដ្ឋ​ Madhya Pradesh ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា។ នៅទីនោះ មនុស្ស​ប្រមាណ​ជិត​១៥ម៉ឺននាក់ បាន​នាំគ្នា​​មក​​ប្រារព្ធ​ពិធី​បុណ្យ​​ព្រហ្មញ្ញសាសនា​ ឈ្មោះថា ណាវ៉ារ៉ាទី។

អាជ្ញាធរ​ប្រាប់ថា ការ​ដាច់​របាំង​​ការពារ​​នៅតាម​បណ្តោយ​ស្ពាន​មួយ​​ស្ថិត​​លើ​ស្ទឹង​ឈ្មោះថា Sindh ដែល​ជា​ស្ពាន​ចូលទៅកាន់​វិហារ ជា​មូលហេតុ​ដែល​នាំអោយ​មានមនុស្ស​រត់ជាន់គ្នា។ លើសពីនេះ ក៏​មាន​ពាក្យ​ចចាមអារ៉ាម ក្នុងហ្វូង​មនុស្ស​ ២ម៉ឺននាក់ ដែល​កំពុង​ស្ថិត​លើស្ពាន​នោះផងដែរ​ ថាមាន​ត្រាក់ទ័រ​មក​បុក​​ស្ពាន​​​​ ហើយ​ស្ពាន​​អាច​នឹង​​បាក់។

មនុស្ស​​​ដ៏កុះករ​ដែល​កំពុង​ស្ថិត​នៅលើ​ស្ពាន ក៏​បាន​ច្រានគ្នា រត់ជាន់គ្នា​ ហើយ​អ្នកខ្លះ​បាន​លោត​ចុះពីលើ​ស្ពាន​ទៅ​ក្នុង​ស្ទឹង ហើយ​បាន​លង់ទឹក​ស្លាប់។ ​យោងតាម​សាក្សី​ដែល​បាន​ឃើញហេតុការណ៍​នោះ ទឹកស្ទឹង​បាន​​ហូរកួច​យក​ជនទាំងនោះទៅជាមួយ។ នៅថ្ងៃ​ចន្ទនេះ ប៉ូលិស​បាន​បញ្ចប់​ប្រតិបត្តិការ​ស្វែង​រក​​ជនរងគ្រោះ​ហើយ។

គួររំលឹកថា វិហារ​ព្រហ្មញ្ញ​សាសនា Ratangarh ធ្លាប់​រងនូវ​ហេតុការណ៍​នេះ​ម្តង​រួច​មកហើយ​ដែរ កាលពី​ឆ្នាំ​២០០៦ ដែល​កាលណោះ គ្រោះថ្នាក់​បាន​សម្លាប់​មនុស្ស​៥០នាក់។ នៅ​ឥណ្ឌា​ ពិធី​បុណ្យ​​ព្រហ្មញ្ញសាសនា​ ណាវ៉ារ៉ាទី ធ្វើឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះនាង​ Dourga។ ពិធី​នេះ​​តែង​មាន​មនុស្ស​ចូលរួម​រាប់លាននាក់ នៅតាម​វិហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI