អេបូឡា-អាមេរិក-អង់គ្លេស

អង់គ្លេស និង​អាមេរិក​បញ្ជូន​ទ័ព​ទៅ​ប្រយុទ្ធ​មេរោគអេបូឡា​នៅ​អាហ្វ្រិក

ទាហាន​អាមេរិក​លាង​ដៃ​នឹង​ក្លរីន​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​អេបូឡា នៅក្នុង​អំឡុង​បេសកកម្ម​របស់គេ​ដើម្បី​សង់​មណ្ឌល​សុខភាព​សម្រាប់​អ្នកជម្ងឺ​អេបូលា
ទាហាន​អាមេរិក​លាង​ដៃ​នឹង​ក្លរីន​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​អេបូឡា នៅក្នុង​អំឡុង​បេសកកម្ម​របស់គេ​ដើម្បី​សង់​មណ្ឌល​សុខភាព​សម្រាប់​អ្នកជម្ងឺ​អេបូលា ©REUTERS/James Giahyue

នាវា​ចម្បាំង​អង់គ្លេស ដែល​ផ្ទុក​ទៅ​ដោយ​គ្រឿង​បរិក្ខាពេទ្យ និង​ក្រុមគ្រូពេទ្យ នឹង​ចាកចេញ នៅ​ថ្ងៃ​សុក្រ​នេះ សំដៅ​ប្រទេស​សៀរ៉ាឡេអូន។ កាលពី​ម្សិលមិញ លោកប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា ក៏​ទើប​បាន​អនុញ្ញាត​ឲ្យ​មន្ទីរ​បញ្ចកោណ​បញ្ជូន​បន្ថែម ទាហាន​អាមេរិក ទៅ​អាហ្រ្វិក​ខាងលិច ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​របស់មេរោគ​អេបូឡា។ មេរោគ​អេបូឡា បាន​សម្លាប់​មនុស្ស​ជាង ៤ពាន់ ៥រយនាក់ នៅ​ក្នុង​ប្រទេស​ឆ្លងសំខាន់​ធំបី​គឺ​លីបេរីយ៉ា ហ្គីណេ និង​សៀរ៉ាឡេអូន។ 

ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​របស់​សហគមន៍​អន្តរជាតិ ​នៅ​មាន​កម្រិត មិន​អាច​​ឆ្លើយតប​នឹង​ មេរោគ​អេបូឡា ដែល​កំពុង​ពង្រីក​វិសាលភាព​រាតត្បាត និង​សម្លាប់​មនុស្ស យ៉ាងឆាប់​រហ័ស នៅទឹកដី​អាហ្វ្រិក​ខាងលិច។ យោង​តាម​ការព្យាករណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ករណី​ឆ្លង​ថ្មី ដែល​រហូត​មកដល់​ពេលនេះ មាន​ចំនួន​១ពាន់​ករណី នោះ នឹង​កើន​ដល់ ១​ម៉ឺន​ករណី ក្នុង​មួយ​សប្តាហ៍ ពីពេលនេះ រហូត​ដល់​ចុង​ខែ​ធ្នូ។

 
នៅក្នុង​បរិបទនេះ នាវាចម្បាំង​អង់គ្លេស ដែល​មាន​ដឹក​មន្ទីរពេទ្យ គ្រូពេទ្យ និង​ឧទ្ធម្ភាគចក្រ​ត្រូវ​​ចេញ​ដំណើរ នៅថ្ងៃ​សុក្រនេះ ទៅ​ប្រទេស​សៀរ៉ាឡេអូន។ នៅក្នុង​គម្រោង​ផ្តល់​ជំនួយ​ដល់​សៀរ៉ាឡេអូន អតីត​ប្រទេស​ក្រោម​អាណានិគម​របស់ខ្លួន អង់គ្លេស​បាន​សន្យា​បញ្ជូន​ទាហាន​៧៥០​នាក់ ដើម្បី​សាងសង់​មណ្ឌល​សុខភាព សម្រាប់​ព្យាបាល​អ្នកជម្ងឺ​អេបូឡា។

តាម​លោក​មេបញ្ជាការ​David Eagles ការត្រួតពិនិត្យ តាមដាន​សុខភាព​របស់​បុគ្គលិក​ពេទ្យ​នៅ​លើ​កប៉ាល់ នឹង​ត្រូវ​ធ្វើ​ដោយ​តឹងរ៉ឹង​បំផុត។ ពោល​គឺ​រាល់​បុគ្គលិក និង​ក្រុមគ្រូពេទ្យ​អង់គ្លេស​ដែល​ត្រូវ​ចុះ​ទៅ​ព្យាបាល​អ្នកជម្ងឺ នៅ​ទីក្រុង​Freetown របស់​ប្រទេស​សៀរ៉ាឡេអូន នឹង​ត្រូវគេ​បាញ់​សម្អាត​អស់​មេរោគ មុន​នឹង​អនុញ្ញាត​ឲ្យ​ត្រលប់​មក​ជាន់​លើ​កប៉ាល់។

អាមេរិក​ ដែល​កំពុង​ប្រឈម​នឹងការរាតត្បាត​មេរោគ​អេបូឡា ក្រោយ​​ករណី​ឆ្លង​ថ្មី ទៅលើ​គិលានុបដ្ឋាយិកា ពីររូប នៅក្នុង​រដ្ឋ​តិចសាស់ ក៏​ទើប​សម្រេច​បញ្ជូន​កងទ័ព​ទៅ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគ​អេបូឡា នៅ​អាហ្រ្វិក​ខាងលិច។ កាល​ពី​ថ្ងៃ​ម្សិលមិញ លោកបារ៉ាក់ អូបាម៉ា​បាន​បញ្ជា​ឲ្យ​មន្ទីរបញ្ចកោណ​បញ្ជូន​បន្ថែម ទាហាន​បម្រុង​ទៅ​ប្រទេស​លីបេរីយ៉ា ជាទី​ដែល​ទាហាន​អាមេរិក​៥០០​នាក់ បញ្ជូន​ទៅ​កាលពី​ខែ​កញ្ញា កំពុង​ធ្វើការ​សាងសង់​មណ្ឌល​សុខភាព​សម្រាប់​អ្នកជម្ងឺ​អេបូឡា។ តាម​ក្រសួងការពារ​ជាតិ​អាមេរិក បើសិន​ចាំបាច់ ទាហាន​បម្រុង​អាមេរិក​នឹង​អាច​មាន​ចំនួន​៤ពាន់​នាក់ សម្រាប់​បេសកកម្ម​សាងសង់​មណ្ឌល​សុខភាព​ចំនួន ១៧ នៅ​លីបេរីយ៉ា និង​ប្រទេស​សេណេហ្កាល់។ សូមបញ្ជាក់ថា ក្រៅតែ​ពី​បញ្ជូន​កងទ័ព​ទៅអាហ្រ្វិក​ខាងលិច អាមេរិក​បាន​ផ្តល់​ជំនួយ​១៥៦​លាន​ដុល្លារ សម្រាប់​សកម្មភាព​ប្រយុទ្ធប្រឆាំង​មេរោគ​អេបូឡា។ កាលពី​ពេលថ្មីៗនេះ សភា​អាមេរិក​ទើប​បាន​អនុញ្ញាត​ឲ្យ​លោក​អូបាម៉ា​ប្រើកញ្ចប់ថវិកា​បម្រុង​សម្រាប់​សង្រ្គាម​ចំនួន ៧៥០​លាន​ដុល្លារ សម្រាប់​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​អេបូឡា។

អ្នកទទួល​ខុសត្រូវ​របស់​បេសកកម្ម​ប្រយុទ្ធប្រឆាំង​នឹង​អេបូឡា​របស់​អង្គការ​សហប្រជាជាតិ​បាន​ត្អូញត្អែរ​ពី​កង្វះខាត ទាំង ថវិកា និង​មធ្យោបាយពេទ្យ។ សព្វថ្ងៃនេះ មូលនិធិ​មាន​ទឹកប្រាក់​សុទ្ធ តែ​១​សែន​ដុល្លារ នៅក្នុង​កេស គឺ​មិន​មែន​២០​លាន​ដុល្លារ ដូចដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​អះអាង កាលពីថ្ងៃ​ម្សិលមិញទេ។ ២០​លាន​ដុល្លារ ជា​ទឹកប្រាក់​ដែល​ប្រទេស​ផ្តល់​ជំនួយ​បាន​សន្យា ផ្តល់​ដល់​មូលនិធិ ប៉ុន្តែ រហូត​មកដល់​ពេលនេះ មាន​តែ​ប្រទេស​កូឡុំប៊ី​ទេ​ដែល​បាន​ចូល​វិភាគទាន​លុយ​១​សែន​ដុល្លារ សម្រាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​មេរោគអេបូឡា។ ម្យ៉ាងទៀត ២០​លាន​ដុល្លារ គឺ​នៅ​តិចតួច​ណាស់ បើប្រៀបធៀប​នឹង​ការប៉ាន់ស្មាន​របស់​អង្គការ​សហប្រជាជាតិ ដែល​ថា គេ​ត្រូវការ​ទឹកប្រាក់​ជាច្រើន​ពាន់​លាន​ដុល្លារ ដើម្បី​លុបបំបាត់ មេរោគ អេបូឡា ទាំងស្រុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI