អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ក​សាង​ធន​ធាន​មនុស្ស​ថ្មី​ចាប់​ពី​កុ​មារ​តូច​ជា​គន្លឹះ​ដោះ​ស្រាយ​វិបត្តិ​សង្គម​!

សំឡេង ០៤:៥៦
កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ។
កុមារីនៅក្នុងមណ្ឌលដើម្បីភាពញញឹមនៃកុមារ។ @Facebook
ដោយ៖ ប៉ែន បូណា
៣១ នាទី

ការ​ក​សាង​ធន​ធាន​មនុស្ស​ថ្មី​ចាប់​ពី​កុ​មារ​តូច​ជា​គន្លឹះ​ដោះ​ស្រាយ​វិ​បត្តិ​សង្គម​!ស្រប​ពេល​ដែល​ក្រ​សួង​អប់​រំ​កំ​ពុង​ធ្វើ​កំ​ណែ​ទម្រង់​សម្រាប់​ការ​ប្រ​ឡង​យក​សញ្ញា​បត្រ​មធ្យម​សិ​ក្សា​ទុ​តិយ​ភូមិ​ រដ្ឋា​ភិ​បាល​ក៏​បាន​ប្រ​កាស​គោល​ន​យោ​បាយ​ជាតិ​សម្រាប់​កុមារ​តូច​អា​យុ​ក្រោម​៦ឆ្នាំ​ដែរ​កាល​ពី​ថ្ងៃ​ទី​០១​កញ្ញា​។ ​នេះ​អាច​ចាត់​ទុក​ជា​សញ្ញា​វិជ្ជ​មាន​មួយ​ក្នុង​ទិស​ដៅ​ក​សាង​ធន​ធាន​មនុស្ស​ជំ​នាន់​ថ្មី​ដែល​ជា​សេច​ក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​កម្ពុជា​។ ​យ៉ាង​ណា​ក៏​ដោយ ​ប្រ​ទេស​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ពិត​ជា​ត្រូវ​ការ​ឆន្ទៈ​ន​យោ​បាយ​និង​ការ​វិ​និ​យោគ​ឲ្យ​បាន​ខ្លាំង​បន្ថែម​ទៀត​ទៅ​លើ​សុខុ​មាល​ភាព​និង​ការ​អប់​រំ​កុ​មារ​តូច​ដើ​ម្បី​ដោះ​ស្រាយ​វិ​បត្តិ​សង្គម​ទៅ​ថ្ងៃ​អនា​គត​។

ផ្សាយពាណិជ្ជកម្ម

 

«ដំ​ដែក​ទាន់​នៅ​ក្តៅ ​ប្រ​ដៅ​មនុស្ស​ទាន់​នៅ​ក្មេង»​នេះ​ជា​សុ​ភា​សិត​បុ​រាណ​ខ្មែរ​ដែល​បង្ហាញ​អំ​ពី​សារ​សំ​ខាន់​នៃ​ការ​អប់​រំ​កុ​មារ​តូច​ដើ​ម្បី​ឲ្យ​ពួក​គេ​ក្លាយ​ជា​កូន​ល្អ​របស់​គ្រួ​សារ​និង​ជា​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​សក្តា​នុ​ពល​របស់​ប្រ​ទេស​ជាតិ​ទៅ​ថ្ងៃ​អនា​គត​។ មាន​ឧទា​ហរណ៍​ងាយ​ៗ​ជា​ច្រើន​ដែល​អាច​បញ្ជាក់​បាន​ថា ​ការ​អប់​រំ​មនុស្ស​ទាម​ទារ​ឲ្យ​មាន​ការ​បង្វឹក​តាំង​ពី​តូច​។

ជាក់​ស្តែង​ ប្រ​សិន​បើ​គេ​មិន​បង្រៀន​ឲ្យ​កុ​មារ​ឲ្យ​ចេះ​សំ​ពះ​សួរ​ឪ​ពុក​ម្តាយ​តាំង​ពី​តូច​ទេ​ដល់​ពេល​ធំ​ឡើង ​ពួក​គេ​ច្បាស់​ជា​មិន​ចេះ​លើក​ដៃ​សំ​ពះ​ឳពុក​ម្តាយ​បាន​ឡើយ​។ ប្រ​សិន​បើ​គេ​មិន​បង្វឹក​ឲ្យ​កុ​មារ​ឲ្យ​ប្រើ​ពាក្យ​ពិរោះ​ពិសារ​តាំង​ពី​តូច​ទេ ​ដល់​ពេល​ធំ​ឡើង​ពួក​គេ​ច្បាស់​ជា​ពិ​បាក​ទម្លាប់​ប្រើ​ពាក្យ​ពេចន៍​ទាំង​នោះ​ណាស់​។ ​ដូច​គ្នា​ដែរ ​ប្រ​សិន​បើ​គេ​មិន​អប់​រំ​កុ​មារ​ឲ្យ​ចេះ​បោះ​សំ​រាម​ចូល​ក្នុង​ធុង​សំ​រាម​និង​ប្រ​សិន​បើ​កុ​មារ​មិន​ត្រូវ​បាន​គេ​បង្រៀន​ឲ្យ​ស្គាល់​ពី​ឫស​គល់​នៃ​វប្ប​ធម៌​របស់​ខ្លួន​បាន​ច្បាស់​ទេ​ ពួក​គេ​ច្បាស់​ជា​មាន​អា​កប្ប​កិ​រិ​យា​រាយ​មាយ​និង​មិន​អាច​ស្គាល់​ខ្លួន​ឯង​ច្បាស់​ឡើយ​។

បច្ចុប្បន្ន​ ប្រ​ទេស​កម្ពុជា​កំ​ពុង​ជួប​ប្រ​ទះ​វិ​បត្តិ​សង្គម​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​សីល​ធម៌​សង្គម​ធ្លាក់​ចុះ​។ ​ដោយ​គ្រាន់​តែ​ក្រ​ឡេក​មើល​សណ្តាប់​ធ្នាប់​ចរា​ចរណ៍​តាម​ដង​ផ្លូវ​គេ​អាច​យល់​បាន​ជាស្រេច​អំ​ពី​កង្វះ​ភាព​ស៊ី​វិ​ល័យ​នៃ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​។ កង្វះ​ភាព​ស៊ី​វិ​ល័យ​ដែល​បណ្តាល​មក​ពី​អា​កប្ប​កិ​រិ​យា​មិន​គោរព​ច្បាប់​។​ ទាំង​ច្បាប់​ច​រា​ចរណ៍​ក៏​ដូច​ជា​ច្បាប់​ផ្សេង​ៗ​ទៀត​ដែរ​។ ម្យ៉ាង​ទៀត ​ការ​បោះ​សំ​រាម​ពាស​វាល​ពាស​កាល​ក៏​នៅ​តែ​ជា​រឿង​មិន​ទាន់​អាច​កែ​ប្រែ​បាន​នៅ​ឡើយ​ដែរ​។ ទីណា​មាន​មនុស្ស​ច្រើន ​សំ​រាម​ក៏​ត្រូវ​បាន​គេ​បោះ​ចោល​គ្មាន​សណ្តាប់​ធ្នាប់​ច្រើន​នៅ​ទី​នោះ​ដែរ​។

ទាំង​នេះ​ជា​ទិដ្ឋ​ភាព​ដែល​គេ​បាន​ជួប​ប្រ​ទះ​ជា​រៀង​រាល់​ថ្ងៃ ​ហើយ​វា​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​សង្គម​អាប់​កិត្តិ​យស​និង​គ្មាន​សណ្តាប់​ធ្នាប់​ប៉ុ​ណ្ណោះ​ទេ ​តែ​វា​ក៏​ជា​គំ​រូ​អា​ក្រក់​ដល់​កុ​មារ​ផង​ដែរ​។ ​សា​លា​រៀន ​គ្មាន​មធ្យោ​បាយ​គ្រប់​គ្រាន់​ដើ​ម្បី​បង្វឹក​កុ​មារ​អំ​ពី​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​ ជា​ពិ​សេស​អំ​ពី​សីល​ធម៌​និង​សុ​ជីវ​ធម៌​ ខណៈ​ដែល​នៅ​ឯ​ផ្ទះ​ ឳ​ពុក​ម្តាយ​ជា​ច្រើន​ជាប់​រវល់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​កូន​ទាល់​តែ​សោះ​។ ​លើស​ពី​នេះ​ទៅ​ទៀត​ គ្រួ​សារ​ខ្មែរ​ជា​ច្រើន​រស់​ក្នុង​អំ​ពើ​ហិ​ង្សា​ជា​ប្រ​ចាំ​ដែល​ធ្វើ​ឲ្យ​កូន​បាក់​ស្បាត​និង​ខូច​ចិត្ត​។

ងាក​ទៅ​មើល​បរិ​ស្ថាន​សង្គម​វិញ កុ​មារ​ក៏​ហាក់​បាន​ទទួល​គំរូ​ល្អ​តិច​ជាង​គំ​រូ​អា​ក្រក់​ដែរ​។ ​គ្រឿង​ស្រ​វឹង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​និង​ផ្សព្វ​ផ្សាយ​គ្រប់​ទិស​ទី​។ ​រឿង​ភាព​យន្ត​គួរ​ឲ្យ​តក់​ស្លុត ​រន្ធត់​និង​ស្រើប​ស្រាល​ត្រូវ​បាន​ដាក់​បញ្ចាំង​តាម​ទូរ​ទស្សន៍​ក្នុង​ម៉ោង​ដែល​កុ​មារ​អាច​មើល​បាន​។ ​ផ្ទុយ​ទៅ​វិញ ​ទី​កន្លែង​កម្សាន្ត​ឫ​ទស្ស​នីយ​ភាព​សិល្បៈ​សម្រាប់​កុមារ​នៅ​មាន​ការ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​។ សា​លា​រដ្ឋ​ក៏​គ្មាន​មធ្យោ​បាយ​រៀប​ចំ​ដំ​ណើរ​កម្សាន្ត​បែប​អប់​រំ​ដល់​កុ​មារ​នោះ​ទេ​។

នៅ​ពេល​ទំ​នេរ​ពី​ការ​សិ​ក្សា ​កុ​មារ​ខ្មែរ​ជា​ពិ​សេស​កូន​អ្នក​ក្រី​ក្រ​គ្មាន​ឱ​កាស​បាន​ទទួល​ការ​កម្សាន្ត​ត្រឹម​ត្រូវ​ទេ​។ ​ផ្ទុយ​ទៅ​វិញ ​ពួក​គេ​បែរ​ជា​ប្រើ​ពេល​វេ​លា​ដើ​ម្បី​ជួយ​រក​លុយ​ឳ​ពុក​ម្តាយ​ថែម​ទៀត​។​ ស្ថាន​ភាព​ទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សេច​ក្តី​ត្រូវ​ការ​ចាំ​បាច់​នូវ​ការ​វិ​និ​យោគ​យ៉ាង​ច្រើន​ទៅ​លើ​កុ​មារ​ដើ​ម្បី​កម្ពុជា​អាច​ក​សាង​ធន​ធាន​មនុស្ស​បាន​រឹង​មាំ​សម្រាប់​ថ្ងៃ​អនា​គត​។ ​ពិតណាស់​ថា ​បរិយា​កាស​សង្គម​និង​នយោ​បាយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ខ្មែរ​ជំ​នាន់​មុន​ជា​ច្រើន​​បាត់​បង់​ឱ​កាស​ក្លាយ​ជា​ធន​ធាន​មនុស្ស​ដ៏​ល្អ​របស់​ប្រទេស​។

មនុស្ស​ខ្មែរ​មួយ​ចំ​នួន​មិន​បាន​ទទួល​ការ​អប់​រំ​ឫ​បាន​បន្តិច​បន្តួច​។ ​ខ្មែរ​ខ្លះ​ទៀត ​ត្រូវ​បាន​អ្នកនយោ​បាយ​បង្វឹក​ឲ្យ​ចេះ​ឃោរ​ឃៅ ​កាប់​សម្លាប់​គ្នា​គ្មាន​ត្រា​ប្រ​ណី​ ចំ​ណែក​អ្នក​ចេះ​ដឹង​ខ្លះ​ត្រូវ​បាន​គេ​សម្លាប់​ចោល​ស្ទើរ​គ្មាន​សល់​។​ អ្នក​នៅ​រស់​រាន​មាន​ជី​វិត​ជា​ច្រើន​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ក្រោយ​ឆ្លង​កាត់​របប​ខ្មែរ​ក្រ​ហម​និង​ឆ្លង​កាត់​ស្ថាន​ភាព​អា​ក្រក់​មួយ​ចំ​នួន​ទៀត​ដែល​នៅ​បន្ត​អូស​បន្លាយ​រហូត​ដល់​បច្ចុ​ប្បន្ន​។

សរុប​មក​វិញ ​មាន​តែ​ការ​បណ្តុះ​ធន​ធាន​មនុស្ស​ថ្មី​ប្រ​កប​ដោយ​គុណ​ភាព​និង​ភាព​ស្អាត​ស្អំ​ទេ​ទើប​ជា​ក្តី​រំពឹង​សម្រាប់​កសាង​ប្រ​ទេស​មួយ​ជឿន​លឿន​ទៅ​ថ្ងៃ​អ​នា​គត​បាន​។ ​នេះ​ជា​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​មួយ​ដែល​គេ​មិន​អាច​មើល​រំ​លង​បាន​ឡើយ​។ ​ក្នុង​ន័យ​នេះ ​ការ​តម្រង់​ទិស​កុ​មារ​គឺ​ជា​សេច​ក្តី​ត្រូវ​ការ​ចាំ​បាច់​ដើ​ម្បី​បំ​ពេញ​ចំ​ណុច​ខ្វះ​ខាត​របស់​កម្ពុជា​ខ្លួន​ឯង​ផង​និង​ក៏​ដូច​ជា​ដើ​ម្បី​ប្រឹង​រត់​ឲ្យ​ទាន់​គេ​ឯង​ក្នុង​តំ​បន់​ផង​។ ​ផ្ទុយ​ទៅ​វិញ ​ប្រ​សិន​បើ​មនុស្ស​ខ្មែរ​ជំ​នាន់​នេះ ​នាំ​គ្នា​យកតែ​រួច​ខ្លួន​មួយ​គ្រា​ៗ​ មិន​ត្រឹម​តែ​គ្មាន​ឫ​ស្សី​រឹង​មាំ​តែ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ ក៏​នឹង​គ្មាន​ទំ​ពាំង​សម្រាប់​ស្នង​ឫស្សី​ផង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ