ភូមា

បោះឆ្នោត​នៅ​ភូមា៖ គណបក្ស​ស្និទ្ធ​នឹង​មេដឹកនាំ​យោធា​កំពុង​នាំមុខ​គេ

ទិដ្ឋភាព​​ក្នុង​ការិយាល័យ​រាប់សន្លឹកឆ្នោត​ នៅល្ងាច​ថ្ងៃ​អាទិត្យ ទី៧ វិច្ឆិកា ២០១០
ទិដ្ឋភាព​​ក្នុង​ការិយាល័យ​រាប់សន្លឹកឆ្នោត​ នៅល្ងាច​ថ្ងៃ​អាទិត្យ ទី៧ វិច្ឆិកា ២០១០ ©REUTERS/Soe Zeya Tun

គណបក្ស​ពីរ ដែល​បង្កើត​ឡើង​ដោយ​អតីត​ឧត្តមសេនីយ៍​​យោធា​ភូមា កំពុង​មាន​សំឡេង​នាំមុខ​គេ ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត នៅ​ថ្ងៃ​ចន្ទ ទី៨ វិច្ឆិកា ២០១០​នេះ។ បណ្តា​ប្រទេស​លោក​ខាងលិច​បាន​រិះគន់​​ការបោះឆ្នោត កាល​ពីថ្ងៃ​អាទិត្យ ម្សិលមិញនេះ​ ថា ជា​ការ​បោះឆ្នោត​មិនត្រឹមត្រូវ​ទៅតាម​ស្តង់ដារ​អន្តរជាតិ។ ចំណែក​ចិន​វិញ បាន​អបអរ​សាទរ ដោយ​ចាត់​ទុក​​ការ​បោះឆ្នោត​​នេះ​ថា​​ជា​​​ជំហានវិជ្ជមាន​មួយ។

ផ្សាយពាណិជ្ជកម្ម

បទវិភាគ​របស់ សេង ឌីណា

គណបក្ស​​របស់​ក្រុម​អតីត​ឧត្តមសេនីយ៍​យោធាភូមា គឺ​ USDP និង NUP (ឈ្មោះ​ហៅកាត់​ជា​ភាសា​អង់គ្លេស) ជា​គណបក្ស ដែល​មាន​​បេក្ខជន​ឈរឈ្មោះ​ច្រើន​ជាង​គេ​បំផុត។ នៅ​មណ្ឌល​ខ្លះ បេក្ខជន​មក​ពី​គណបក្ស​នេះ ឈរ​ឈ្មោះ​តែ​ម្នាក់​ឯង ដូច្នេះ ត្រូវ​​ជាប់ឆ្នោត​ដោយ​ស្វ័យប្រវត្តិ។

គួរ​រំឭកឡើង​វិញ​ថា យោងតាម​រដ្ឋធម្មនុញ្ញ​ថ្មី អាសនៈ​ចំនួន ២៥% ត្រូវ​បាន​ទៅ​ពួក​មេដឹកនាំ​យោធា​ដោយ​ស្វ័យប្រវត្តិ​រួចទៅហើយ តាំង​ពី​មុន​ការបោះឆ្នោត​ម៉្លេះ។ ដូច្នេះ ពួក​មេដឹកនាំ​យោធា​ភូមា ត្រូវ​ការ​សំឡេង​តែ ២៥% + ១ ទៀត​ប៉ុណ្ណោះ នឹង​អាច​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត ដើម្បី​កាន់អំណាច​បាន។

រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន ដូចជា សហរដ្ឋ​អាមេរិក អូស្រ្តាលី អង់គ្លេស បារាំង និង​ជប៉ុន​ ជាដើម បាន​នាំ​គ្នា​រិះគន់​ការ​បោះឆ្នោត​ កាល​ពី​ថ្ងៃ​អាទិត្យ ថា មិន​បាន​ប្រព្រឹត្ត​ទៅ​​ដោយ​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ស្រប​តាម​ស្តង់ដា​រអន្តរជាតិ​នោះទេ។

ផ្ទុយ​ទៅវិញ ចិន​បាន​ថ្លែង​អបអរសាទរ​ការ​បោះឆ្នោត​នេះ ដោយ​ចាត់ទុក​ថា ​ជា​ជំហាន​វិជ្ជមាន​មួយ។ ប្រទេស​​ជិតខាង ជាពិសេស ប្រទេស​ក្នុង​អាស៊ាន នៅ​មិនទាន់​​ឃើញ​មាន​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយទេ។

ជប៉ុន និង​សហភាព​អឺរ៉ុប ថ្វីដ្បិត​តែ​បាន​រិះគន់​ការ​បោះឆ្នោត​​នៅភូមា ក៏ប៉ុន្តែ ក៏​មិន​បាន​ច្រានចោល​ការ​បោះឆ្នោត​នេះ​ទាំងស្រុង​ដែរ។ ផ្ទុយទៅវិញ គេ​បាន​ទាមទារ​ឲ្យ​មេដឹកនាំ​យោធា​ភូមា​​​ខិតខំ​ធ្វើ​យ៉ាងណា​ ប្រែក្លាយ​ការ​បោះឆ្នោត​នេះ ឲ្យ​ទៅ​ជា​ជំហាន​មួយ ឆ្ពោះ​ទៅ​​ធ្វើ​កំណែទម្រង់​នយោបាយ​​ពិតប្រាកដ​មួយ។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​ក៏បាន​អំពាវនាវ​ផងដែរ​ ឲ្យ​មាន​​​ការ​ចរចា​គ្នា​រវាង​​មេដឹកនាំ​យោធា និង​​​​អ្នក​នយោបាយ​ប្រឆាំង ព្រមទាំង​​តំណាង​ជនជាតិ​ភាគតិច​ភូមា។

យោងតាម​ការ​ព្យាករ​ខ្លះ គណបក្ស​ NDF ដែល​ជា​គណបក្ស​ប្រឆាំង​បែកចេញ​ពី​លោកស្រី​អ៊ុង សាន ស៊ូជី អាច​នឹង​ទទួល​បានអាសនៈ ពី ១៨ ទៅ ៣៧ នៅ​ក្នុង​រដ្ឋសភា​ថ្មី។ នៅពេលនេះ គេ​កំពុង​ទន្ទឹងរង់ចាំមើលថា តើ​​មេដឹកនាំ​ភូមា​នឹង​ដោះលែង​លោកស្រី អ៊ុង សាន ស៊ូជី ដែរ​ឬទេ នៅពេល​ផុត​កំណត់​ឃុំខ្លួន ថ្ងៃ​សៅរ៍ ១៣​វិច្ឆិកា ២០១០​ខាងមុខនេះ?

នៅថ្ងៃចន្ទនេះ នៅ​ពេល​ដែល​​ការ​រាប់សន្លឹកឆ្នោត​កំពុង​ប្រព្រឹត្ត​ទៅ ការវាយប្រយុទ្ធគ្នា​ក៏​បាន​ផ្ទុះឡើង រវាង​កងទ័ព​ភូមា និង​ក្រុម​ឧទ្ទាម​ការ៉ែន នៅ​ព្រំដែន​ប៉ែក​ខាង​កើត ជាប់​នឹង​ប្រទេស​ថៃ។ កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​ឧទ្ទាម​ការ៉ែន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ការ​ បោះឆ្នោត ដែល​ពួក​គេ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម។ ការវាយប្រយុទ្ធគ្នា​រវាង​ទាហាន​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​ការ៉ែន​នៅថ្ងៃ​នេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ ៣នាក់​ស្លាប់ និង​ ១១​នាក់​ផ្សេង​ទៀត​រងរបួស។ ជនស៊ីវិល​ភូមា​ប្រមាណ​១ម៉ឺននាក់ បាន​នាំគ្នា​រត់គេច​ចេញ​ពី​ការ​វាយប្រយុទ្ធគ្នា​ភៀសខ្លួន​ចូល​ទៅក្នុង​ ទឹកដីថៃ។

នាយករដ្ឋមន្រ្តី​ថៃ លោក​អាប់ភិស៊ីត វេចាជីវ៉ា បាន​ថ្លែង​ថា ការ​វាយប្រយុទ្ធគ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​ភូមា និង​កងឧទ្ទាមការ៉ែន នៅពេលនេះ អាច​នឹង​​អូសបន្លាយ​ពេល​រហូត​ដល់​រាប់ខែ ពោល​គឺ​ក្នុង​​អំឡុង​ពេល​​ដែល​ភូមា​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI