ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បស្ចិមលោក​បន្ត​រារែក អល់អែក​ក្នុង​ការ​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆំាង​ភូមា

សំឡេង ០៦:៤៥
លោក​ប្រមុខ​ការទូតបារំាង Alain Juppé និង​​លោកស្រី​ប្រមុខ​បក្សប្រឆំាង អ៊ុង សានស៊ូជី
លោក​ប្រមុខ​ការទូតបារំាង Alain Juppé និង​​លោកស្រី​ប្រមុខ​បក្សប្រឆំាង អ៊ុង សានស៊ូជី ©Reuters

នៅ​ថ្ងៃ​ច័ន្ទ ទី១៦ មករា​នេះ លោក​ប្រមុខការទូត​បារំាង Alain Juppé កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​​ក្នុង​ប្រទេស​ភូមា។ បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​លោកស្រី​ប្រមុខបក្សប្រឆំាង អ៊ុង សានស៊ូជី និង​តំណាង​ក្រុម​ជនជាតិ​ភាគតិច​មក នៅ​ថ្ងៃ​នេះ លោក Juppé បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ថេន សេន និង​ថ្នាក់ដឹកនំា​រដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត។

ផ្សាយពាណិជ្ជកម្ម

គិត​តំាង​ពី​ដើម​ខែ​ធ្នូ ឆ្នំា ២០១១ មក​ទល់​ថ្ងៃ​នេះ គឺ​មាន​ប្រមុខការទូត​បស្ចិមលោក​ចំនួន ៣​រូប​ហើយ​ដែល​បាន​ដាក់​ជើង​ជាន់​ទឹកដី​ភូមា។ មុន​គេ​គឺ​លោកស្រី​ប្រមុខការទូត​អាមេរិក Hillary Clinton បន្ទាប់​មក​គឺ​លោក​ប្រមុខ​ការទូត​អង់គ្លេស William Hague និង​ថ្ងៃ​នេះ គឺ​លោក​រដ្ឋមន្រ្តី​ការបរទេស​បារំាង Alain Juppé។ ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​បស្ចិមលោក​ទំាង ៣ រូប​នៅ​ភូមា​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ភូមា​កំពុង​បន្ត​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ សហភាព​អឺរ៉ុប​ដែល​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​របបសឹក​ភូមា​តំាង​ពី​ឆ្នាំ ១៩៩៦ រីឯ​សហរដ្ឋអាមេរិក​វិញ តំាង​ពី​ឆ្នាំ ១៩៩៧។ នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​​នា​ចុង​ឆ្នំា ២០១០ ស្ថានការណ៍​នៅ​ភូមា​បាន​ផ្លាស់ប្តូរ​ច្រើន ពិសេស នៅ​ពេល​ដែល​​របបសឹក​បាន​សម្រេច​រំលាយ​ខ្លួន​ក្នុង​ខែ​មីនា ឆ្នំា ២០១១ ដោយ​ដាក់​ជំនួស​របបស៊ីវិល នោះ​បើ​ទោះ​បី​ជា​មាន​ថ្នាក់ដឹកនំា​ភាគច្រើន ជា​ក្រុម​អតីត​ឧត្តមសេនីយ៍ ដូច​ករណី​លោក ថេន សេន ជា​​ប្រធានាធិបតី​បច្ចុប្បន្ន។

 
គ្រាន់​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក ថេន សេន​បាន​ស្តារ​ឡើង​វិញ​នូវ​​មុខមាត់​ភូមា​នៅ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​នយោបាយ​កំណែទម្រង់​ស៊ីជម្រៅ និង​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លំាង។ បន្ទាប់​ពី​បាន​ដោះលែង​លោកស្រី អ៊ុង សានស៊ូជី និង​អនុញ្ញាត​ឲ្យ​លោកស្រី​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជា​ថ្មី​មក រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏​ក៏​កំពុង​បន្ត​ដោះលែង​អ្នកទោស​ជា​ច្រើន​ពាន់នាក់ ដោយ​មាន​ទំាង​អ្នកទោស​នយោបាយ​ផង។ ចំណុច​នេះ​ហើយ ដែល​បាន​អនុញ្ញាត​ឲ្យ​ថ្នាក់ដឹកនំា​បស្ចិមលោក​ម្តងម្នាក់ៗ​ផ្តើម​ដាក់ជើង​ជាន់​លើ​ទឹកដី​ភូមា​នា​ពេល​នេះ។

បស្ចិមលោក៖ « រដ្ឋាភិបាល​ភូមា​ត្រូវ​បង្ហាញ​បន្ថែម​​ពី​ភាព​ស្មោះត្រង់​របស់​ខ្លួន »

សេចក្តីសង្ឃឹម​របស់​រដ្ឋាភិបាល​ទីក្រុង​ណៃពីដ៏ គឺ​ចង់​ឲ្យ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆំាង​ខ្លួន​ចេញ​វិញ។ តែ​កន្លង​មក លោកស្រី​ប្រមុខការទូត​អាមេរិក ក៏​ដូច​ជា​លោក​ប្រមុខការទូត​អង់គ្លេស និង​បារំាង​ហាក់​ដូច​ជា​មិន​ទាន់​ចង់​លើក​យក​បញ្ហា​នេះ​ទៅ​និយាយ​ទេ។ មូលហេតុ​មក​ពី​បណ្តា​ប្រទេស​ទំាង​នោះ​នៅ​មិន​ទាន់​ទុក​ចិត្ត​របប​ភូមា​ថ្មី ១០០%។ បស្ចិមលោក​យល់​ថា ការ​អនុវត្តន៍​កំណែទម្រង់​នយោបាយ​តែ​ប៉ុន្មាន​ខែ វា​នៅ​មិន​ទាន់​គ្រប់គ្រាន់​ដែល​អាច​ឲ្យ​ជឿ​ទុកចិត្ត​បាន។ ក្រៅ​ពី​ការ​កោតសរសើរ​នូវ​សុឆន្ទៈនយោបាយ​របស់​រដ្ឋាភិបាល​ភូមា​ថ្មី ក្រុម​ប្រទេស​លោកខាងលិច​ចង់​ឲ្យ​ទីក្រុង​ណៃពីដ៏​បង្ហាញ​នូវ​ភស្តុតាង​បន្ថែម​ដែល​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​នៅ​ក្នុង​កំណែទម្រង់​របស់​ខ្លួន។

នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ភូមា​ថ្មី​ត្រូវ​បន្ត​អនុវត្ត ពិសេស នយោបាយ​បង្រួបបង្រួមជាតិ​ជា​មួយ​សហគមន៍​ជនជាតិ​ភាគតិច។ កន្លង​មក គេ​នំា​គ្នា​និយាយ​តែ​ពី​ការ​រំលោភបំពាន​លើ​ក្រុមអ្នកប្រឆំាង តែ​ហាក់​ដូច​ជា​ភ្លេច​ចាប់​អារម្មណ៍​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហគមន៍​ជនជាតិ​ភាគតិច។ គួរ​រម្លឹក​ជូន​​ថា សង្រ្គាមស៊ីវិល​រវាង​រដ្ឋាភិបាល​ភូមា និង​សហគមន៍​ជនជាតិ​ភាគតិច​បាន​ផ្ទុះ​ឡើង​តំាង​ពី​ជាង ៦០ឆ្នំា​មក​ហើយ ពោល​តំាង​ពី​ភូមា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នំា ១៩៤៨។ នេះ​ពិត​ជា​សំណុំរឿង​ដ៏​រសើប​មួយ​ទៀត​ដែល​របបថ្មី​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់។ សំណុំរឿង​នេះ​ក៏​ត្រូវ​បាន​លោកស្រី អ៊ុង សានស៊ូជី​លើក​យក​ទៅ​និយាយ​ជា​មួយ​លោក​ប្រមុខការទូត​បារំាង Alain Juppé ដែរ។

តើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដាក់​ទៅ​លើ​ភូមា​អាច​នឹង​ត្រូវ​លើក​ចេញ​វិញ នា​ពេល​ឆាប់ៗ ឬ​ទេ ?

ប្រសិន​បើ​រដ្ឋាភិបាល​ភូមា​ថ្មី​បន្ត​អនុវត្ត​នយោបាយ​បើក​ចំហ ដោយ​ស្មោះត្រង់​មែន គ្មាន​ហេតុផល​ណា​មួយ​ដែល​គេ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ភូមា​នោះ​ទេ។ បេសកកម្ម​របស់​ថ្នាក់ដឹកនំា​បស្ចិមលោក​បន្តបន្ទាប់​នៅ​ភូមា​ពេល​នេះ គឺ​ដើម្បី​ស្ទាបស្ទង់​មើល​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ភូមា​ថ្មី និង​ជំរុញ​ភូមា​ឲ្យ​បន្ត​ធ្វើ​កំណែទម្រង់​នយោបាយ​របស់​ខ្លួន​បន្ត​ទៀត។ អ្វី​ដែល​បស្ចិមលោក​កំពុង​រង់ចំាមើល​ខ្លំាង គឺ​ការ​បោះឆ្នោត​សភា​ជ្រើសរើស​អ្នកតំណាង​មួយភាគ​នៅ​ខែ​មេសា​ខាង​មុខ។ ការ​បោះឆ្នោត​ដែល​នឹង​ចូលរួម​ដោយ​លោកស្រី អ៊ុង សានស៊ូជី។ លោកស្រី​ស៊ូជី​ដែល​មិន​បាន​បដិសេធ​ពី​ការ​ទទួល​មុខតំណែង​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​ទេ។ សូម​ជម្រាប​ជូន​ថា លោកស្រី អ៊ុង សានស៊ូជី​ធ្លាប់​បាន​ឈ្នះ​ឆ្នោត​សភា​ក្នុង​ឆ្នំា ១៩៩០ តែ​មិន​ត្រូវ​បាន​ក្រុម​ឧត្តមសេនីយ៍​ប្រគល់​អំណាច​ឲ្យ និង​ថែម​ទំាង​បាន​ចាប់​លោកស្រី​ឃុំឃំាង​នៅ​ក្នុង​គេហដ្ឋាន​ទៀត។

យ៉ាង​ណា​ក៏​ដោយ និង​ទោះ​បី​ជា​បញ្ហា​លើក​ទណ្ឌកម្ម នៅ​មិន​ទាន់​បាន​គេ​លើក​យក​ទៅ​និយាយ​ពេញ​មាត់​ក៏​ដោយ ក៏​ភូមា​កំពុង​ដើរ​ផ្លូវ​ត្រូវ ដែល​គ្រប់​គ្នា​បាន​ទទួល​ស្គាល់។ អ៊ីចឹង​ហើយ​បាន​ជា​អាមេរិក អង់គ្លេស និង​បារំាង​បាន​លើក​ឡើង​ពី​បំណង​ចង់​ភ្ជាប់​ទំនាក់ទំនងការទូត​ជាមួយ​ភូមា​ឡើង​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI