អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​យោធា​ភូមា​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា អង្គការ​សិទ្ធិ​មនុស្ស​រិះគន់

សំឡេង ០៦:២៩
ឧត្តមសេនីយ៍ ថាន់ ស្វេ មេដឹកនាំ​របបសឹកភូមា
ឧត្តមសេនីយ៍ ថាន់ ស្វេ មេដឹកនាំ​របបសឹកភូមា ©AFP
ដោយ៖ សេង ឌីណា

ឧត្តមសេនីយ៍ ថាន់ ស្វេ មេដឹកនាំ​របប​សឹកភូមា បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ៥​ថ្ងៃ ទៅកាន់​ប្រទេស​ឥណ្ឌា។ ឥណ្ឌា ដែល​​ជា​ម្ចាស់​ផ្ទះ ទទួល​ឲ្យ​មេដឹកនាំ​យោធា​ភូមា​ធ្វើ​ទស្សនកិច្ច​នេះ បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា ពីសំណាក់​​អង្គការ​សិទ្ធិមនុស្ស​​នានា។ សកម្មជន​សិទ្ធិមនុស្ស​ខ្លះ​ថែម​ទាំង​បាន​​រិះគន់​​​ថា ​ឥណ្ឌា​ក្រាលកម្រាល​ព្រំ​ទទួល​ឧក្រិដ្ឋជន។

ផ្សាយពាណិជ្ជកម្ម

 

នេះ​មិនមែន​ជា​​រឿង​ថ្មី​ទេ ដែល​មេដឹកនាំ​យោធា​ភូមា​​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា។ កន្លង​មក គេ​តែងតែ​សង្កេត​ឃើញ​​​​មាន​ដំណើរ​ទស្សនកិច្ច​​ទៅវិញ​ទៅមក រវាង​មន្រ្តី​ថ្នាក់​កំពូលៗ​​របស់​ប្រទេស​ទាំងពីរ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច នៅពេលនេះ ឧត្តមសេនីយ៍ ថាន់ ស្វេ គ្រោង​ជួប​ជាមួយ​លោក​ ម៉ាន់​ម៉ូហាន់ ​ស៊ីង (Manmohan Singh) នាយករដ្ឋមន្រ្តី​ឥណ្ឌា បន្ទាប់មក ទើប​​ទៅ​មើល​គម្រោង​នានា​​ទាក់ទង​នឹង​វិស័យ​ព័ត៌មាន​វិទ្យា និង​សហគ្រាស​ផលិត​ឱសថ​របស់​ឥណ្ឌា។

ដំណើរ​ទស្សនកិច្ច​របស់​​ឧត្តមសេនីយ៍ ថាន់ ស្វេ នេះ ធ្វើ​ឡើង នៅចំពេល​ដែល​ភូមា​កំពុង​ត្រៀម​រៀបចំ​ធ្វើ​ការ​បោះឆ្នោត​ជាតិ​ជា​លើក​ដំបូង ក្នុង​រយៈពេល​២​ទសវត្សរ៍។ គឺ​ជា​ការ​បោះឆ្នោត ដែល​គេ​កំពុង​បារម្ភ​ថា នឹង​មិន​ប្រព្រឹត្ត​ទៅ​ដោយសេរី និង​យុត្តិធម៌ ពីព្រោះ​ថា លោកស្រី អ៊ុង សាន ស៊ូជី មេដឹកនាំ​ប្រឆាំង​ដ៏ល្បីល្បាញ​របស់​ភូមា ត្រូវ​មេដឹកនាំ​​របបសឹក​ ​បន្ត​ចាប់​ឃុំ​នៅ​ក្នុង​ផ្ទះ ហើយ​ហាមឃាត់​មិន​ឲ្យ​ឈរឈ្មោះ។ សហគមន៍​អន្តរជាតិ​កំពុង​ដាក់​សម្ពាធ​លើ​របប​សឹក​ភូមា​ឲ្យ​ដោះលែង​លោកស្រី​អ៊ុង សាន ស៊ូជី។

ចំណែក​ឥណ្ឌា​វិញ តែងតែ​នៅ​ស្ងាត់ស្ងៀម មិនដែល​និយាយ​ដល់​រឿង​នយោបាយ​ភូមា​នោះទេ។ យោងតាម​មន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឧត្តមសេនីយ៍​ ថាន់ ស្វេ នៅ​ឥណ្ឌា​ ពេលនេះ ក៏​មេដឹកនាំ​ឥណ្ឌា​នឹង​មិនលើក​យក​រឿង​បោះឆ្នោត​នៅ​ភូមា​មក​និយាយ​ដែរ។ របៀបវារៈ​សំខាន់​ គឺ​និយាយ​អំពី​​រឿង​សន្តិសុខ និង​ការ​ធ្វើ​ជំនួញ។

គួរ​បញ្ជាក់ថា ភូមា គឺ​ជា​ប្រទេស​ដែល​សម្បូរ​ធនធាន​ធម្មជាតិ ជាពិសេស រ៉ែ និង​ឧស្ម័ន ដែល​ឥណ្ឌា​​កំពុង​តែ​ត្រូវការ​ខ្លាំង។ នៅពេលនេះ ឥណ្ឌា​កំពុង​តែ​ប្រជែង​ជាមួយ​ចិន ក្នុង​ការ​ដណ្តើម​​ធ្វើ​​អាជីវកម្ម​រ៉ែ និង​ឧស្ម័ន​ នៅ​ភូមា។ ម្យ៉ាងវិញ​ទៀត ឥណ្ឌា​​​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​របប​សឹកភូមា ក្នុង​ការ​ជួយ​បង្រ្កាប​ពួក​ឧទ្ទាម ដែល​មាន​ទីតាំង​នៅ​​ប៉ែក​ឦសាន្ត​ប្រទេស​ឥណ្ឌា ជាប់​ព្រំដែន​ជាមួយ​ភូមា។ មូលហេតុ​ទាំងនេះ​ហើយ ដែល​ចិន និង​ឥណ្ឌា ព្យាយាម​មិន​និយាយ​រិះគន់​របប​សឹកភូមា។

ការ​ដែល​ឥណ្ឌា​ទទួល​ស្វាគមន៍​មេដឹកនាំ​យោធា​ភូមា​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅពេលនេះ បញ្ជាក់​កាន់តែ​ច្បាស់​ថែមទៀត​ អំពី​នយោបាយ​ការបរទេស​​បែប “Realpolitik” របស់​ឥណ្ឌា ពោល​គឺ​ជា​នយោបាយ​ដែល​​​​យក​ផលប្រយោជន៍​ជាតិ​ជា​ធំ ហើយ​ទុក​​បញ្ហា​ឧត្តមគតិ​ជា​​រឿង​បន្ទាប់​បន្សំ។ គេ​សង្កេត​ឃើញ​ថា ឥណ្ឌា​​សុខចិត្ត​ធ្វើ​ការ​រកស៊ី​ជាមួយ​គ្រប់ប្រទេស​ទាំងអស់ ឲ្យ​តែ​អាច​​ផ្តល់​ផលប្រយោជន៍​​​​សេដ្ឋកិច្ច និង​យុទ្ធសាស្រ្ត​ដល់​ឥណ្ឌា គឺ​រាប់​តាំង​ពី​ភូមា រហូត​ដល់​ស៊ូដង់ ដោយ​មិន​គិត​ថា​ប្រទេស​នោះ​មាន​រដ្ឋាភិបាល​ប្រភេទ​ណា​នោះទេ។

អង្គការ​សង្គមស៊ីវិល​ឥណ្ឌា ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា តែងតែ​បាន​រិះគន់​នយោបាយ​របស់​​រដ្ឋាភិបាល​ឥណ្ឌា​ចំពោះ​របប​សឹកភូមា។ គេ​បាន​លើក​ឡើង​ថា ឥណ្ឌា គឺ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏ល្បីល្បាញ​មួយ។ ឥណ្ឌា​មិន​អាច​ទៅ​គាំទ្រ​របប​ផ្តាច់ការ​យោធា​នៅ​ភូមា​​បែបនេះ​បានទេ។

នៅ​ថ្ងៃ​នេះ មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី នៃ​សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ (FIDH) ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ារីស បាន​រិះគន់​រដ្ឋាភិបាល​ឥណ្ឌា​ថា ក្រាលកម្រាលព្រំ​ទទួល​ស្វាគមន៍​ឧក្រិដ្ឋជន។

ក៏ប៉ុន្តែ រដ្ឋាភិបាល​ឥណ្ឌា​តែងតែ​បាន​លើក​ឡើង​ថា បញ្ហា​នយោបាយ សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ នៅ​ភូមា គឺ​ជា​រឿង​របស់​ភូមា ដែល​​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ភូមា​ជា​អ្នក​គិតគូរ​ដោយ​ខ្លួនឯង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ