វិបត្តិកាស្មៀរ៖ ឥណ្ឌា-ប៉ាគីស្ថាន ឈានដល់ជម្លោះការទូត និងសេដ្ឋកិច្ច
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
«កាស្មៀរ ជាកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌា!» នេះជាចម្លើយតបរបស់ឥណ្ឌាទៅនឹងប្រតិកម្មរបស់ប៉ាគីស្ថាន ដែលបានបណ្តេញឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំទីក្រុងអ៊ីស្លាម៉ាបាដ ចេញពីប្រទេស។ ជាការព្រមាន ប៉ាគីស្ថានទាមទារគ្រប់គ្រងតំបន់កាស្មៀរទាំងស្រុង ដោយបានចាត់វិធានការសេដ្ឋកិច្ច និងការទូតយ៉ាងចាស់ដៃ។ រឿងនេះ គឺកើតឡើងតែពីរថ្ងៃក្រោយសេចក្តីសម្រេចរបស់រដ្ឋាភិបាលឥណ្ឌាដកស្វ័យភាពតំបន់កាស្មៀរ។ ទោះបីយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន អះអាងថានឹងមិនយកយោធាដោះស្រាយជម្លោះនេះឡើយ។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា បានលើកឡើង នៅថ្ងៃព្រហស្បតិ៍ ទី៨សីហា ថាព្រឹត្តិការណ៍ទាំងឡាយដែលកើតឡើងនៅតំបន់កាស្មៀរ គឺវាស្របតាមរដ្ឋធម្មនុញ្ញឥណ្ឌា ចែងពីឯករាជជាតិ ត្រង់ មាត្រា៣៧០ ហើយនេះ គឺជាកិច្ចការផ្ទៃក្នុងរបស់ឥណ្ឌាសុទ្ធសាធ។ បន្ថែមលើអំណះអំណាងនេះ នាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រា ម៉ូឌី នឹងថ្លែងសារបំភ្លឺបញ្ជាក់ជាថ្មីម្តងទៀតទៅកាន់ប្រជាជាតិ ជុំវិញសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ដែលទាញយកតំបន់កាស្មៀរមកគ្រប់គ្រង។
នៅថ្ងៃចន្ទទី៥សីហា ដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីឥណ្ឌា បានចេញក្រឹត្យប្រកាសលុបចោលលក្ខន្តិកៈពិសេសតំបន់ Jammu និងកាស្មៀរ ហើយដកស្វ័យភាពគ្រប់គ្រងតំបន់កាស្មៀរ មកដាក់ក្រោមការត្រួតត្រារបស់រដ្ឋបាលសហព័ន្ធឥណ្ឌាវិញ។ សេចក្តីសម្រេចនេះ ធ្វើឱ្យប៉ាគីស្ថានក្តៅស្លឹកត្រចៀកជាខ្លាំង។ ជាប្រតិកម្មឆ្លើយតបយ៉ាងក្តៅនិងជាបន្ទាន់ ប៉ាគីស្ថាន បានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគជាមួយឥណ្ឌា។ ហើយក្រៅពីផ្តាច់ចំណងសេដ្ឋកិច្ច, ប៉ាគីស្ថាន ថែមទាំងដាច់ផ្តាច់ចំណងទូតថែមទៀត ដោយដេញឯកអគ្គរដ្ឋទូតឥណ្ឌាឱ្យចេញពីក្រុងអ៊ីស្លាម៉ាបាដ ហើយកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅក្រុងញូវដេលី ឱ្យត្រឡប់ចូលស្រុកវិញ។ ពលរដ្ឋប៉ាគីស្ថានមួយចំនួន បានធ្វើបាតុកម្មមិនសប្បាយចិត្ត ហើយដុតទង់ជាតិឥណ្ឌាចោលថែមទៀតផង។
គួរជ្រាបថា អស់៥ថ្ងៃមកហើយ ដែលពលរដ្ឋនៅតំបន់កាស្មៀរត្រូវនៅឯកាពីពិភពលោក។ ប្រព័ន្ធទាក់ទងគ្នា ទូរទស្សន៍ ទូរសព្ទ អ៊ិនធឺរណែត វ៉ាយហ្វាយ ត្រូវរដ្ឋាភិបាលឥណ្ឌាកាត់ផ្តាច់មួយរយៈ ក្រោមហេតុផលទប់ទល់កុំឱ្យចលាចល។ ការធ្វើដំណើរត្រូវហាមឃាត់ និងរឹតត្បិតយកតែមែនទែន។ ប៉ូលីស និងយោធាឥណ្ឌា ត្រូវដាក់ពង្រាយយាមល្បាតយ៉ាងតឹងតែង។ ក្នុងរយៈពេល៤-៥ថ្ងៃនេះ អាជ្ញាធរឥណ្ឌា បានចាប់ឃាត់ខ្លួនមនុស្ស ជាង៥០០រយនាក់ ដែលបើតាមដំណឹងពីកាសែតក្នុងស្រុក បញ្ជាក់ថា អ្នកទាំងនោះ មានភាគច្រើនផង ជាអ្នកនយោបាយ តំណាងរាស្ត្រ និងគ្រូបង្រៀនជាដើម។
តែយ៉ាងណាក៏ដោយ ដើម្បីរឹតបន្តឹងសន្តិសុខ រដ្ឋអំណាចឥណ្ឌា បានដាស់តឿនឱ្យក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល ដែលជិះកាត់ផ្ទៃអាកាសរបស់ឥណ្ឌានិងប៉ាគីស្ថាន ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដ្បិតថា យន្តហោះ អាចជាផ្ទាំងស៊ីបនៃអំពើភេរវកម្មផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ