អានតួអត្ថបទ
បារាំង

អាជ្ញាធរ​​បារាំង​ចាប់ផ្តើម​​​​ជម្លៀស​​ជនអន្តោប្រវេសន៍​​ពី​​តំបន់​​កាឡេ​ ក្បែរ​​ព្រំដែន​​​​អង់គ្លេស​​​​​ ថ្ងៃចន្ទ​នេះ​

ជំរុំ​ជនភៀសខ្លួន នៅ​តំបន់​កាឡេ ភាគខាងជើង​បារាំង
ជំរុំ​ជនភៀសខ្លួន នៅ​តំបន់​កាឡេ ភាគខាងជើង​បារាំង AP Photo/ Michel Spingler
ដោយ៖ ព្រំ សឿន សូលីណា
១៣ នាទី

ព្រឹក​ថ្ងៃចន្ទ២៤តុលា​នេះ​​នេះ ​អាជ្ញាធរ​បារាំង​ចាប់ផ្តើម​ជម្លៀស​ជនអន្តោប្រវេសន៍​ចេញ​ពី​ជំរំុំ​នៅ​​តំបន់​កាឡេ​ ភាគខាងជើង​ ទល់​​​ព្រំដែនជាមួយ​​អង់គ្លេស។ ​ជន​អន្តោប្រវេសន៍​​ពី​​៦០០០នាក់ ទៅដល់​​ជាង​៨០០០នាក់ នៅ​ទីនោះ​ ​​នឹង​ត្រូវ​បែងចែក​អោយ​ទៅ​រស់នៅ​​តាម​ទីកន្លែង​ផ្សេងៗ នៅ​ទូទាំង​ប្រទេស​បារាំង។ ​ 

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​បារាំង​បា​នសម្រេចចិត្ត​អោយ​​ជម្លៀស​ជនអន្តោប្រវេសន៍ចេញពី​តំបន់កាឡេ​ភាគខាងជើង​​ កាលពី​ចុងខែ​កញ្ញា។ ​ចាប់ពី​ថ្ងៃចន្ទ​២៤តុលា​នេះ​ រហូត​ដល់​ថ្ងៃពុធ ​រថយន្ត​​​១៤៥គ្រឿង ​​ត្រូវ​​​ដឹក​​ជន​អន្តោប្រវេសន៍​ ​​នៅ​តំបន់កាឡេ ភាគខាងជើង​បារាំង​ ​ឆ្ពោះ​ទៅ​​មណ្ឌល​ទទួល​ជនអន្តោប្រវេសន៍​បណ្តោះអាសន្ន ​ជិត​៣០០កន្លែង នៅ​ទូទាំង​ប្រទេស​បារាំង។ រដ្ឋាភិបាលបារាំង​​​ប្រាប់ថា បានត្រៀម​​ទីកន្លែង​ស្នាក់នៅ​សម្រាប់ពួកគេ​រួចហើយ។

អាជ្ញាធរ​បារាំង​សង្ឃឹមថា ការជម្លៀស​អាចប្រើពេល​​​ត្រឹម​តែ​១សប្តាហ៍​ប៉ុណ្ណោះ។ ​ថ្ងៃអាទិត្យ​ម្សិលមិញ អាជ្ញាធរ​បានចុះ​ទៅ​ជំរុំ​កាឡេ​ផ្តល់ដំណឹង​ដល់​ជនអន្តោប្រវេសន៍ ពី​​សកម្មភាព​ជម្លៀស​ និងជំរុញ​ពួកគេ​​អោយ​​សម្រេចចិត្ត​ម៉ឹងម៉ាត់ ថា​នឹង​ចេញ​ពី​ជំរុំកាឡេ​នេះ។

ជនអន្តោ​ប្រវេសន៍​នៅ​តំបន់​កាឡេ​ភាគខាងជើង​បារាំង​ ភាគច្រើន​ មកពី​​អាហ្វហ្កានីស្ថាន ​ស៊ូដង់ រឹ​ក៏​អេរីត្រេ។ ​ពួកគេ​​ចង់​​​​​ឆ្លងសមុទ្រ​ ចេញ​ពី​បារាំង​​ ឆ្ពោះ​ទៅ​ប្រទេស​អង់គ្លេស​ក្បែរនោះ។ រដ្ឋាភិបាល​​អង់គ្លេស ​បាន​ស្រុះស្រួល​ព្រម ទទួល​យក​​​អនិតិជន​​​នៅ​កាឡេ​មួយចំនួន​ ដែល​មា​នសាច់ញាតិ​ក្នុង​ទឹកដី​អង់គ្លេស អោយ​ទៅ​រស់នៅ​អង់គ្លេស។

មិនដឹងថា ​ការ​ជម្លៀស​ជនអន្តោប្រវេសន៍​ពី​តំបន់​កាឡេ​សប្តាហ៍​នេះ ដំណើរការ​យ៉ាងណាទេ ព្រោះ​មាន​ទីក្រុងបារាំង​​មួយចំនួន​មិនពេញចិត្ត​ផែនការ​បែងចែក​​ជនអន្តោប្រវេសន៍​​របស់​រដ្ឋាភិបា​លបារាំង​ទេ។​​

ក្រៅពីនេះ ​បារាំង​​បារម្ភ​ពី​បញ្ហា​សន្តិសុខ និង​ការប៉ះទង្គិច​ផ្សេងៗ ​ករណី​​មាន​​ជន​អន្តោ​ប្រវេសន៍​​​​រឹងរូស ​មិនព្រម​ចេញ​ពី​ជំរុំ​តាម​ការ​ចាត់ចែង​​របស់​អាជ្ញាធរ។ ​លើសពីនេះ ​នៅ​តំបន់​កាឡេ សព្វថ្ងៃ មាន​ចលនា​គាំទ្រ​ជនអន្តោប្រវេសន៍​មួយក្រុម​​ មាន​មនុស្ស​ជាង​១៥០នាក់ ឈ្មោះថា ​“No Border” ប្រែថា គ្មាន​ព្រំដែន។ ចលនានេះ​ទាមទារ​អោយ​លុបចោល​ព្រំដែន ដើម្បី​ដោះស្រាយ​​បញ្ហា​​​ជន អន្តោប្រវេសន៍។ ​កាលពី​ថ្ងៃពុធ​ សកម្មជន​ចលនាគ្មាន​ព្រំដែន​មួយនេះ​​ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ