អ្នកនយោបាយ៥រូបដែលបានសិទ្ធិធ្វើនយោបាយឡើងវិញថា មិនបង្កើតបក្សថ្មីឬចូលរួមបក្សណាមួយឡើយ
អ្នកនយោបាយ៥រូបជាអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ បានធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ នៅសណ្ឋាគារសាន់វ៉េ ដើម្បីបញ្ជាក់ពីគោលជំហររបស់ពួកគេ បន្ទាប់ពីបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ក្នុងសន្និសីទដែលដឹកនាំដោយអ៊ូ ច័ន្ទរ័ត្ន នោះ អ្នកនយោបាយទាំង៥រូប បានបង្ហាញជំហរបស់ខ្លួនថា ពួកគេនឹងមិនទៅបង្កើតគណបក្សថ្មី ឬទៅចុះចូលជាមួយគណបក្សនយោបាយណាមួយដែលមានស្រាប់ឡើយ។
ចុះផ្សាយនៅថ្ងៃ៖
យោងតាមសេចក្តីការណ៍ ក៏ដូចជាការប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា គោលជំហររបស់អ្នកទាំង៥ ដែលបានសិទ្ធិធ្វើនយោបាយឡើងវិញ គឺនៅតែបន្តទាមទារ ឲ្យដោះលែង លោក កឹម សុខា ដើម្បីឲ្យមានឱកាសដឹកនាំសកម្មភាពនយោបាយឡើងវិញ ហើយបន្តទាមទារឲ្យរដ្ឋាភិបាលពិចារណាផ្តល់តំណែងក្រុមប្រឹក្សាឃុំ សង្កាត់ ដល់អតីតគណបក្សសង្រ្គោះជាតិ និងចង់ឲ្យមានការផ្សះផ្សារជាតិ ដោយប្រើប្រាស់វប្បធម៌សន្ទនាដែលជាគំរូដល់អ្នកជំនាន់ក្រោយ។
ឆ្លើយតបនឹងសំណួរអំពីការបែកបាក់ផ្ទៃក្នុងអតីតគណបក្សសង្រ្គោះជាតិកាន់តែខ្លាំង នៅពេលអ្នកទាំង៥ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា បើសិនជាលោកមិនស្នើសុំសិទ្ធិធ្វើនយោបាយវិញ គឺមិនអាចបង្រួបបង្រួមផ្ទៃក្នុងគណបក្សនេះបានឡើយ។ ជាមួយគ្នានោះ លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានបដិសេធចំពោះការចោទប្រកាន់ថាលោកលក់ឧត្តមគតិ ឬលក់ខ្លួនឲ្យគណបក្សប្រជាជនកម្ពុជា ហើយថាអ្នកទាំង៥ក៏មិនទៅបង្កើតគណបក្សថ្មីឬទៅចូលរួមជាមួយគណបក្សនយោបាយណាមួយឡើយ ពោលគឺពួកគេគ្រាន់តែប្រើសិទ្ធិជាអ្នកនយោបាយចុះជួបសកម្មជននៅតាមមូលដ្ឋានដូចពីមុន។
ទាក់ទងនឹងការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះបានថ្លែងថា អ្នកដែលទទួលបាននីតិសម្បទានយោបាយឡើងវិញគឺ ត្រូវផ្តល់សិទ្ធិឲ្យពួកគេឲ្យបានពេញលេញក្នុងការធ្វើសកម្មភាពនយោបាយ។ ហើយលោកបានព្រមានថាអ្នកនយោបាយដែលមិនទាន់ទទួលបាននីតិសម្បទានយោបាយឡើងវិញ គឺមិនអាចធ្វើសកម្មភាពនយោបាយបាននោះទេ។ បើធ្វើសកម្មភាពនយោបាយនឹងត្រូវប្រឈមមុខនឹងច្បាប់។
ក៏ប៉ុន្តែលោក សម រង្ស៊ី បានចាត់ទុកសមាជិកអតីតគណបក្សសង្រ្គោះជាតិដែលទៅសុំសិទ្ធិធ្វើនយោបាយនោះថា ជាមនុស្ស «ក្បត់បក្ស»។
សូមបញ្ជាក់ថា មកទល់ពេលនេះ គឺមានអ្នកនយោបាយចំនួន៩រូបប៉ុណ្ណោះ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ នៅក្នុងចំណោមអ្នកនយោបាយរបស់អតីតគណបក្សង្រ្គោះជាតិចំនួន១១៨រូប ដែលត្រូវបានហាមឃាត់ធ្វើនយោបាយ៥ឆ្នាំ បន្ទាប់ពីច្បាប់ស្តីពីការផ្តល់សិទ្ធិនយោបាយដល់ក្រុមប្រឆាំងឡើងវិញ ត្រូវបានប្រកាសឲ្យប្រើកាលពីខែមករាកន្លងទៅនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ