អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នកវិភាគ​៖ ​ការ​ដោះ​លែង​ លោក ​ញឹក ​ប៊ុនឆៃ ​ជា​ផ្នែក​មួយ​ជួយ​បន្ថយ​ភាព​តាន​តឹង​ខាង​នយោបាយ​

លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្ស​ខ្មែរ​រួបរួម​ជាតិ @RFI
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

អ្នកវិភាគ​បាន​លើក​ឡើង​ថា ​ការ​ដោះលែង​ លោក​ ញឹក​ ប៊ុនឆៃ​ អតីត​ប្រធាន​គណ​បក្ស​​ខ្មែរ​រួប​រួមជាតិ​ គឺ​ជាយន្តការ​មួយ​ផ្នែក​ ជួយ​បន្ថូរ​បន្ថយ​ភាព​​តាន​​តឹង​​ខាង​នយោបាយ​​ ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​​ជិត​ចូល​មក​ដល់​។ ​ប៉ុន្តែ​អ្នក​វិភាគ​​ដដែល​យល់ថា​​ ស្ថាន​ភាព​​បច្ចុប្បន​នេះ នៅមិន​ទាន់​មាន​ប្រជាធិប​តេយ្យ​ពេញលេញ​ទេ ​ដោយសារ​តែ​​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅតែ​​ជាប់​​ឃុំ​​ដដែល​។ ​

ផ្សាយពាណិជ្ជកម្ម

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា បានកត់​សំគាល់ថា បើ​ទោះ​បី​ជា​មានការ​ដោះលែង​លោក ញឹក ប៊ុនឆៃ ដែល​ជាសញ្ញាបន្ធូរបន្ថយ​ភាព​តាន​តឹង​ផ្នែក​នយោបាយក៏ដោយ​តែ​លោក​យល់ថា ការ​អនុវត្តសិទ្ធិ​នយោបាយ​នៅតែមាន​ភាព​ខុស​គ្នា។ ភាពខុសគ្នាព្រោះថា លោក ញឹក ប៊ុនឆៃ ជា​អតីត​អ្នក​នយោបាយ​​គាំទ្រ​រដ្ឋាភិបាល​​ត្រូវ​បាន​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្នុង​​សំណុំ​រឿង​ឧក្រិដ្ឋ​​កម្ម​គ្រឿង​​​ញៀន ប៉ុន្តែ​​លោក កឹម សុខា ប្រធាន​​អតីត​​គណបក្ស​សង្រ្គោះ​ជាតិ នៅ​តែ​បន្ត​ជាប់​ឃុំ​ក្នុង​​ក្រោម​​ការ​​ចោទ​ថា​«ក្បត់​ជាតិ»។ នេះ​​​បើ​​តាម​លោកឯម សុវណ្ណារ៉ា។

យ៉ាង​ណា​ក៏​ដោយ លោក ឯម សុវណ្ណារ៉ា វិភាគ​ថា លោក ញឹក ប៊ុនឆៃ នៅ​តែ​ពិបាក​​វិល​​ទៅ​ដឹក​នាំ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​វិញ ខណៈ​តុលាការ​​មិន​បាន​ទម្លាក់​​ចោល​ការ​​ចោទ​​ប្រកាន់​ទាំង​ស្រុង​នៅ​ឡើយ​នោះ។

សូម​រំឮក​ថា លោក ញឹក ប៊ុនឆៃ ត្រូវ​​បាន​​តុលាការ​​​ចេញ​​ដីកា​​​ដោះ​​លែង​​​​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន នៅថ្ងៃចន្ទនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បាន​​ឃុំខ្លួន៩ខែមក ពាក់​ព័ន្ធ​​នឹង​​បទ​ល្មើស​គ្រឿង​ញៀន ​កាល​ពី​១០ឆ្នាំមុន។

ប៉ុន្តែក្នុងដីបង្គាប់ដដែល តុលាការ មិនបានបញ្ជាក់ពីមូលហេតុនៃការអនុញ្ញាតឲ្យ លោក ញឹក ប៊ុនឆៃ បាននៅក្រៅឃុំនោះទេ តែថាដាក់ឲ្យស្ថិតក្រោមការ​ត្រួត​ពិនិត្យ​ពីបទ «សម​គំនិត​ផលិត​គ្រឿង​ញៀន​និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន» ដែល​បាន​ប្រព្រឹត្តិ​ឡើង​​នៅ​​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០០៧។

ការ​ចាប់​ខ្លួន​អតីត​​ឧបនាយក​រដ្ឋមន្ត្រី​​រូប​នេះ បាន​កើត​​ឡើង​​បន្ទាប់​​ពី​​លេច​​ធ្លាយ​​ដំណឹង​ថា ឧត្ដមសេនីយ៍​ផ្កាយ៤​រូប​នេះ មាន​បំណង​​ចុះ​​ចូល​​ជាមួយ​​អតីត​គណបក្ស​​សង្គ្រោះ​​ជាតិ មុន​បោះ​ឆ្នោត​​ឃុំ-សង្កាត់​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​មុន ដែល​​​នាំ​ឲ្យ​មាន​ការ​ចោទ​ថា លោក​មិន​ស្មោះ​ត្រង់​នឹង​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ លោក ញឹក ប៊ុនឆៃ បានបដិសេធភ្លាមៗ និងធ្លាប់​បាន​សារភាព​កំហុស ដោយ​ថា​លោក​​បាន​​​ប្រព្រឹត្ត​​មិន​គប្បី​ចំពោះលោក ហ៊ុន សែន ហើយ​នាំមក​នូវការលំបាក​និង​ខូច​ខាត​​ប្រយោជន៍​​​រួ​មរបស់​គណបក្ស​ខ្មែររួបរួមជាតិ។

ក្រោយចាប់ខ្លួន លោក ញឹក ប៊ុនឆៃ បានប្រកាសលាលែងពីប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយ​លោក សឹង្ហ គិរី ជាអ្នកឡើងជំនួសវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ