អាកាសយានិកស្លាប់ក្នុងឧប្បតិ្តហេតុធ្លាក់យន្តហោះត្រូវបូជាយប់ថ្ងៃអាទិត្យនេះ
ពិធីបូជាសពអាកាសយានិកខ្មែរដែលរងគ្រោះថ្នាក់ស្លាប់ក្នុងឧប្បត្តិហេតុ ធ្លាក់យន្តហោះក្នុងប្រទេសឡាវ កាលពីថ្ងៃពុធ នឹងត្រូវរៀបចំធ្វើនៅយប់ថ្ងៃអាទិត្យនេះ បន្ទាប់ពីសាកសពត្រូវបានគេបញ្ជូនតាមយន្តហោះមកដល់កម្ពុជា កាលពីរសៀលថ្ងៃសៅរ៍។ នេះគឺជាការបាត់បង់អាកាសយានិកខ្មែរ ដែលកំពុងតែមានចំនួនតិចរួចហើយនោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅយប់ថ្ងៃអាទិត្យទី២០តុលានេះ ក្រុមគ្រួសារ និងមិត្តភក្តិនៃអាកាសចរណ៍ស៊ីវិល នឹងរៀបចំពិធីបូជាសពលោក យួង សំ អាកាសយានិកខ្មែរដែលបានស្លាប់ក្នុងឧប្បត្តិហេតុ ធ្លាក់យន្តហោះក្នុងប្រទេសឡាវ។ ពិធីបុណ្យដែលត្រូវប្រារព្ធធ្វើនៅគេហដ្ឋានសពក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ពិធីបុណ្យបូជាសពត្រូវបានធ្វើឡើង បន្ទាប់ពីសពអាកាសយានិកយួង សំត្រូវបានបញ្ជូនមកដល់កម្ពុជាតាមយន្តហោះ កាលពីថ្ងៃសៅរ៍។
លោក យួង សំ អាកាសយានិកខ្មែរដែលបម្រើការងារអោយក្រុមអាកាសចរណ៍ឡាវជិត៣ឆ្នាំមកហើយនោះ បានជួបគ្រោះថ្នាក់ នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ កាលពីល្ងាចថ្ងៃពុធក្នុងសប្តាហ៍នេះ បន្ទាប់ពីបានជួបអាកាសធាតុអាក្រក់។ យន្តហោះដែលបានធ្លាក់ចូលក្នុងទន្លេមេគង្គបានធ្វើមនុស្ស៤៩នាក់ មកពីប្រទេសចំនួន១០ផ្សេងគ្នាស្លាប់ទាំងអស់។ យន្តហោះបានចេញដំណើរពីទីក្រុងវៀងច័ន្ទ មកខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ ដែលជាតំបន់ទេសចរណ៍។
ប្រធាននាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពនៃអាកាសចរណ៍ស៊ីវិលកម្ពុជា លោក ម៉ក់ សំអុល បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការបាត់បង់លោក យួង សំ អាកាសយានិកខ្មែរ គឺជាការបាត់បង់ធនធានមនុស្សរបស់អាកាសចរណ៍ខ្មែរ។ មន្ត្រីអាកាសចរណ៍ស៊ីវិលរូបនេះបានបញ្ជាក់ថា សព្វថ្ងៃនេះ អាកាសយានិកខ្មែរមានចំនួន១៧នាក់ប៉ុណ្ណោះ ដែលកំពុងបំពេញការងារនៅតាមក្រុមហ៊ុនអាកាសចរណ៍បរទេសនានា ដូចជា ក្រុមហ៊ុនអាកាសចរណ៍ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍កូរ៉េជាដើម។
នៅទីកន្លែងកើតហេតុធ្លាក់យន្តហោះ នៅក្នុងប្រទេសឡាវឯណោះវិញ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដោយមានកិច្ចសហការជាមួយក្រុមអ្នកជួយសង្គ្រោះរបស់ថៃ និងក្រុមហ៊ុនស៊ើបអង្កេតចម្រុះ បារាំង អ៊ីតាលីផងបានរកឃើញសាកសពចំនួន៣២នាក់ ក្នុងចំណោមមនុស្សនៅលើយន្តហោះទាំងអស់៤៩នាក់នោះ។ មកដល់ថ្ងៃសៅរ៍ម្សិលមិញ ក្រុមការងារទាំងនេះទើបតែបានកំណត់អត្តសញ្ញាណសាកសពបានចំនួន១៤នាក់ប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ