អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គ្រោះ​ថ្នាក់​ថ្មី​របស់​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម

សំឡេង ០៥:០៤
ក្នុង​ផ្នត់​គំនិត​យុវជន​ខ្មែរ​ខ្លះ​ គ្មាន​សង្សារ​គឺ​ជា​ការ​ខ្មាសអៀន​
ក្នុង​ផ្នត់​គំនិត​យុវជន​ខ្មែរ​ខ្លះ​ គ្មាន​សង្សារ​គឺ​ជា​ការ​ខ្មាសអៀន​ RFI/Siv Channa
ដោយ៖ ប៉ែន បូណា
២៨ នាទី

នៅ​កម្ពុជា យុវវ័យ​ដែល​កើត​ក្រោយ​សម័យ​សង្គ្រាម​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​សំណាង​ខ្លាំង​ណាស់​បើ​ធៀប​ទៅ​នឹង​មនុស្ស​សម័យ​មុន​ៗ​ដែល​ភាគ​ច្រើន​បាន​បាត់​បង់​ទាំង​ស្រុង​នូវ​កុមារ​ភាព​ឬ​យុវភាព​របស់​ខ្លួន​ដោយ​សារ​សង្គ្រាម​ស៊ីវិល។ យុវវ័យ​សម័យ​នេះ​កើត​មក​ដោយ​មិន​បាន​រត់​លូន​គេច​គ្រាប់​កាំភ្លើង​ដូច​រាមច្បង​សម័យ​មុន​ឡើយ។ ប៉ុន្តែ យុវវ័យ​សម័យ​ថ្មី​ជា​ច្រើន​មិន​បាន​ទាញ​យក​ប្រយោជន៍​ពី​ស្ថានភាព​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​បាន​សម​ស្រប​ទេ។ នេះ​គឺជា​បញ្ហា​ប្រឈម​ថ្មី​របស់​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម។

ផ្សាយពាណិជ្ជកម្ម

កម្ពុជា​ទើប​តែ​បាន​ស្គាល់​សន្តិភាព​ពេញ​លេញ​ទូទាំង​ប្រទេស​ចាប់​ពី​ឆ្នាំ​១៩៩៨​តែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ក្រុម​ខ្មែរ​ក្រហម​ចុង​ក្រោយ​បាន​យល់​ព្រម​ធ្វើ​សមាហ​រណកម្ម​ទាំង​ស្រុង​ជា​មួយ រដ្ឋា​ភិបាល។ យុវវ័យ​ដែល​ធំ​ដឹង​ក្តី​ឡើង​ក្នុង​សម័យ​សន្តិភាព​ឬ​ហៅថា«ក្មេង​ក្រោយ​សង្គ្រាម» មាន​សំណាង​ណាស់​ដោយ​ហេតុថា ពួក​គេ​មិន​ត្រឹម​តែ​មិន​បាន​រត់​លូន​គេច​ពី​គ្រាប់​ផ្លោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ហាក់​មាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​ទទួល​យក​កាលា​នុវត្ត​ភាព​ថ្មី​។

 
ទោះជា​យ៉ាង​នេះ​ក្តី យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម​ហាក់​មិន​បាន​ទាញ​យក​ប្រយោជន៍​ពី​សម័យ​សន្តិភាព​ឲ្យ​បាន​សម​ស្រប​ឡើយ​។ ជាក់​ស្តែង សម្រាប់​កូន​អ្នក​មាន​និង​មធ្យម ពួក​គេ​មាន​អ្វី​ៗ​គ្រប់​យ៉ាង​គឺ​មាន​ទាំង​ឱកាស ទាំង​ចំណី​អាហារ​ដ៏​សម្បូរ​បែប រីឯ​សាលា​រៀន​ក៏​សម្បូរ​បែប​និង​នៅ​ក្បែរ​ផ្ទះ​ថែម​ទៀត។ ប៉ុន្តែ គួរ​ឲ្យ​សោក​ស្តាយ ក្រុម​យុវវ័យ​កូន​អ្នក​មាន​លទ្ធ​ភាព​ទាំង​នោះ​មួយ​ចំនួន​បែរ​ជា​បណ្តោយ​ខ្លួន​ឲ្យ​ភាព​ភ្លើត​ភ្លើន​អូស​ទាញ​ទៅ​វិញ​។

ចំណែក​ឯ​កូន​អ្នក​ទី​ទ័លក្រ​និង​អ្នក​រស់​នៅ​តំបន់​ជន​បទ​ក៏​មិន​អាច​ទាញ​យក​ប្រយោជន៍​ពី​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​បាន​ដែរ​ពី​ព្រោះ​តែ​ពួក​គេ​ខ្វះ​លទ្ធភាព​និង​ខ្វះ​មធ្យោបាយ​គ្រប់​បែប​យ៉ាង។ ពោល​គឺ​កាលា​នុវត្តភាព​សង្គម​បាន​ដើរ​ហួស​ទៅ​មុខ​យ៉ាង​ឆ្ងាយ​ចោល​ពួក​គេ​បាត់​ទៅ​ហើយ។ ភាព​ក្រីក្រ កង្វះ​សាលា​រៀន និង​គម្លាត​រវាង​ទីក្រុង​និង​ជនបទ​បាន​ធ្វើ​ឲ្យ​កូន​អ្នកស្រែ​ជាច្រើន​មិន​អាច​អភិវឌ្ឍន៍​ខ្លួន​បាន​ឆ្ងាយ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ឡើយ។

ជាការ​ពិត​ណាស់ មនុស្ស​ដែល​កើត​សម័យ​សង្គ្រាម ជា​ពិសេស​អ្នក​ដែល​បាន​ធំ​ដឹងក្តី​ឡើង​ក្នុងសម័យ​ខ្មែរក្រហម​បាន​បាត់បង់​កុមារភាព ឬ​យុវភាព​របស់​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង។ ពួកគេ​បាន​ធំ​ដឹងក្តី​ឡើង​នៅ​ពេល​ដែល​ប្រទេស​ជាតិ​ឆ្លង​កាត់​ភ្លើង​សង្គ្រាម​រហូត​ដល់​ធ្លាក់​ក្នុង​របប​ទាសភាព​របស់​ពួក​ខ្មែរក្រហម។ កុមារ​បាត់​បង់ការ​ថ្នាក់ថ្នម​ពី​ឪពុក​ម្តាយ គ្មាន​ចំណី​អាហារ​គ្រប់​គ្រាន់ គ្មាន​សាលា​រៀន។ លើស​ពី​នេះ ពួក​គេ​បាន​រង​ការ​រំលោភ​បំពាន​គ្រប់​បែប​យ៉ាង​ដូច​ជា​ការ​បង្ខំ​ឲ្យ​ធ្វើការ​បាក់​កម្លាំង បង្អត់​អាហារ និង​រង​ការ​កាប់​សម្លាប់​គ្មាន​ត្រា​ប្រណី។

យ៉ាង​ណា​ក៏​ដោយ យុវវ័យ​ជា​ច្រើន​ដែល​រួច​រស់​ជីវិត​ពី​សង្គ្រាម​និង​ពី​របប​ខ្មែរ​ក្រម​បាន​ខិត​ខំ​កសាង​អនាគត​របស់​ខ្លួន​សារ​ជាថ្មី​បើ​ទោះ​បីជា​កុមារ​ភាព​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ក៏​ដោយ។ ពួក​គេ​បាន​តស៊ូ​រៀន​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​លំបិន៖ ខ្វះ​ទាំង​សាលា ខ្វះ​ទាំង​គ្រូ ខ្វះ​សម្ភារៈ​សិក្សា រីឯ​ក្រពះ​ក៏​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង។ ប៉ុន្តែ ទី​បំផុត មនុស្ស​ជា​ច្រើន​បានទទួល​ជោគជ័យ​ក្នុង​ជីវិត។ ចំណុច​ខ្លាំង​របស់​យុវវ័យ​សម័យ​នោះ​គឺ​ការ​តស៊ូ​នេះ​ឯង។ ងាក​មក​មើល​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម​វិញ ពួកគេ​កើតមក​ក្រោម​ការ​ថ្នាក់​ថ្នម​ពី​ឪពុក​ម្តាយ  មាន​ចំណី​អាហារ​គ្រប់គ្រាន់ មាន​សាលា​រៀន​ក្បែរ​ផ្ទះ និង​មាន​សម្ភារៈ​ប្រើ​ប្រាស់​មិន​ខ្វះ​អ្វី​ឡើយ។

ប៉ុន្តែ ស្ថាន​ភាព​ដ៏​អំណោយ​ផល​នេះ​បែរជា​ធ្វើ​ឲ្យ​យុវវ័យ​ភាគ​ច្រើន​ខ្វះ​ការ​តស៊ូ​ទៅ​វិញ។ ពួកគេ​រស់​ពឹងពាក់​យ៉ាងខ្លាំង​ទៅលើ​ឪពុកម្តាយ ហើយ​យុវវ័យ​ជាច្រើន​បាន​និង​កំពុង​បណ្តោយ​ខ្លួន​ឲ្យ​លង់​ក្នុង​ភាព​ភ្លើត​ភ្លើន​ទៅ​តាម​សម័យ​កាល​សម្ភារៈ​និយម​។ អ្នក​ខ្លះ​ទៀត​បែរ​ជា​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ផ្សេង​ៗ​ដូច​ជា សេព​គ្រឿង​ញៀន ល្បែង​ហ្គែម ក្មេង​ទំនើង និង​ការ​វក់វី​នឹង​ស្នេហា​ខុស​ប្រពៃណី​និង​ខុស​វ័យ​ជាដើម។ ភាព​ភ្លើត​ភ្លើន​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​ពួកគេ​បំភ្លេច​ការសិក្សា​ដែលជា​គ្រឹះ​សម្រាប់​អនាគត​របស់ខ្លួន​និង​របស់​ប្រទេស​ជាតិ។

មាន​មូលហេតុ​សំខាន់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​យុវវ័យ​សម័យ​នេះ​ខ្វះ​ការតស៊ូ៖ ទី១ គឺជា​កំហុស​របស់​ឪពុក​ម្តាយ​ដែល​ខ្វះ​សមត្ថភាព​ក្នុង​ការ​តម្រង់​ទិស​កូន​។ ទី២ គឺ​ដោយ​សារ​តែ​ប្រពន្ធ័​អប់រំ​នៅ​មាន​កម្រិត​ទាប​រត់​មិនទាន់​សភាពការណ៍ ទើប​មិនអាច​យក​ឈ្នះ​លើ​ភាព​ភ្លើត​ភ្លើន​របស់​យុវវ័យ​បាន និង​ទី៣ ផល​វិបាក​អវិជ្ជមាន​នៃ​ការ​អភិវឌ្ឍន៍​សង្គម​ដែល​គ្មាន​ទស្សនៈ​វិស័យ​ច្បាស់​លាស់​ក៏បាន​បើក​ឱកាស​ឲ្យ​វប្បធម៌​អាក្រក់​ពី​ខាង​ក្រៅ​វាយ​លុក​យ៉ាង​ពេញ​ទំហឹង។ បរិយាកាស​សង្គម​ដ៏​អាប់អួរ​នេះ​បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​យុវ​វ័យ​ខ្មែរ។

យុវវ័យ​ជា​ច្រើន​ដែល​ជា​«ទំពាំង​ស្នង​ឬស្សី»ទទួលរង​គ្រោះ​ហើយ​បាន​ធ្លាក់​ក្នុង​សភាព​វិល​វុល​មិន​ច្បាស់​លាស់។ ទាំង​នេះ​គឺជា​គ្រោះ​ថ្នាក់​ថ្មី​របស់​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម​ដែល​អ្នក​តម្រង់ទិស​សង្គម​ទាំង​ឡាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បញ្ចៀស​។ ប្រសិន​បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​គ្មាន​ធន​ធាន​មនុស្ស​ពូកែ​ៗ​ដើម្បី​ស្នង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​ឡើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ