អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដល់​ពេល​ដែល​សង្គម​ខ្មែរ​គិត​គូរ​ពី​គុណ​ភាព​និង​ប្រសិទ្ធ​ភាព

សំឡេង ០៤:៣២
ទីធ្លានៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។
ទីធ្លានៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ RFI/Van Sokunthea
ដោយ៖ ប៉ែន បូណា
២៧ នាទី

នៅ​ចុង​ឆ្នាំ ២០១៥ នេះ ប្រទេស​កម្ពុជា​នឹង​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​អាស៊ាន។ ប៉ុន្តែ មាន​បញ្ហា​ច្រើន​ណាស់​ដែល​បង្ហាញ​ថា​កម្ពុជា​មិន​ទាន់​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន​នៅ​ឡើយ​ទេ។ មូលហេតុ​គឺ​ដោយ​សារ​មនុស្ស​ហាក់​នាំ​គ្នា​ឲ្យ​តម្លៃ​ទៅ​លើ​រូបភាព​ច្រើន​ជាង​គុណភាព​និង​ប្រសិទ្ធភាព។ ដូច្នេះ ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ អំណឹះ​តទៅ​ខ្មែរ​គួរ​នាំគ្នា​គិត​គូរ​ពី​គុណភាព និង​ប្រសិទ្ធ​ភាព ជំនួស​ឲ្យ​ការ​ផ្តល់​តម្លៃ​ទៅលើ​រូបភាព​សម្បក​ក្រៅ។

ផ្សាយពាណិជ្ជកម្ម

សង្គម​ខ្មែរ​បច្ចុប្បន្ន​កំពុង​ស្គាល់​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់​បន្ទាប់​ពី​បាន​ឆ្លង​ផុត​ពី​សម័យ កាល​សង្គ្រាម​មក​កាន់​សម័យ​សន្តិភាព​វិញ។ ការ​លូតលាស់ និង​ប្រែ​ប្រួស​របស់​សង្គម​កម្ពុជា​បាន​នាំ​មក​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។

ពី​សង្គម​មួយ​ដែល​រស់ក្នុង​របាំង​ប្រពៃណី​តឹងរ៉ឹង​មកជា​សង្គម​ដែល​បើក​ទូលាយ។ ពី​សង្គម​មួយ​ដែល​អ្នក​នយោបាយ​ផ្តួល​រំលំ​គ្នា​ដោយ​ប្រើ​អាវុធ មក​ជា​សង្គម​ដែល​ប្រើ​ការ​បោះ​ឆ្នោត និង​ពី​សង្គម​មួយ​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល មក​ជា​សង្គម​ដែល​មាន​សន្តិភាព។ ទាំង​នេះ​គឺ​ជា​ការ​វិវឌ្ឍ​ដ៏​ជ្រាល​ជ្រៅ​គួរ​ឲ្យ​មោទនៈ។ ក៏ប៉ុន្តែ ការវិវឌ្ឍ​មួយ​ចំនួន​បាន​ឈាន​ទៅ​រក​ទិស​ដៅ​អវិជ្ជ​មាន​ទៅវិញ។ ចំណុច​លេច​ធ្លោ​មួយ​ក្នុង​ចំណោម​នោះ​គឺ និន្នាការ​នៃ​ការ​ផ្តល់​តម្លៃ​លើ​រូបភាព​ច្រើនជាង​ខ្លឹមសារ។

នៅ​កម្ពុជា និន្នាការ​នៃ​ការផ្តល់​តម្លៃ​មនុស្ស​ដោយ​ផ្អែកលើ​សម្បក​ក្រៅ​ហាក់​កំពុងតែ​ពេញនិយម មាន​ន័យ​ថា សង្គម​ហាក់​ដូច​ជា​គោរព​កោតខ្លាច​មនុស្ស​ដែល​មាន​ទ្រព្យ​សម្បត្តិ និង​បុណ្យ​ស័ក្តិ​ដែល​គេ​មើល​ឃើញ​ភ្លាម​ៗ​ដោយ​មិន​សូវ​សម្លឹង​រក​គុណធម៌​ដែល​កប់​នៅ​ក្នុង​ខ្លួន​នោះ​ឡើយ​។ ជាក់​ស្តែង អ្នក​រៀន​សូត្រ​មួយ​ចំនួន​ចង់​បាន​សញ្ញាបត្រ​មក​បង្អួត​គេ​ជា​ជាង​ការ​ចង់​បាន​ចំណេះ​ដឹង​ពិត​ប្រាក។ អ្នក​មាន​លុយ​ប្រឹង​សម្ញែង​ទ្រព្យ​សម្បត្តិ​ដើម្បី​ទទួល​បាន​ការ​គោរព​ស្ញប់​ស្ញែង​ទោះបី​ជា​ប្រាក់​នោះ​បាន​មក​ពី​ប្រភព​ណា​ក៏​ដោយ។ មន្ត្រី​រាជការ​ធំ​ៗ​មាន​រថយន្ត​ទំនើប ផ្ទះ​វីឡា និង​ប្រាក់​ចាយ​មិន​អស់ ខណៈ​ដែល​មន្ត្រី​រាជការ​តូច​តាច​រស់​ដោយ​ពឹង​ប្រាក់​ខែ​ដោយ​លំបាក​។

នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​វិញ​ក៏​ដូចគ្នា​ដែរ។ ទ្រឹស្តី​ប្រជាធិបតេយ្យ​បាន​រីកដុះ​ដាល​ដល់​គ្រប់​មជ្ឈដ្ឋាន​ពោល​គឺ​មនុស្ស​គ្រប់​គ្នា​ហាក់​បាន​ស្គាល់​ពាក្យ​ថា​ប្រជាធិប​តេយ្យ ប៉ុន្តែ ថា​តើ​គេ​ត្រូវ​អនុវត្ត​បែប​ណា​ដើម្បី​ឲ្យ​ប្រជាធិប​តេយ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ត្រូវ​តាម​ន័យ​ពិត​ប្រាកដ​របស់​វា? សំណួរ​នេះ​ហាក់​ដូច​ជា​គ្មាន​អ្នក​ណា​សូវ​ចាប់​អារម្មណ៍​ពិចារណា​ទេ។ អ្នក​នយោបាយ​ច្រើន​តែ​បំភ្លេច​ខ្លឹមសារ​ប្រជាធិប​តេយ្យ​ដោយ​ផ្តោត​តែ​លើ​ទ្រឹស្តី​សំបក​ក្រៅ។ ទី​បំផុត​ប្រជាពល​រដ្ឋ​ជា​អ្នក​វង្វេង ហើយ​ជា​ញឹក​ញយ​ពួកគេ​បាន​ក្លាយ​ជា​អ្នក​ទទួល​រង​គ្រោះ​ព្រោះ​ភាព​មិន​ច្បាស់​លាស់​របស់​អ្នក​នយោបាយ​។

នៅ​ក្នុង​បរិបទ​សង្គម​ទូទៅ​វិញ ការ​ផ្តល់​តម្លៃ​ទៅ​លើ​រូប​ភាព​ខាង​ក្រៅ​បាន​ធ្វើ​ឲ្យ​សង្គម​កាន់តែ​ភ្លេច​សីលធម៌​និង​គុណធម៌​របស់​មនុស្ស​ដែល​ជា​ទូទៅ​គេ​មិនអាច​មើល​ឃើញ​ភ្លាម​ៗ​នោះ​ឡើយ។ មនុស្ស​ខ្លះ​មាន​គុណ​ធម៌​និង​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ ប៉ុន្តែ គ្មាន​ទ្រព្យ​សម្បត្តិ​ហ៊ឺហា​ដូច​គេ ច្រើន​តែ​ចូល​គេ​មិន​ចុះ។ អ្នក​អង្គុយ​ស្រាវជ្រាវ សរសេរ​សៀវភៅ ច្រើន​ជា​អ្នក​ដែល​គ្មាន​ទ្រព្យ​ពី​ព្រោះ​តែ​សង្គម​មិន​ឲ្យ​តម្លៃ​ដល់​ការងារ​របស់​ពួកគេ។

នេះ​ជា​ការ​ស្រុត​ចុះ​នៃ​តម្លៃ​សង្គម​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ផ្នត់​គំនិត​នេះ ប្រសិន​បើ​នៅ​តែ​បន្ត​វា​នឹង​ធ្វើ​ឲ្យ​សង្គម​ជួប​គ្រោះ​ថ្នាក់​ទៅ​ថ្ងៃ​អនាគត។ ការ​ផ្តល់​តម្លៃ​ទៅ​លើ​ទិដ្ឋ​ភាព​ខាង​ក្រៅ ងាយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​យល់​ច្រឡំ​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។ ម្យ៉ាង​ទៀត ការ​ឲ្យ​តម្លៃ​តែ​ទៅ​លើ​សម្ភារៈ​និយម​ដែល​ជា​គ្រឿង​បន្លំ​ភ្នែក​បាន​ធ្វើ​ឲ្យ​រេចរឹល​ដល់​ការងារ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម ហើយ​វា​ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាក់​ទឹក​ចិត្ត​ពី​ព្រោះ​អ្នក​ដែល​ទទួល​លាភ​សក្ការៈ​ច្រើន​តែ​ជា​អ្នក​ដែល​ពូកែ​អែបអប។

ចំណែក​អ្នក ស្មោះ​ត្រង់ និង​ពូកែ តែ​មិនចេះ​សម្តែង មិន​សូវ​ទទួល​បានកា​រ​ផ្តល់​តម្លៃ​ទេ។ ទីបំផុត ការ​ផ្តល់​តម្លៃ​តែ​ទៅលើ​សម្បក​ក្រៅ និង​ទៅ​លើ​ការចេះ​សម្តែង​អាកប្បកិរិយា​បន្លំ​ភ្នែក  ដោយ​មិនបាន​គិតគូរ​ពី​គុណភាព​និង​ប្រសិទ្ធភាព បាន​ជំរុញ​ឲ្យ​សង្គម​ដើរ​ផ្លូវ​ខុស​កាន់​តែ​ខ្លាំង។ កង្វះ​គុណភាព​និង​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ នៃ​វិស័យ​អប់រំ សុខា​ភិបាល សំណង់ រួមទាំង​ប្រព័ន្ធ​យុត្តិធម៌ ការ​អនុវត្ត​ច្បាប់ និង​វិស័យ​នយោបាយ​ផង សុទ្ធ​សឹង​ជា​ផលវិបាក​ជាក់​ស្តែង​បំផុត​នៃ​ការ​ផ្តល់​តម្លៃ​តែ​លើ​សម្បក​ក្រៅ។

ដូច្នេះ ដើម្បី​ពង្រឹង​គុណភាព​សង្គម ជា​ពិសេស​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ជាមួយ ប្រទេស​ក្នុង​តំបន់​ក្នុង​បរិបទ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដល់​ពេល​ហើយ​ដែល​សង្គម​ខ្មែរ​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ថ្មី​ជា​ចាំបាច់។ ផ្នត់​គំនិត​ថ្មី​មាន​ន័យថា ការងាក​មក​ផ្តល់​តម្លៃ​ទៅ​លើ​គុណភាព និង​ប្រសិទ្ធ​ភាព ហើយ​ឈប់​ឲ្យ​តម្លៃ​ទៅ​លើ​ប្រាក់​ដែល​បាន​មក​មិន​សុច្ចរិត ទៅ​លើ​បុណ្យ​ស័ក្តិ​ដែល​មិន​បញ្ជាក់​ពី​សមត្ថភាព ទៅ​លើ​សញ្ញាបត្រ​ដែល​គ្មាន​គុណភាព និង​ទៅ​លើ​រូប​ភាពខ្វះ​ខ្លឹមសារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ