កម្ពុជាស្នើចលនាមិនចូលបក្សសម្ព័ន្ធអោយគាំទ្រខ្លួននៅ UN
កម្ពុជាកំពុងបន្តស្វែងរកសំឡេងគាំទ្របេក្ខភាពខ្លួនជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅពេលការបោះឆ្នោតនឹងមកដល់នៅខែតុលាខាងមុខនេះ។ នៅក្នុងកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវអោយសមាជិកនៃចលនានេះអោយគាំទ្របេក្ខភាពកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
មានប្រយោជន៍ច្រើនក្នុងការស្វែងរកការគាំទ្រពីសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ សម្រាប់បេក្ខភាពកម្ពុជាជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ហេតុដូច្នេះហើយបានជាលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុន សែនត្រូវអំពាវនាវស្វែករកការគាំទ្រនៅក្នុងសហគមន៍មួយនេះ។ កម្ពុជាសង្ឃឹមថាបានទទួលការគាំទ្រច្រើនពីព្រោះ កម្ពុជាជាស្ថាបនិកមួយនៃចលនានេះ ហើយថារហូតដល់ពេលនេះ សមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធនេះតំណាងអោយ៦០ភាគរយឯណោះនៃអាសនៈរបស់អង្គការសហប្រជាជាតិ។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានអំពាវនាវរកការគាំទ្រនេះនៅក្នុងកិច្ចប្រជុំកំពូលលើកទី១៦នៃចលនាមិនចូលបក្សសម្ព័ន្ធដែលត្រូវបានរៀបចំនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីសប្តាហ៍មុននេះ។ ថ្លែងទៅកាន់សមាជិកនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា តាំងពីបានក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៥៥មក កម្ពុជាមិនដែលបានទទួលអាសនៈណាមួយនៅក្នុងស្ថានប័ននៃប្រព័ន្ធអង្គការសហប្រជាជាតិនោះទេ។
លោកហ៊ុន សែនបន្តថា ការគាំទ្រពីសំណាក់ប្រទេសដែលជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធទាំងអស់ គឺជាការចាំបាច់ណាស់ សម្រាប់ជួយអោយកម្ពុជាទទួលបានជោគជ័យក្នុងការឈរឈ្មោះជាលើកដំបូងនេះ។
ពិសោធន៍ក្នុងការដោះស្រាយជម្លោះផ្ទៃក្នុងកម្ពុជា តាមរយៈការចរចា និងការផ្សះផ្សារជាតិ ការចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោកក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ទាំងនេះគឺជាអំណះអំណាងដែលលើកទឹកចិត្តអោយកម្ពុជាដាក់បេក្ខភាពរបស់ខ្លួនធ្វើជាសមាជិកមិនអចិន្ត្រៃយ៍ក្នុងប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អណត្តិឆ្នាំ២០១៣ និង២០១៤ខាងមុខនេះ។
ការបោះឆ្នោតនឹងត្រូវរៀបចំធ្វើនៅក្នុងខែតុលាខាងមុខនេះហើយ។ នៅទ្វីបអាស៊ីនេះ កម្ពុជាត្រូវប្រកួតជាមួយបេក្ខភាព២ទៀត មួយគឺកូរ៉េខាងត្បូង និងទី២គឺប្រទេសប៊ូតាន។ ជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានស្វែងរកការគាំទ្រយ៉ាងសកម្មពីបណ្តាប្រទេសជាច្រើនដែលក្នុងនោះ ប្រទេសមហាអំណាច ទាំង៥ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រកាសគាំទ្របេក្ខភាពកម្ពុជាដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ