អានតួអត្ថបទ
កម្ពុជា

លោក​ស្រី​ មួរ​ សុខ​ហួរ​ ព្យាយាម​ចូល​ទៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​ត្រូវ​អាជ្ញាធរ​ហាម​ឃាត់​

លោកស្រី មួរ សុខហួរ តំណាង​រាស្ត្រ​​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ
លោកស្រី មួរ សុខហួរ តំណាង​រាស្ត្រ​​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ Siv Channa/RFI
១៦ នាទី

ខណៈដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ប្រជុំ​សភា តំណាង​រាស្ត្រ​បក្សប្រឆាំង​ម្នាក់​គឺ​លោកស្រី មួរ សុខ​ហួរ បាន​ព្យាយាម​ចូលទៅ​កាន់​ទីលាន​ប្រជា​ធិ​បេ​តយ្យ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ០២មេសា​នេះ។ គោលបំណង​គឺ​ដើម្បី​បង្ហាញ​ពី​សេរីភាព​នៃ​ទីលាន​មួយ​នេះ ក៏ប៉ុន្តែ កង​សន្តិ​សុខ​រាជធានី​ភ្នំពេញ​បាន​ហាមឃាត់​មិន​ឲ្យ​លោកស្រី​ចូលទៅ​កាន់​ទីនោះ​ទេ។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រូបនេះ​អះអាងថា​នឹង​ចូលទៅ​កាន់​ទីលាន​នោះ​ជា​រៀងរាល់ថ្ងៃ។  

ផ្សាយពាណិជ្ជកម្ម

ដើម្បី​បង្ហាញ​ពី​សេរីភាព​នៃ​មតិ​ដែល​អាជ្ញាធរ​បំបិទ​សិទ្ធិ​នោះ លោកស្រី មួរ សុខ​ហួរ តំណាង​រាស្ត្រ​​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ០២ មេសា​នេះ បាន​ព្យាយាម​ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​បាត់ដំបង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កងសន្តិសុខ​ជាច្រើន​ហ៊ុម​ព័ន្ធ ​និង​រារាំង​មិន​ឲ្យ​ចូលទៅ​កាន់​ទីលាន​សម្តែង​មតិ​នេះឡើយ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកស្រី មួរ សុខ​ហួរ បាន​ឲ្យ​ដឹងថា គោលបំណង​ដែល​លោកស្រី​ចង់​ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​គឺ​ដើម្បី​រក្សា​ស្មារតី​ទី​លាន​​ប្រជាធិបតេយ្យ។ សម្រាប់​តំណាងរាស្ត្រ​ជាប់ឆ្នោត​បក្សប្រឆាំង​រូបនេះ ស្មារតី​នៃ​ទីលាន​ប្រជាធិបតេយ្យ​គឺ​ការនិយាយ​ការពិត និយាយ​អំពី​ទុក្ខសោក និង​អំពើ​អយុត្តិធម៌។  គឺ​ទីលាន​នេះហើយ​ដែលជា​ទីកន្លែង​សម្រាប់​បញ្ចេញមតិ​គ្រប់បែបយ៉ាង​របស់​ប្រជាពលរដ្ឋ។  លោកស្រី មួរ សុខ​ហួរ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​ថា​តើ​ពេលនេះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរទៅ​មុខ ឫ​ដើរ​ថយក្រោយ?

ទោះជា​មានការ​រារាំង​ក៏ដោយ ក៏​លោកស្រី​មួរ សុខ​ហួរ បាន​បញ្ជាក់ថា លោកស្រី​នឹង​ព្យាយាម​ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​នេះ​តែម្នាក់ឯង​ជា​រៀងរាល់ថ្ងៃ​ប្រសិនបើ​លោកស្រី​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ លោកស្រី​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ហ៊ាន​ចូលទៅ​កាន់​ទីលាន​ប្រ​ជា​​​​ធិបតេយ្យ​ផងដែរ​ពីព្រោះ​ទីលាន​នោះ​ជា​របស់​ប្រជាពលរដ្ឋ​គ្រប់រូប។

មន្ត្រី​បក្សប្រឆាំង​រូបនេះ​បាន​សម្តែង​ការងឿងឆ្ងល់​ថា អាជ្ញាធរ​បានដាក់​បម្រាម​មិន​ឲ្យ​មានការ​ជួបជុំ​លើសពី៩នាក់ ក៏ប៉ុន្តែ ហេតុអ្វី​បានជា​សមត្ថកិច្ច​រារាំង​ខណៈដែល​លោកស្រី​ចូលទៅ​ទី​នោះ​តែម្នាក់ឯង។  លោកស្រី មួរ សុខ​ហួរ ក៏បាន​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ឆ្លើយបំភ្លឺ​ចំពោះមុខ​សភា និង ប្រជាពលរដ្ឋ​ថា កង​ប្រដាប់អាវុធ​មាន​តួនាទី​បែបណា ហើយ​កងសន្តិសុខ​ទាំងនោះ​មកពីណា។ តំណាងរាស្ត្រ​ជាប់ឆ្នោត​ស្ត្រី​គណពក្ស​សង្គ្រោះ​ជាតិ​ដដែល​ក៏ បាន​ចោទប្រកាន់​កង​ប្រដាប់អាវុធ និង កងសន្តិសុខ​ទាំងនោះ​ថា អសីលធម៌ និង ចូលចិត្ត​ប្រើ​​អំពើហិង្សា។

សូមបញ្ជាក់ថា បន្ទាប់ពី​ផ្ទុះ​អំពើហិង្សា​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ក្រុមបាតុករ​កម្មករ​នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពីដើម​ខែមករា​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស និង​ចាប់ខ្លួន​ជាច្រើន​នាក់​​រួចមក  អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឲ្យ​ការជួបជុំ ហើយ​បានដាក់​ទីលាន​ប្រជាធិបតេយ្យ​ស្ថិតក្នុង​ការស៊ើបអង្កេត​មិន​ឲ្យ​មាន​រៀបចំ​ពិធី​ជួបជុំ​សម្តែង​មតិ​ទៀតឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ