អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​និង​កម្ពុជា​ទាញ​បាន​ប្រយោជន៍​រៀងៗ​ខ្លួន​ពី​ទំនាក់​ទំនង​រវាង​គ្នា

សំឡេង ០៤:២៤
លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន​ និង​លោក​ប្រធានា​ធិប​តី​ចិន​ ស៊ី ​ជីង​ពីង​
លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន​ និង​លោក​ប្រធានា​ធិប​តី​ចិន​ ស៊ី ​ជីង​ពីង​ RFI
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
២៤ នាទី

នៅ​សប្តាហ៍​នេះ នៅក្នុង​នាទី​ទស្សនៈ​ព្រឹ​ត្ត​ការណ៍​ពិភពលោក ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ សូម​បន្ត​សិក្សា​ទៅលើ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​តទៅទៀត។ ក្រោយពី​បានលើកឡើង​កាលពី​សប្តាហ៍​មុន​អំពី​មិត្តភាព​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​និង​ចិន ពី​ឆ្នាំ១៩៥៥ ដល់​ឆ្នាំ១៩៩៣នៅថ្ងៃនេះ ហ្ស​ង់-ហ្វ្រ​ង់​ស័​រ តាន់ សូម​និយាយ​អំពី​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​ពី​ឆ្នាំ១៩៩៣មកទល់​សព្វថ្ងៃ។  

ផ្សាយពាណិជ្ជកម្ម

 

ទោះជា​សង្គ្រាមត្រជាក់​បាន​រលត់រលាយ​បាត់ទៅហើយ​ក្តី ក៏​ចិន​នៅតែ​សម្លឹង​ឃើញថា កម្ពុជា​ជាទី​តាំង​សំខាន់​មួយ​សម្រាប់​ផលប្រយោជន៍​របស់ខ្លួន ជាពិសេស​នៅលើ​វិស័យ​យុទ្ធសាស្ត្រ។

អ្នកណា​ក៏​យល់​ដែរ​ថា គោលដៅ​របស់​ចិន​ក្នុង​គ្រា​បច្ចុប្បន្ន​ក៏​ដូច​កាលសម័យ​សង្គ្រាមត្រជាក់​ដែរ គឺ​កាត់បន្ថយ​ឬ​ខ្ទប់​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ នៅ​ក្នុងន័យនេះ ប៉េកាំង​ចាត់ទុក​អាស៊ាន​ថា​ជា​ចន្ទល់​ភូមិសាស្ត្រ​នយោបាយ​មួយ​សំខាន់។

នៅ​ក្នុងន័យ​ដូចគ្នា​អ៊ីចឹង​ដែរ ប៉េកាំង​ប្រហែលជា​ចង់​បំបែកបំបាក់​អាស៊ាន ម្យ៉ាង គឺ​ដើម្បី​កុំឱ្យ​អាមេរិក​មាន​បង្អែក​ខ្លាំងពេក​នៅក្នុង​អង្គការ​តំបន់​មួយ​នេះ និង​ម្យ៉ាងទៀត គឺ​ដើម្បី​កុំឱ្យ​អាស៊ាន​មានលទ្ធភាព​ទប់ទល់​នឹង​ខ្លួន​បាន​ក្នុង​ជម្លោះទឹកដី​នៅ​សមុទ្​រ​ចិន​​ខាង​ត្បូង។

គឺ​នៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នេះហើយ ដែល​ថ្នាក់ដឹកនាំ​ជា​បន្តបន្ទាប់​នៅ​ប៉េកាំង ចាត់ទុក​មិត្តភាព​រវាង​ប្រទេស​ខ្លួន​និង​កម្ពុជា រវាង​ប្រទេស​ខ្លួន​និង​ឡាវ ព្រមទាំង​រវាង​ប្រទេស​ខ្លួន​និង​ភូមា​ថា​ជា​កត្តា​មួយ​ចាំបាច់​ជាទីបំផុត។

ម្ល៉ោះហើយ​បានជា​ចិន​ពង្រឹង​សហប្រតិបត្តិការ​យោធា​ខ្លាំង​ឡើងជា​លំដាប់​ជាមួយ​កម្ពុជា នា​រយៈពេល​ជាង​ដប់ឆ្នាំ​ចុងក្រោយ​នេះ តាមរយៈ​ការផ្តល់​មកឱ្យ​កម្ពុជា នូវ​បរិក្ខា​យោធា​និង​ជំនួយ​បច្ចេកទេស​ជាច្រើន។ ត្រង់នេះ គួរ​គូសបញ្ជាក់ថា ស្ថានទូត​បរទេស​នៅ​ភ្នំពេញ​ដែលមាន​បេសកកម្ម​​យោធា​(Missions militaires)សំខាន់​ជាងគេ គឺ​អាមេរិក ចិន និង វៀតណាម។

ដោយឡែក អ្វីដែល​ជំរុញ​ចិន​ឱ្យ​ចាប់យក​កម្ពុជា​មក​ធ្វើជា​សម្ព័ន្ធមិត្ត​សំខាន់​ជាងគេ​បង្អស់​មួយ នៅក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន គឺ​ភូមិសាស្ត្រ​នៃ​កម្ពុជា​តែម្តង។ កម្ពុជា​ជា​ច្រក​មួយ​សំខាន់​បើកចំហរ​ទៅរក​ឈូង​សមុទ្រ​សៀម។

ពិតមែន​ហើយ លក្ខណៈ​សំខាន់​មួយ​នេះ​នៃ​ភូមិសាស្ត្រ​របស់​កម្ពុជា​មិនមែនជា​ប្រយោជន៍​យោធា​​សម្រាប់​​ចិន​ទេ ដ្បិត​រដ្ឋធម្មនុញ្ញ​ខ្មែរ​ហាម​មិន​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​ឡើយ​នៅលើ​ទឹកដី​កម្ពុជា។

តែ​ច្រក​ឈូង​សមុទ្រ​សៀម​ជា​ប្រយោជន៍​សម្រាប់​ចិន​ក្នុងការ​ដឹកឈើ​ទៅកាន់​ប្រទេស​ខ្លួន។​ ហើយ​​រហូត​ដល់​​ខែ​មករា​​ឆ្នាំ២០០២​ ជា​ពេលដែល​កម្ពុជា​បាន​ហាម​ឈប់​ឱ្យ​កាប់​និង​លក់​ឈើ​ទៅ​បរទេស ចិន​បាន​ទិញ​ឈើ​ពី​កម្ពុជា​មិនតិច​ទេ។

មិនតែប៉ុណ្ណោះ ចិន​ក៏​ច្បាស់​ជា​ចាប់អារម្មណ៍​ខ្លាំង​ដែរ ទៅលើ​ការរុករក​ឃើញ​ប្រេងកាត នៅ​ឈូង​សមុទ្រ​សៀម​ក្នុង​ដែនទឹក​កម្ពុជា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ទន្ទឹមនេះ កម្ពុជា​ក៏​ទទួលបាន​មិនតិច​ទេ​ផលប្រយោជន៍​ពី​ប្រទេស​ចិន។ មាន​ជាបឋម​ប្រយោជន៍​សេដ្ឋកិច្ច ជាអាទិ៍​ជំនួយ។ គួរ​គូសបញ្ជាក់​ត្រង់នេះ​បន្តិច​ថា ជំនួយ​របស់​ប៉េកាំង​​ដល់​​ភ្នំពេញ​​​ក្នុង​​​សករាជ​រា​ជា​ណាចក្រ​​កម្ពុ​ជា​ទី​ពីរ ​មិន​មែន​​ទើប​តែ​​ផ្តើម​ឡើង​​ក្រោម​​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​លោក​ហ៊ុនសែន​នោះទេ។ វា​បានចាប់ផ្តើម​ឡើង តាំងពី​ឆ្នាំ១៩៩៣-១៩៩៤មកម្ល៉េះ គឺ​តាំងពី​សម័យកាល​ដែល​ក​ម្ពុ​ជា​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្បាល​ពីរ​ក្រោម​កិច្ចសហការ​គ្រប់គ្រងរ​ដ្ឋ​រវាង​បក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​FUNCINPEC។

ក៏ប៉ុន្តែ ជំនួយ​របស់​ចិន​ដល់​កម្ពុជា​បាន​ផ្តើម​កើនឡើង​ច្រើន​ក្រោយ​ឆ្នាំ១៩៩៧ និយាយឱ្យចំ​គឺ​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ខែកក្កដា​ឆ្នាំ១៩៩។ ឧទាហរណ៍​ជាក់ស្តែង នៅ​ឆ្នាំ១៩៩៤ ជា​ផ្លូវការ​ជំនួយ​របស់​ចិន​មាន​ប្រមាណ៨លាន៦សែន​ដុល្លារ។ តួលេខ​នេះ​កើន​ដល់២០០លាន​ដុល្លារ​នៅ​ឆ្នាំ១៩៩៧ ៤០០លាន​ដុល្លារ​នៅ​ឆ្នាំ២០០៤ និង៦០០លាន​ដុល្លារ​នៅ​ឆ្នាំ២០០។

ទាក់ទង​នឹង​ប្រយោជន៍​សេដ្ឋកិច្ច​ដូចគ្នា​ដែល​កម្ពុជា​ទទួលបាន​ពី​ចិន គួរ​គូសបញ្ជាក់ថា សព្វថ្ងៃនេះ​ចិន​ជា​ប្រទេស​ដែល​ដាក់ទុន​រកស៊ី​ច្រើនជាងគេបង្អស់​នៅ​កម្ពុជា គឺ​ប្រមាណ​ជាង៩០០០លាន​ដុល្លារ​រាប់​ពី​ឆ្នាំ១៩៩៤ដល់​ឆ្នាំ២០១។ នេះ​បើ​យោងទៅតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ក្រៅពី​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួលបាន​ពី​សម្ព័ន្ធភាព​ជាមួយ​ចិន ក៏មានដែរ​ប្រយោជន៍​​ភូមិសាស្ត្រ​​នយោបាយ។ និយាយ​បែប​ផ្សេង តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​​នយោបាយ​​និង​​យោធា​​ជាមួយ​​ប៉េកាំង ភ្នំពេញ​បាននិងកំពុង​បន្ត​កាត់បន្ថយ​ឥទ្ធិពល​​របស់​​វៀតណាម​​មក​លើ​​ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ