សហជីពកម្មករកាត់ដេរចំនួន ២ ដឹកនាំកម្មករធ្វើកូដកម្មនៅព្រឹកថ្ងៃពុធនេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហជីពកម្មករកាត់ដេរចំនួន២ ប្រកាសបន្តគម្រោងកូដកម្មដែលចាប់ផ្តើមធ្វើពីថ្ងៃទី១២ មីនានេះ ដល់ថ្ងៃ១៩ មីនា បើទោះបីជា សហជីពកម្មករនិងសមាគមភាគច្រើន ព្រមព្រៀងពន្យារពេលកូដកម្ម ទៅធ្វើនៅក្រោយបុណ្យចូលឆ្នាំខ្មែរវិញក៏ដោយ។នេះបើតាមប្រធានសហភាពសហជីពកម្ពុជា ដែលបានអះអាងថាខ្លួនមិនអាចទ្រាំពន្យារពេលអោបដៃ មើលទុក្ខលំបាករបស់កម្មករ។
សហជីពចំនួនពីរបានចាប់ផ្តើមធ្វើកូដកម្មនៅថ្ងៃទី ១២មីនានេះ ជាកូដកម្មដែលកម្មករនិយោជិតសំរាកនៅផ្ទះ ហើយមិនចូលធ្វើការនៅតាមរោងចក្រនានា។ សហជីពចំនួនពីរនេះ រួមមានសហជីពរបស់ លោក រ៉ុង ឈុន និងសហជីពរបស់លោក វ៉ាសាលី ។នេះបើយោងតាម លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។
លោកបានបញ្ជាក់ថា លោកមិនយល់ស្របតាមការសម្រេចរបស់សហជីព ភាគច្រើន ដែលបានចូលរួមប្រជុំសម្រេច លើកពេលធ្វើកូដកម្មទៅក្រោយបុណ្យចូលឆ្នាំខ្មែរវិញនោះទេ ហើយសហជីពរបស់ លោក នឹងមិនរាថយក្នុងការទាមទារសេរីភាព ឲ្យអ្នក ដែលកំពុងតែជាប់ឃុំទាំង ២១នាក់ ក្នុងពន្ធនាគារនោះឡើយ ហើយនិងទាមទារប្រាក់ខែគោល ដល់កម្មកររោងចក្រឲ្យបាន ១៦០ ដុល្លាក្នុងមួយខែ។
ការប្រកាសបន្តរការធ្វើកូដកម្មតាមគម្រោងរបស់ក្រុមសហជីពទាំង២នេះ បានធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំមួយ រវាង សហជីពកម្មករកាត់ដេរ ចំនួន ៨ និងអង្គការសមាគមមួយចំនួនទៀត កាលពីនៅថ្ងៃទី១១មីនា ម្សិលម៉ិញ។ ក្នុងកិច្ចប្រជុំនោះសហជីពនិងសមាគមភាគច្រើន បាន សម្រេចពន្យាពេលធ្វើកូដកម្ម ទៅក្រោយបុណ្យចូលឆ្នាំខ្មែរ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១១មីនា ម្សិលម៉ិញ ក្រុមសហជីពនិង សមាគមភាគច្រើនបានព្រមព្រៀងគ្នា ពន្យារពេលធ្វើកូដកម្ម ក្រោមសំណូមពរពីកម្មករ ដោយមូលហេតុបុណ្យចូលឆ្នាំខ្មែរ។ ហើយសំរេចថា កូដកម្មមិនទៅធ្វើការ ដោយសំរាកនៅផ្ទះនេះ នឹងធ្វើឡើងក្រោយចូលឆ្នាំខ្មែរ ដោយចាប់ពីថ្ងៃទី ១៧ មេសាដល់ថ្ងៃទី ២៣ មេសាវិញ ។
លោក អាត់ ធន់ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលព្រមព្រៀងលើកពេលធ្វើកូដកម្មបានសង្ឃឹមថា ក្នុងអំឡុងពេលធ្វើបាតុកម្មនាពេលខាងមុខនេះ នឹងមានកម្មករយ៉ាងហោចណាស់ពី ៦០%ទៅ៧០%ចូលរួម ពីព្រោះពួកគេទទួលបានឱកាសឈប់សំរាកបានច្រើន។ គោលដៅចំបងនៃកូដកម្មរបស់កម្មករគឺដើម្បីដាក់គំនាបដល់រដ្ឋាភិបាល និងសមាគមថៅកែរោងចក្រកាត់ដេរឲ្យដំឡើងប្រាក់ឈ្នួលអប្បបរមា ១៦០ ដុល្លាដល់កម្មករ និងទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង ២១ នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ