កម្ពុជា

ចំណងជើង​​របាយ​​​ការណ៍​​ភាគ​ទី៤​ ​របស់​​លីកាដូ​៖​​​ «ប្រទេស​មួយ​​កំពុង​​ស្ថិត​ក្នុង​​វិបត្តិ​​ដីធ្លី»​

ការរុះរើផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក។
ការរុះរើផ្ទះប្រជាពលរដ្ឋនាពេលកន្លងមក។ Licado

ជា​ថ្មី​ម្តង​ទៀត​ អង្គការ​សិទ្ធិ​មនុស្ស​លី​កា​ដូ​ បាន​ចេញ​របាយ​ការណ៍​ថ្មី​មួយ​ទៀត​ ដោយ​បាន​​ផ្តោត​​សំខាន់​​ទៅ​លើ​បញ្ហា​ដី​ធ្លី​។​ របាយការណ៍​ដែល​បាន​ដាក់​ចំណង​ជើង​ថា ​ប្រទេស​​កម្ពុជា​​កំពុង​​ស្ថិត​​នៅ​ក្នុង​វិបត្តិ​ដី​ធ្លី​។​ ជា​របាយការណ៍​ចុង​ក្រោយ​ និង​ជា​របាយការណ៍​ភាគ​ទី៤​របស់​ខ្លួន​ បន្ទាប់​​ពី​​ការ​​ចេញ​របាយការណ៍​ភាគ​ទី១​ ទី២​និងទី3។​​​

ផ្សាយពាណិជ្ជកម្ម

 «ប្រទេសមួយ​កំពុងស្ថិត​ក្នុង​វិបត្តិ​ដីធ្លី»។ នេះ​ជា​ខ្លឹមសារ​នៃ​របាយការណ៍​ចុងក្រោយ និង​ជា​របាយ​ការណ៍​ភាគ​ទី៤របស់​អង្គការ​លីកាដូ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី២១មីនា បន្ទាប់​ពី​បញ្ហា​និ​ទណ្ឌ​ភាព ការ​រិត​ត្បិត​សេរីភាព និង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​ត្រូវ​បាន​លើក​ឡើងនៅក្នុង​របាយការណ៍​ភាគ​ទី១ ទី២ និង​ទី៣ រួចហើយ។ របាយការណ៍​ភាគ​ទី៤ ជា​របាយការណ៍​ពិនិត្យឡើងវិញ នូវ​ព្រឹត្តិការណ៍​សិទ្ធិមនុស្សសំខាន់ៗក្នុង​ឆ្នាំ២០១៣ ដោយបាន​ផ្តោតទៅលើ​រឿង​ដីធ្លី។

បើតាម​​លីកាដូ បញ្ហាដីធ្លី​ស្ថិតនៅ​ជា​រឿងចម្រូងចម្រាស​​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៣ ទោះបី ជា​រឿងនេះ​បានកើត​ឡើង​អស់​រយៈពេល​យ៉ាងហោចណាស់​ដ១០ឆ្នាំ​ទៅហើយ​​ក្តី។ ផ្ទៃដី​ទំហំ​ជាង​ពីរលាន​ពីរ​សែន​ហិកតា នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ទាំងមូល ត្រូវបាន​ផ្តល់ឱ្យ​ក្រុម​ហ៊ុន​ឯកជនធំៗ ក្នុង​ទម្រង់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​សម្បទាន​សេដ្ឋកិច្ច​នេះ រួមទាំង​ការរំលោភ​ដីធ្លីផ្សេងៗទៀត ​បាន​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ជាង​បួន​សែន​ពីរម៉ឺន​នាក់ ចាប់​តាំង​ពី​ឆ្នាំ២០០៣។

លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេក​ទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ​ បាន​និយាយថា បញ្ហាដីធ្លី គឺជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​សំរាប់​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត។ លោក​បន្តថា ការចេញ​របាយការណ៍​នាពេលនេះ គ្មានអ្វី​ក្រៅពី​ការ​រំលឹក​ទៅដល់​រដ្ឋាភិបាល​អោយ​រួសរាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​កុំ​បណ្តែតបណ្តោយ​ត​ទៅ​ទៀត។

យ៉ាងណា​ក៍ដោយ សម្រាប់​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​​មន្ត្រី រដ្ឋាភិបាល​មិនបាន​ព្រងើយកន្តើយ​ឡើយ​លើ​បញ្ហា​នេះ​ទេ ហើយ​រដ្ឋាភិបាល​នឹង​បង្កើន​ការដោះស្រាយ​ថែមទៀត​នៅ​ឆ្នាំ២០១៤នេះ។

អ្វី​ជាការ​កត់សម្គាល់ លីកាដូ គឺជា​អង្គការ​ទី៣ហើយ ក្នុងចំណោម​អង្គការសិទ្ធិមនុស្សធំៗនៅ​កម្ពុជា​ ដែល​បានចេញ​របាយការណ៍​ជា​បន្តបន្ទាប់ និង​បានប្រកាស​បើក​យុទ្ធនាការ​ថ្មី​ដើម្បី​​ជំរុញ​​អោយមាន​ការដោះស្រាយ​លើ​បញ្ហា​សិទ្ធិមនុស្ស​និង​ដីធ្លី។ កាលពី​ថ្ងៃទី១៩មីនា អង្គការ​អាដហុក​បាន​ប្រកាស​ពី​យុទ្ធនាការ​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​រដ្ឋាភិបាល​និង​តុលាការ​ឡើងវិញ អោយជួយ​ដោះស្រាយ​បញ្ហា​ជំលោះ​ដីធ្លី​នេះ។ ចំណែកឯ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៍​ត្រៀម​​ធ្វើ​សន្និសីទកាសែត​មួយ​ នៅ​ថ្ងៃទី២៤មីនា​ខាងមុខ ដើម្បី​ដាក់​ឲ្យ​ដំណើរការ​នូវ​យុទ្ធនាការ​​ថ្មី​មួយ ដែលមាន​ចំណងជើង​ថា «ឯណា​ទៅ​យុត្តិធម៌?» ក្នុងឱកាស​ទិវា​អន្តរជាតិ «សិ​ទិ្ធ​ទទួលបាន​ការពិត»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI