អានតួអត្ថបទ
កម្ពុជា

សំណុំ​រឿង​លោក​ វន់​ ពៅ ​និង​ ជន​ជាប់​ចោទ​ ២២​ នាក់​ផ្សេង​ទៀត​នឹង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​ ៣០​ ឧសភា​

លោក វន់ ពៅ ពេលបញ្ជូនទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីតុលាការលើកពេលជំនុំជម្រះ។
លោក វន់ ពៅ ពេលបញ្ជូនទៅកាន់ពន្ធនាគារវិញ បន្ទាប់ពីតុលាការលើកពេលជំនុំជម្រះ។ RFI/ Siv Channa
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

សំណុំរឿង​លោក វន់ ពៅ ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សកម្មជន​ការពារ​ដីធ្លី និង កម្មករ២២ នាក់​ផ្សេងទៀត​នឹងត្រូវ​ប្រកាស​សាលក្រម​រួមគ្នា​នៅ​ថ្ងៃទី ៣០ ឧសភា​ខាង​មុខនេះ។នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលា​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​បើកសវនាការ​លើ​សំណុំរឿង​ដ៏​រសើប​នេះ​អស់​រយៈ​ពេល​បី​ថ្ងៃ​ជាប់គ្នាៗរួចមក។ក្រុម​មេធាវី​ការពារ​ក្តី និង​សង្គម​ស៊ីវិល​ដែល​បាន​តាមដាន និង​ឃ្លាំ​មើល​ដំណើរការ​សវនាការ​នេះ​យ៉ាង​ដិតដល់​បាន​សម្តែង​សុ​ទិ​ដិ​និយម​ថា តុលាការ​នឹង​ផ្តល់​យុត្តិ​ធម៌ និង ដោះលែង​ជន​ជាប់​ទាំង២៣នាក់​នេះ​ឲ្យ​មាន​សេរីភាព​នាពេលខាងមុខ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បិទ​បញ្ចប់​សំណុំរឿង​ជនជាប់ចោទ​ទាំង២៣នាក់​កាលពី​ថ្ងៃទី ២២ ឧសភា ម្សិលមិញ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាសថា សាលក្រម​កំណត់​ជោគវាសនា​ជនជាប់ចោទ​ទាំងនេះ​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ៣០ ឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។

តុលាការក្រុង​ភ្នំពេញ​បាន​បើកសវនាការ​សំណុំរឿង​ទាំងពីរ​នៃ​ជនជាប់ចោទ​ទាំង២៣នាក់​នេះ​ដាច់ដោយឡែក​ពីគ្នា តែ​ដំណើរការ​ក្តី​ក្នុង​តែមួយ​ពោលគឺ មាន​រយៈពេល​បី​ថ្ងៃជាប់ៗគ្នា​ដោយ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​អង្គា​រ៍ និង ទើបបាន​បិទ​បញ្ចប់​ទាំងស្រុង​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

ក្នុងនោះ​សំណុំរឿង​កម្មករ​ជាប់ចោទ ១៣នាក់​នៅក្នុង​ហេតុការណ៍​បាតុកម្មហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​បាន​បិទ​បញ្ចប់​កាលពី​ម៉ោង​ជិត ១០ ព្រឹក​ថ្ងៃ​ម្សិលមិញ។ដោយឡែក​សំណុំរឿង​លោក វន់ ពៅ និង កម្មករ៩នាក់​ផ្សេងទៀត​នៅមុខ​រោងចក្រ​យ៉ាក​ជី​ង​បាន​បិទ​បញ្ចប់​កាល​វេលា​ម៉ោង ជាង ៨ យប់មិញ។

លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក វន់ ពៅ បាន​ប្រាប់​អ្នកកាសែត​នៅក្រៅ​បន្ទប់​តុលាការ បន្ទាប់ពី​បញ្ចប់​សវនាការ​ទាំងយប់​ថា សវនាការ​លើ​ជន​ជាប់​ទាំង២៣ នាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​មាន​ភាព​តឹងតែង ដោយ​សិទ្ធជន​ជាប់​ត្រូវបាន​រឹតត្បិត​ហើយ​តុលាការ​មាន​លក្ខណៈ​លម្អៀង។

 

 

ជាមួយគ្នានេះដែរ លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​ដែល​បាន​តាមដាន​សវនាការ​នេះ​យ៉ាង​ដិតដល់​ក៏បាន​លើកឡើង​ផងដែរ​ថា សវនាការ​នេះ​ជនជាប់ចោទ​មិន​ទទួលបាន​សិទ្ធ​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយ​ដោះ​បន្ទុក។

យ៉ាងណាក៏ដោយ ទាំង​លោក​មេធាវី និង មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​សុទ្ធតែ​សង្ឃឹមថា តុលាការ​នឹង​សម្រេច​ក្តី​ដោយ​យុត្តិធម៌ និង ដោះលែង​ជនជាប់ចោទ​ទាំង២៣នាក់​នេះ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

គួរ​កត់សម្គាល់ថា សវនាការ​លើ​ករណី​លោក វន់ ពៅ និង កម្មករ៩ នាក់​ផ្សេងទៀត​រយៈពេល​បី​ថ្ងៃ​មកនេះ មិនសូវ​ជា​ទទួលបាន​ភាពរលូន​ល្អ​ប៉ុន្មាន​នោះទេ។មិនសូវ​រលូន​ដោយសារតែ លោក វន់ ពៅ មាន​បញ្ហា​សុខភាព​ខណៈពេល​កំពុង​ដំណើរការ​សវនាការ។

​កាលពី​ព្រឹក​ម្សិលមិញ​ក្នុងអំឡុង​សវនាការ លោក វន់ ពៅ បាន​ដួលសន្លប់​នៅក្នុង​រង្វង់​ក្រចកសេះ​ខណៈ​លោក​កំពុង​តតាំង​ឆ្លើយ​ដោះ​បន្ទុក​ពី​ព្រះរាជអាជ្ញារ។ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក វន់ ពៅ មិនមាន​ស្ថាន​ភាពល្អ មេធាវី​ការពារ​ក្តី​បានស្នើ​តុលា​ការលើក​ពេល​សវនាការ​ជាច្រើន​ដង តែ​តុលាការ​បាន​បដិសេធ​ដោយអះអាង​ថា ស្ថានភាព​លោក​ វន់ ពៅ​ អាចបន្តសវនាការទៀតបាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ