ទីភ្នាក់ងារបញ្ជូនពលករទៅក្រៅប្រទេសត្រូវបានតម្រូវឲ្យគោរពបទបញ្ញតិថ្មី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វគ្គបណ្តុះបណ្តាលស្តីពីបទបញ្ញតិថ្មី ស្តីពីការគ្រប់គ្រងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ត្រូវបានបើកធ្វើឡើងជាលើកដំបូង ជូនភ្នាក់ងារបញ្ជូនពលករ។ វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយអង្គការការងារអន្តរជាតិ(ILO) បានបើកធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៥មីនា នេះ នៅទីក្រុងភ្នំពេញ និងស្របពេលដែលពលករកម្ពុជាដែលត្រូវបានបញ្ជូនទៅធ្វើការនៅក្រៅប្រទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន តែងតែជួបបញ្ហាមិនចេះចប់។
បញ្ញតិថ្មីសម្រាប់ទីភ្នាក់ជ្រើសរើសពលករឯកជន ក្នុងការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសត្រូវបានផ្សព្វផ្សាយនៅក្នុងវគ្គបណ្តុះបណ្តាលមួយ ដែលបើកធ្វើថ្ងៃអង្គារទី ២៥ មីនានេះនៅសណ្ឋាគារ Imperial Hotel Gardenទីក្រុងភ្នំពេញ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើនការការពារដល់ពលករចំណាកស្រុក កាត់បន្ថយការកេងចំណេញកម្លាំងពលកម្ម ពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស។
វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងខណៈដែលពលករកម្ពុជាដែលត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្រៅប្រទេសតាមរយៈទីភ្នាក់ងារជ្រើសរើសពលករឯកជន តែងតែជួបបញ្ហាការរំលោភសិទ្ធិ ការកេងកម្លាំងពលកម្ម និង ការជួញដូរជាដើម។ អង្គការការងារអន្តរជាតិ ILO និង សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលនេះដល់បណ្តាទីភា្នក់ងារដែលជ្រើសរើសពលករឯកជនទៅធ្វើការនៅក្រៅប្រទេស ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គ្រប់ទីភ្នាក់ងារជ្រើសរើសពលករឯកជនទាំងអស់ត្រូវតែប្រតិបត្តិតាមខ្លឹមសារនៃសេចក្តីប្រកាសទាំង៨ ដែលចេញដោយក្រសួងការងារ និង អនុក្រឹតស្តីពីការគ្រប់គ្រងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទីភ្នាក់ងារជ្រើសរើសពលករឯកជនដែលមិនបានគោរពតាមសេចក្តីប្រកាសនេះនឹងត្រូវផ្អាកប្រតិបត្តិការរហូតទាល់តែពួកគេឆ្លើយតបតាមសេចក្តីប្រកាសរបស់ក្រសួង។
សួមបញ្ជាក់ថា កាលពីខែ កញ្ញា ឆ្នាំ២០១៣ កន្លងទៅ ក្រសួងការងារបានចេញសេចក្តីប្រកាសថ្មីចំនួន៨ដែលបំពេញបន្ថែមអនុក្រឹត្យលេខ១៩០ ស្តីពីការបញ្ជួនពលករខ្មែរទៅធ្វើការនៅបរទេស។ សេចក្តីប្រកាសនេះតម្រូវឲ្យទីភ្នាក់ងារជ្រើសរើសពលករឯកជនទទួលខុសត្រូវលើប្រព្រឹត្តកម្ម តាមរយៈការធ្វើអធិការកិច្ចយ៉ាងទៀងទាត់ និងយន្តការដោះស្រាយបណ្តឹង។ ទីភ្នាក់ងារជ្រើសរើសពលករឯកជនក៏ត្រូវតែដោះស្រាយបណ្តឹងពលករឲ្យបានក្នុងរយៈពេល១០ថ្ងៃក្រោយពីទទួលបានបណ្តឹង។
កាលពីឆ្នាំ២០១៣ កន្លងមក ពលករកម្ពុជាដែលធ្វើចំណាកស្រុកស្របច្បាប់ទៅធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណជាជាង ២ម៉ឺននាក់ គឺបានថយចុះ៣៦ ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១២ ។ ប្រទេសដែលពលករកម្ពុជាទៅធ្វើការរួមមាន ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជារឿយៗ ពលករខ្មែរមួយចំនួនបានរងគ្រោះដោយការរំលោភបំពាន ឬការជួញដូរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ