កាណូត៤គ្រឿងត្រៀមដឹកអ្នកដំណើរពីព្រែកព្នៅទៅតាខ្មៅមុនចូលឆ្នាំខ្មែរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រសួងសាធារណៈការនិងដឹកជញ្ជួន នឹងដាក់ឲ្យប្រើប្រាស់កាណូតដឹកអ្នកដំណើរនៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ដែលជាផ្នែកមួយជួយកាត់បន្ថយការកកស្ទះចរាចរណ៍។ កាណូតដឹកអ្នកដំណើរតាមផ្លូវទឹកនេះ នឹងចេញពីចំណុច កំពង់ផែ ស្ពានព្រែកព្នៅ ទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានកំពង់ផែចំនួន១៥កន្លែង។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជួន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅពេលចុះត្រួតពិនិត្យការសាងសង់កំពង់ផែផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ដែលគ្រោងដាក់ឲ្យដំណើរការមុនចូលឆ្នាំខ្មែរនេះថា ការដឹកអ្នកដំណើរតាមផ្លូវទឹកនេះ គឺប្រើប្រាស់កាណូតចំនួន៤គ្រឿង ដោយក្នុងមួយគ្រឿងៗ អាចផ្ទុកមនុស្សបានចន្លោះពី៤៨ទៅ៦០នាក់។
រាល់កាណូតនីមួយៗត្រូវមានបំពាក់អាវពោងគ្រប់គ្រាន់សម្រាប់អ្នកដំណើរ ដើម្បីការពារសុវត្ថិភាព នៅពេលជួបគ្រោះអាសន្ន។ នេះជាអះអាងរបស់លោក ស៊ុន ចាន់ថុល ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន។
បើតាមលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាណូត៤គ្រឿងនេះ គឺមាន២គ្រឿងជាកាណូតដែលមានស្រាប់របស់ក្រុម Royal ធ្លាប់ដឹកភ្ញៀវទេសចរណ៍ទៅលេងសៀមរាប តាមដងទន្លេសាប និង២គ្រឿងទៀត ទើបតែទិញថ្មីពីប្រទេសវៀតណាម ដោយតម្លៃ២០ម៉ឺនដុល្លារក្នុងមួយគ្រឿង។
ការបើកឲ្យធ្វើចរាចរណ៍តាមផ្លូវទឹកជាលើកដំបូងនេះ គឺចាប់ផ្តើមនៅថ្ងៃទី៦ខែមេសាខាងមុខ ពោលគឺមុនពេលបុណ្យចូលឆ្នាំខ្មែរមកដល់ ដោយប្រើរយៈពេល៤៥នាទី ពីព្រែកព្នៅ ទៅតាខ្មៅ ហើយនេះក៏ជាផ្នែកមួយជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមផ្លូវគោកនៃទីក្រុងភ្នំពេញ។ នេះជាបញ្ជាក់របស់លោករដ្ឋមន្រ្តីដដែល។
ទោះជាយ៉ាងណា លោក ស៊ុន ចាន់ថុល មិនបានបញ្ជាក់ថា តើការធ្វើដំណើរតាមផ្លូវទឹកនេះ អ្នកដំណើរត្រូវចំណាយថ្លៃម្នាក់ៗប៉ុន្មានទេ ក្នុងពេលធ្វើដំណើរពីព្រែកព្នៅ ទៅតាខ្មៅនោះ ដោយថារង់ចាំការពិភាក្សាគ្នាជាមួយមន្រ្តីជំនាញជាមុនសិន។
បើតាមក្រសួងសាធារណៈការ គឺមាន១៥កំពង់ផែកាណូតសម្រាប់ដឹកអ្នកដំណើរ ពីព្រែកព្នៅ ទៅតាខ្មៅ។
កំពង់ផែទី១ នៅគល់ស្ពានព្រែកព្នៅត្រើយខាងកើត ទី២ នៅចំណុចគីឡូម៉ែត្រលេខ៦ ទី៣នៅខាងមុខឃ្លាំងសាំងឬស្សីកែវ ទី៤ នៅផែបណ្ដែតមុខផ្សាររាត្រី ទី៥ នៅកំពង់ចម្លងកោះពេជ្រ-អារីយ៍ក្សត្រ ទី៦ នៅភូមិដើមចាន់ឬគល់ស្ពានក្បាលថ្នល់ខាងកើត ទី៧ នៅចំណតរថយន្តចាក់អង្រែក្រោម។ ក្រៅពីនោះក៏មានផងដែរកំពង់ផែទី៨ នៅបាក់ខែង ត្រង់ផ្លូវបំបែកលី យ៉ុងផាត់ ទី៩ ទល់មុខផ្សារព្រែកលៀប ទី១០ នៅជាប់សណ្ឋាគារសុខាភ្នំពេញ ទី១១ នៅភូមិកោះនរា ទី១២ នៅកំពង់ចម្លងក្តីតាកុយ ទី១៣ នៅកំពង់ចម្លងតាព្រហ្មមាត់ក្រសះ ខណៈនៅខេត្តកណ្តាល អ្នកដំណើរត្រូវរង់ចាំនៅមុខវត្តព្រែកសំរោងក្រុងតាខ្មៅ និងកំពង់ចម្លងរោងចក្រក្តារបន្ទះផ្លូវត្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ