ខូប៥ឆ្នាំនៃមរណភាពលោកឈុត វុទ្ធី៖ អង្គការសង្គមស៊ីវិលធ្វើខួប និងរំពឹងរកយុត្តិធម៌
នៅថ្ងៃទី២៦ ខែមេសា ខាងមុខនេះ គឺជាថ្ងៃ ដែលឃាតករបាញ់សម្លាប់លោកឈុត វុទ្ធី កាលពីរយៈពេល៥ឆ្នាំ។ ក្រុមអង្គការសង្គមស៊ីវិល ដែលចាត់ទុកលោកឈុត វុទ្ធី ជា «វីរបុរសព្រៃឈើ» នឹងនាំគ្នារំឭកវិញ្ញាណខន្ត និងវីរៈភាពរបស់លោក តាមរយៈយុទ្ធនាការដាក់រូបភាពរបស់លោកតាមបណ្តាញសង្គម ជួបជុំគ្នាមើលវីដេអូឯកសារសកម្មភាពរបស់លោក និងការធ្វើពិធីសាសនាផង។
ចុះផ្សាយនៅថ្ងៃ៖
លោកសេង សុខហេង ជាអ្នកសម្របសម្រួលលេខាធិការដ្ឋាននៃបណ្ដាញសហគមន៍ព្រៃឡង់បានប្រាប់វិទ្យុបារាំងអន្តរជាតិថា ដើម្បីរំឭកវិញ្ញាណខន្ត និងវីរភាពរបស់លោកឈុត វុទ្ធី បណ្តាញសហគមន៍នឹងរៀបចំធ្វើកម្មវិធីនៅពីរទីតាំងផ្សេងគ្នា គឺនៅក្នុងព្រៃឡង់នៃខេត្តព្រះវិហារ និងនៅរាជធានីភ្នំពេញ។
លោកសេង សុខហេងបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារនឹងធ្វើយុទ្ធការក្នុងព្រៃឡង់ ដែលមានអ្នកចូលរួមពី៣០០នាក់ទៅ៤០០នាក់ ហើយមានការដាក់រូបថតរបស់លោកនៅក្នុងព្រៃថែមទៀតផង។ ក្រៅពីនេះក៏មានយុទ្ធនាការតាមបណ្តាញសង្គមហ្វេសប៊ុកដែរ។ ចំណែកនៅរាជធានីភ្នំពេញវិញ លោកបានឲ្យដឹងថានឹងមានការរៀបចំពិធីរំឭកវិញ្ញាណក្ខន្ធរបស់លោកនៅទីតាំងណាមួយ តែពេលនេះលោកមិនទាន់ដឹងច្បាស់នៅឡើយទេ។
យុទ្ធនាការរំឭកខួប៥ឆ្នាំ នៃការបាញ់សម្លាប់លោកឈុត វិទ្ធីនេះ គឺធ្វើឡើងដើម្បីបង្ហាញសាធារណៈជនឲ្យបានដឹងថាលោកឈុត វុទ្ធី ជាប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានបាញ់សម្លាប់ ហើយមកដល់ពេលនេះ មិនទាន់ត្រូវបានផ្តល់យុត្តិធម៌ទៅលោក ឬក្រុមគ្រួសាររបស់លោកនៅឡើយទេ។ នេះបើតាមលោកសេង សុខហេង។
លោកទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៣ ខែមេសា ថាក្រុមយុវជនរបស់លោក បាននឹងកំពុងធ្វើយុទ្ធនាការផ្លាស់ប្តូររូបភាព Profile តាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីរំឭកគុណរបស់លោកក្នុងការលះបង់ជីវិត ដើម្បីការការពារព្រៃឈើ និងធនធានធម្មជាតិ។
លោកបញ្ជាក់ថា នៅម៉ោង៥ល្ងាចថ្ងៃទី២៦ ខែមេសាខាងមុខនេះ មានអ្នកចូលរួមប្រមាណ២០០នាក់ នៅខាងមុខព្រះបរមរាជវាំង ដោយម្នាក់ៗមានទូរស័ព្ទដៃ ដើម្បីមើលវីដេអូឯកសារ “I AM CHHUT VUTHY”។ យុទ្ធនាការនេះធ្វើឡើង ដើម្បីបង្ហាញថាការស្លាប់របស់លោកឈុត វុទ្ធី មិនទាន់បានទទួលយុត្តិធម៌នៅឡើយ។ បើតាមលោកទឹម ម៉ាឡែ ការជួបជុំរបស់លោកមិនបានសុំការអនុញ្ញាតពីសាលាក្រុងភ្នំពេញទេ ដោយលោកអះអាងថានៅក្នុងសង្គមប្រជាធិបតេយ្យការជួបជុំមិនមានការហាមប្រាមពីច្បាប់ទេ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានឆ្លើយតបយ៉ាងខ្លីថា សង្គមប្រជាធិបតេយ្យមិនមែនសង្គមអនាធិបតេយ្យទេ ហើយលោកថាការ ដែលជួបជុំគ្នាដោយគ្មានច្បាប់ទម្លាប់នេះហើយ ហៅថាសង្គមអនាធិបតេយ្យ។ លោកបញ្ជាក់ថារហូតមកដល់ពេលនេះ សាលាក្រុងភ្នំពេញមិនទាន់បានទទួលលិខិតសុំអនុញ្ញាតណាមួយពីបណ្ដាញយុវជនកម្ពុជានៅឡើយទេ ហើយសាលាក្រុងនឹងហាមឃាត់ចំពោះសកម្មភាពជួបជុំណាដែលគ្មានការអនុញ្ញាត។
សូមជម្រាបជូនថា លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២ នៅភូមិវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងពេលដែលលោកបានជូនផ្លូវក្រុមអ្នកកាសែត២រូបរបស់កាសែត The Cambodia Daily ចុះយកព័ត៌មាននៅជិតដែនព្រៃការពារក្នុងខេត្តកោះកុង ជាទីកន្លែងដែលលោកធ្លាប់ព្យាយាមជាច្រើនដង ដើម្បីបើកកកាយសំណុំរឿងកាប់ព្រៃឈើខុសច្បាប់ ដែលមានទាក់ទងនឹងមន្ត្រីយោធា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ