កម្ពុជា

អេស៊ីលីដា៖ ការ​ផ្លាស់​ប្តូរ​និមិត្ត​សញ្ញា «រូបហង្ស» នៅ​សាខាទូ​ទាំង​ប្រទេស សម្រេច​បាន​ជាង​ ៩៥%​

រួប​សញ្ញា​ថ្មី​របស់​ធនាគារ​អេស៊ីលីដាត្រូវ​បាន​ផ្លាស់​ប្តូរ​នៅ​ការិយា​ល័យ​​កណ្តាល ក្នុង​ក្រុង​ភ្នំ​ពេញ
រួប​សញ្ញា​ថ្មី​របស់​ធនាគារ​អេស៊ីលីដាត្រូវ​បាន​ផ្លាស់​ប្តូរ​នៅ​ការិយា​ល័យ​​កណ្តាល ក្នុង​ក្រុង​ភ្នំ​ពេញ RFI

បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​និមិត្ត​សញ្ញា« រូបហង្ស» របស់ធនាគារ​អេស៊ីលីដា កាល​ពី​សប្តាហ៍​មុន រហូត​មក​ទល់​ពេល​នេះ ការងារ​ផ្លាស់​ប្តូរ​និមិត្ត​សញ្ញា​ពាណិជ្ជកម្ម (ឡូហ្គូ) សម្រេច​បាន​ជាង ៩៥% ហើយ ។ នេះ​បើ​តាម លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា។ សូម​បញ្ជាក់​ថា រដ្ឋាភិបាល បាន​ទុក​រយៈពេល​ចំនួន ៣ សប្តាហ៍ ឲ្យ​ធនាគារ​អេស៊ីលីដា ក្នុង​ការ​ផ្លាស់​ប្តូរ​ឡូហ្គូ​នៅ​គ្រប់​សាខា​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលី​ដា បាន​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ​ ដឹង​ថា​ គិតចាប់​តាំង​ពី​ការ​សម្រេច​របស់​គណៈ​រដ្ឋមន្រ្តី ឲ្យ​ផ្លាស់​ប្តូរ​រូប​សញ្ញា ពាណិជ្ជកម្ម «រូបហង្ស» កាល​ពី​ថ្ងៃ​ទី ១៧ កុម្ភៈ រហូត​មក​ទល់​ពេល​នេះ ក្រុម​ការងារ​បាន​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា បាន​ចំនួន ២៤៩ សាខា នៅក្នុង​ចំណោម ២៥៩ សាខា នៅ​ទូទាំង​ប្រទេស​កម្ពុជា។ លោក អ៊ិន ចាន់នី រំពឹង​ថា ការ​ផ្លាស់​ប្តូរ​និមិត្ត​សញ្ញា​នេះ​ នឹង​រួច​រាល់​ចប់​សព្វ​គ្រប់ នៅ​ក្នុង​សប្តាហ៍​នេះ​។

 
សូម​រំឮក​ឡើង​វិញថា ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សម្រេច ​តាមរយៈ​កិច្ច​ប្រជុំពេញ​អង្គគណៈរដ្ឋ​មន្ត្រី​ទុក​រយៈ​ពេល​៣សប្តាហ៍​ឲ្យ​ ធនាគារ​អេស៊ីលីដា ផ្លាស់​ប្តូរ​និម្មិត​សញ្ញា«រូបហង្ស»របស់​ខ្លួន​ចេញ​។ ការ​កំណត់​នេះ គឺ​ដើម្បី​ចៀស​វាង​ការ​យល់​ច្រឡំ​របស់​ប្រជា​ពលរដ្ឋ រវាង​ធនាគារ​ឯកជន​មួយ​នេះ និង​រូប​សញ្ញា​ក្រសួង​ហិរញ្ញ​វត្ថុ ដែល​ជា​និម្មិត​សញ្ញា​របស់​ជាតិ។ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តល់​ពេល​វេលា​ ក្នុង​ការ​ផ្លាស់​ប្តូរ​រូប​សញ្ញា​លោហ្គូរបស់​ខ្លួន រយៈ​ពេល ៣ សប្តាហ៍​។​

ជុំវិញការ​ផ្លាស់​ប្តូរ​រូប​ញ្ញា​នេះ លោក​អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា​ធនាគារអាច​នឹង​ចំណាយ​ថវិកា​យ៉ាងហោចណាស់ ​​៣.៥ លាន​ដុល្លារ​អាមេរិក​។ លោក​ចាន់​នី​បន្ថែម​ថា​បច្ចុប្បន្ន​នេះ ធនាគារ​មានសាខា​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​២៥៩​កន្លែង សាខា​ក្នុង​ប្រទេសឡាវ​៤១​កន្លែង និង​ភូមា៦​កន្លែង ​ដែល​ត្រូវផ្លាស់​ប្តូរ​រូប​សញ្ញា​ទាំង​អស់ ហើយ​អាច​ចំណាយ​អស់​ប្រមាណ​១លាន២សែន​ដុល្លារ​។ ចំណែក​ស្លាក​សញ្ញា ដែល​មាន​នៅ​លើ​ឯកសារ​ផ្សេង​ទៀត ដូច​ជា​បណ្ណ​ឥណទាន​ជា​ដើម ក៏​ត្រូវ​ផ្លាស់​ប្តូរ​ដូច​គ្នា​ដែរ ហើយ​ចំណាយមិន​តិច​ជាង​២លាន​ដុល្លារ​អាមេរិក​នោះ​ទេ។

ក៏​ប៉ុន្តែ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារអេស៊ីលីដា បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ ធនា​គារ មិនទាន់​បាន​ផ្លាស់​ប្តូរ​កាត ATM នៅ​ឡើយ​នោះ​ទេ​។

បើ​ទោះ​បី​ជា មាន​ការ​ផ្លាស់​ប្តូរ រូប​សញ្ញា យ៉ាង​ណាក៏​ដោយ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ដែល​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​លើកឡើង​ថា​ នឹង​មិន​ប៉ះពាល់​ដល់​អាជីវកម្ម​របស់ ធនាគារនោះ​ទេ​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI