កម្ពុជា-តុលាការ

អង្គការ​អន្តរ​ជាតិ​ស្នើ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​មន្រ្តី​សិទ្ធិ​មនុស្ស​៥​នាក់

មន្រ្តីអាហុក៤រូប និង​មន្រ្តីគ.ជ.ប
មន្រ្តីអាហុក៤រូប និង​មន្រ្តីគ.ជ.ប @ Soksan Yi

អង្គការ​​អន្តរ​ជាតិ​​ចំនួន​​ ៥​ ​កាល​ពី​​ម្សិល​មិញ​​បាន​​ស្នើ​ឲ្យ​​ទម្លាក់​​បទ​ចោទ​លើ​​មន្ត្រី​​អាដហុក​​ ៤ ​​រូប និង​​មន្ត្រី ​គ.ជ.ប ​១​ ​រូប​ ​ក្នុង​សំណុំ​រឿង ​​សូក​ប៉ាន់​​សាក្សី​។ ​ការ​ស្នើ​របស់​​អង្គការ​ទាំង​នេះ ​គឺ​ធ្វើ​មុន​​ពេល​​ដែល​អ្នក​ទាំង​នោះ​​​ត្រូវ​​ចូល​​ឆ្លើយ​​បំភ្លឺ​​នៅ​​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​នៅ​​​ថ្ងៃ​ទី​១៨​​ខែ​កញ្ញា​ខាងមុខ​​ បន្ទាប់​ពីលើកពេល​​គម្រោង​ឲ្យ​ចូល​​បំភ្លឺ​នៅថ្ងៃ​ចន្ទ​នេះ​​។

ផ្សាយពាណិជ្ជកម្ម

អង្គការ​​ទាំង​​ ៥​ ​ដែល​ទទូច​ឲ្យ​​ទម្លាក់​ចោល​បទ​​ចោទ​​លើ​​មន្រ្តី​​សិទ្ធិ​​មនុស្ស​ទាំង​​នេះ​ គឺ​មាន​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​​មនុស្ស ​Human​ Rights​ Watch​ ​អង្គការ​​សម្ព័ន្ធ​​អ្នក​កាសែត​​អាស៊ី​អាគ្នេយ៍​​ (SEAPA)​​ក្រុម​​សមាជិក​​សភា​​អាស៊ាន​​ដើម្បី​​សិទ្ធិ​មនុស្ស​ (APHR)​ ​ ​បណ្ដាញ​​អាស៊ី​​សម្រាប់​​ការ​បោះឆ្នោត​​ដោយ​​សេរី​(ANFREL)​និង​សម្ព័ន្ធ​​ពិភព​លោក​​ដើម្បី​​ការ​ចូលរួម​​របស់​​ពលរដ្ឋ​​​(CIVICUS)​​។​ ក្នុង​​សេច​ក្តី​​ថ្លែង​ការណ៍​​ថ្ងៃ​ទី​២៦​​ខែ​សីហា ​អង្គការ​អន្តរជាតិ​ទាំង​នេះ ​​បាន​​ហៅ​ការ​ចោទ​​ប្រកាន់​​លើ​​អ្នកការ​ពារ​​​សិទ្ធិ​មនុស្ស​អាដហុក​នេះថា​​ជា​«​ការ​​ប្រឌិត​​ឡើង​​ពាក់​ព័ន្ធ​​នឹង​​រឿង​​នយោបាយ​»​​។

គួរំ​ឮក​ថា ​មន្ត្រី​​អាដហុក​ ៤​ ​រូប​ គឺ​លោក​ យី សុខសាន្ត​ ​លោក​ ណៃ វ៉ង់ដា​ ​លោក​ នី សុខា លោកស្រី​ លឹម មុនី ​និង​ ​លោក នី ចរិយា ​មន្ត្រី​ គ.ជ.ប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​ចោទប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់ នាង ខុម ចាន់ដារ៉ាទី ហៅ ស្រី មុំ​។ ស្រី មុំ ដែលត្រូវបានគេចោទប្រកាន់ថា នាងមាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ ​លោក កឹម សុខា កាលពី​ឆ្នាំ​ ២០១៦​។ ហើយ​មន្រ្តី​ទាំងនោះ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជាង​ ១៤ ​ខែ​ ទើបមានការដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ចុង​ខែ​មិថុនា​ឆ្នាំ២០១៧​។

ថ្វីត្បិតអ្នកទាំង៥ បាននៅក្រៅឃុំបណ្តោះអាសន្នមែន ប៉ុន្តែចៅក្រមនៅមិនទាន់​ទម្លាក់​ចោល​បទ​ចោទ​នៅឡើយទេ ដោយ​តម្រូវឲ្យពួកគេចូល​​ឆ្លើយបំភ្លឺនៅថ្ងៃទី១៨​ខែ​កញ្ញាខាង​មុខ​ បន្ទាប់ពីលើកពេល​​ចូល​បំភ្លឺនៅថ្ងៃចន្ទទី២៧សីហានេះ។ ការ​លើកពេល​នេះ ត្រូវបានតុលាការ​សំអាងថា ដោយ​សារតែ​ពុំមាន​វត្តមាន​សាក្សី​សំខាន់​ផ្សេងទៀត​ចូល​រួម ក្នុងនោះមាន នាង ខុម ចាន់​ដារ៉ាទី ហៅ​ស្រី មុំ និង​អ្នកស្រី ទ្រី ឈួន ជាមេធាវីការពារ​ក្តីជាដើម។

លោក​ យី សុខសាន្ត ជាមន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេតនៃសមាគម​អាដហុក បានសរសេរ​លើ​ហ្វេសប៊ុក​របស់​លោកថា «អ្នកធ្វើការ សិទ្ធិមនុស្ស ឬ អ្នកការពារ សិទ្ធមនុស្ស មិនត្រូវទទូល បានទោសនោះ ទេ សូមឲ្យ តុលាការទម្លាក់ចោលការចោទប្រកាន់មកលើ មន្ត្រី សិទ្ធិមនុស្ស»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI