រដ្ឋសភា៖អនុម័តយល់ព្រមឲ្យកម្ពុជាក្លាយជាស្ថាបនិកនៃសមាជិកធនាគារAIIBរបស់ចិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅទីបំផុតរដ្ឋាភិបាលកម្ពុជាបានសិទ្ធិពេញលេញក្នុងការចូលរួមជាសមាជិកនៃស្ថាបនិកក្នុងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ីហៅកាត់ថា(AIIB) ដែលមានប្រទេសចិនជាអ្នកផ្តួចផ្តើមគំនិតឲ្យបង្កើតស្ថាប័នហិរញ្ញវត្ថុនេះ។ គួរជម្រាបជូនថា រដ្ឋាភិបាលបានចុះហត្ថលេខាក្នុងឋានៈជាស្ថាបនិកលើកកិច្ចព្រមព្រៀងបង្កើតធនាគារAIIB នេះឡើងកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៥នៅទីក្រុងប៉េកាំងប្រទេសចិន។
ការបើកផ្លូវឲ្យកម្ពុជាក្លាយជាសមាជិកនិងជាស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ីហៅកាត់ថា(AIIB)ធ្វើឡើងបន្ទាប់ពីការលើកដៃអនុម័តយល់ព្រមដោយសមាជិករដ្ឋសភាចំនួន៩៣រូបមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ក្នុងចំណោមសមាជិករដ្ឋសភា៩៨រូប ដែលចូលរួមកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃទី១៣មករា។ អ្វីដែលជាការកត់សម្គាល់លោក សុន ឆ័យ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបួនរូបផ្សេងទៀតមិនបានលើកដៃយល់ព្រមនោះទេ។
មុនមានការអនុម័តយល់ព្រមពីរដ្ឋសភាគឺតំណាងរដ្ឋាភិបាលមកពីក្រសួងសេដ្ឋកិច្ច លើកឡើងថា លក្ខណៈពិសេសរបស់ធនាគារនេះជាធនាគារដែលអាស៊ីជាម្ចាស់ ពោលគឺសំរាប់អាស៊ីមានដើមទុន៧៥ភាគរយនិងក្រៅតំបន់អាស៊ីមានដើមទុន២៥ភាគរយ។
បើតាមតំណាងរដ្ឋាភិបាលការចុះហត្ថលេខាក្នុងឋានៈជាស្ថាបនិកលើកកិច្ចព្រមព្រៀងបង្កើតធនាគារ AIIB ធ្វើឡើងកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៥ នៅទីក្រុងប៉េកាំងប្រទេសចិន។ ហើយរដ្ឋាភិបាលចាត់ទុកថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តលើកទី០២ដែលកម្ពុជាបានចូលរួមបានចូលរួមបង្កើតស្ថាប័នហរិញ្ញវត្ថុអន្តរជាតិនេះឡើងបន្ទាប់ពីបានចូលរួមជាសមាជិកស្ថាបនិកក្នុងការបង្កើតធនាគារអភិវឌ្ឍន៍អាស៊ីADBកាលពីឆ្នាំ១៩៦៦។
រដ្ឋាភិបាលមើលឃើញថា ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ីហៅកាត់ថា AIIB មានសារៈសំខាន់ចំពោះកម្ពុជាទើបសម្រេចនឹងដាក់ទុនក្នុងកម្រិតប្រហាក់ប្រហែលនឹងទុនដែលបានដាក់ក្នុងធនាគារអភិវឌ្ឍន៍អាស៊ីADB ដើម្បីឲ្យកម្ពុជាមានទម្ងន់គ្រប់គ្រាន់សម្រាប់ការពារផលប្រយោជន៍របស់ខ្លួន។
ហើយកម្ពុជានឹងត្រូវទិញភាគហ៊ុនចំនួន៦២៣ភាគហ៊ុនស្មើនឹង០,០៦៣៥ ភាគរយនៃដើមទុនសរុបដែលមានតម្លៃ៦២,៣០លានដុល្លារអាមេរិក។ តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជាត្រូវបង់ដើមទុនដំបូងចំនួន១២,៤៦លានដុល្លារអាមេរិកជា១០ដំណាក់កាលក្នុងរយៈពេល១០ឆ្នាំចាប់ពីឆ្នាំ២០១៥ ដែលក្នុងមួយឆ្នាំត្រូវបង់ចំនួនជាង មួយលាន ពីរសែន ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ប្រទេសចិនដែលជាអ្នកផ្តួចផ្តើមគំនិតឲ្យបង្កើតស្ថាប័ន ហិរញ្ញវត្ថុនេះឡើងដោយដាក់ឈ្មោះថា « ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ី » ដែលចូលរួមដោយប្រទេសចំនួន ២០ទៀត រួមមាន កម្ពុជា វៀតណាម ឡាវ ភូមា សិង្ហបុរី ម៉ុងហ្គោលី ម៉ាឡេស៊ី គូវ៉ែត ព្រុយណេ បង់ក្លាដែស នេប៉ាល់ អូម៉ង់ ប៉ាគីស្ថាន ឥណ្ឌា ហ្វីលីពីន ស្រីលង្កា អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន និង ប្រទេសកាតា។
កម្មវត្ថុសំខាន់នៃការបង្កើតឲ្យមានធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធ អាស៊ីនេះឡើង គឺដើម្បីចូលរួមជួយទំនុកបម្រុងផ្នែកថវិកាដល់គម្រោងអភិវឌ្ឍរបស់ ប្រទេសសមាជិក ពិសេសការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធមានដូចជាទំនប់ទឹក កំពង់ផែ ប្រព័ន្ធផ្លូវថ្នល់ ឬមួយក៏ផ្នែកផ្សេងៗទៀតដែលជាតម្រូវការចំាបាច់របស់ប្រទេសជាតិ។ គេអាចនិយាយដោយសាមញ្ញថា ធនាគារវិនិយោគហេដ្ឋារចនាសម័្ពន្ធអាស៊ី គឺជាប្រភព ហិរញ្ញវត្ថុរួមមួយដែលចូលរួមដាក់វិភាគទានដោយសមាជិកនីមួយៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ