អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការ​បើក​ការ​ស៊ើប​អង្កេត​បណ្ដាញ​ចលនា​សង្គ្រោះជាតិ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

តំណាងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ
តំណាងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ @RFI
ដោយ៖ អេង គីមហុង
១៦ នាទី

ភ្លាមៗ​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ក្រសួង​មហា​ផ្ទៃ​នៅថ្ងៃ​ទី១៦​កុម្ភៈ ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​នេះ ក៏​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះភ្លាមៗ​ដែរ ដោយ​មន្ត្រី​ទាំង​នោះ សុទ្ធ​សឹង​តែ​ជា​បណ្ដាញ​ចលនា​សង្គ្រោះជាតិ​រស់​នៅ​ក្នុងនិង​ក្រៅ​ប្រទេស។​ នេះ​បើតាម​មន្ត្រី​តុលា​ការ។

ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​​ LINE នៅ​ថ្ងៃ​សៅរ៍​ទី​១៧​កុម្ភៈ​នេះ​ថា សមាជិក​ពេញ​សិទ្ធិ​នៃ​ចល​នា​សង្គ្រោះជាតិ​ដែល​តុលាការ​កំពុង​បើក​ការ​ស៊ើប​អង្កេត​នោះ​រួមមាន៖ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ លោក រី គា ជា​អគ្គលេខា​ធិការ និង​លោក សៀ ភារម្យ ប្រធាន​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​ដែល​បាន​ភៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស និង​បាន​ចូល​រួមជាមួយ​ចលនា​សង្គ្រោះ​ជាតិ។ ក្រៅ​ពី​នេះ​ក៏​មាន​ដែរ អតីត​សមាជិក​គណបក្ស​សង្រ្គោះ​​ជាតិ​មួយ​ចំនួន​ទៀត​ ដូច​ជា លោកស្រី ជូឡុង ស៊ូមូរ៉ា ភរិយា​លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង លោក នុត រំដួល ជាដើម។

បើតាម​លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បណ្ដឹង​ដាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​សំដៅ​ទៅ​លើ​បុគ្គល មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កៀងគរ​ឲ្យ​បរទេ​ស​ដាក់​គំនាប​លើ​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ដែល​ទាមទារ​ឲ្យ​គេព្យួរអសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ។ ត្បិត​តែ​មិន​បញ្ចេញ​ឈ្មោះ តែ​តាម​សកម្ម​ភាព​គេ​អាច​សន្និដ្ឋាន​ថា លោក ខៀវ សុភ័គ សំដៅ​ដល់​កញ្ញា កឹម មនោវិទ្យា កូន​ស្រីលោក កឹម សុខា ដែល​ធ្លាប់​មាន​សកម្មភាព​ផុសផុល​នៅ​ក្រៅ​ប្រទេស​រហូត​មាន​ដំណឹងមក​ថា កញ្ញា​ស្នើ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ព្យួរ​អានៈ​កម្ពុជា។

ចំពោះ​សកម្មភាព​អ្នក​ដទៃ​ទៀត ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំង​១១៨ អស់​សិទ្ធិ​ធ្វើ​នយោ​បាយ​នោះ ​លោក ខៀវ សុភ័គ គូសបញ្ជាក់ថា ​នៅ​មិន​ទាន់​ប្រព្រឹត្ត​ដល់​ចំណុច​ក្រហម​​នៅ​ឡើយ​។ ចំណុច​ក្រហម​គឺ​ស្ថិត​នៅ​ក្នុង​គោល​ដៅ​មួយ​ដែល​ក្រសួង​មាន​ចំណាត់​ការ។

តែយ៉ាងណា ​លោក អេង ឆៃអ៊ាង សហស្ថាបនិក​នៃ​ចលនា​សង្រ្គោះ​ជាតិ ធ្លាប់បាន​បញ្ជាក់​​ប្រាប់​វិទ្យុ​បារាំង ​ថា លោក មិន​ចាប់​អារម្មណ៍​ចំពោះ​ចំណាត់​ការ​នេះ​ឡើយ ។ មិន​ចាប់​អារម្មណ៍ព្រោះ​ថា​នេះ មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​មក​លើ​អតីត​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។

ទោះជាបែបនេះក្ដីអ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​រំឭក​ទៅ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ដែល​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​គួរ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដោយ​យក​គំរូ​តាម​លោក ប៉ុល ហំម​។ លោក ប៉ុល ហំម អតីត​អ្នក​នយោបាយ​ជើង​ចាស់ ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ត្រូវបាន​មន្ត្រី​ក្រសួង​មហាផ្ទៃ​លើក​សសើរ​ថា មិន​ដែល​មក​ពាក់​ព័ន្ធក្នុង​រឿង​នយោបាយ​ទៀត​ឡើយ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ។ នេះបើតាមលោក ខៀវ សុភ័គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ