កម្ពុជា-សិទ្ធិមនុស្ស

អតីត​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ប្តឹង​ករណី​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ​ទៅ​​សភា​អាមេរិក​

ទិដ្ឋភាពជម្លោះដីធ្លីនៅខេត្តព្រះសីហនុថ្ងៃទី២៤មករា២០១៩
ទិដ្ឋភាពជម្លោះដីធ្លីនៅខេត្តព្រះសីហនុថ្ងៃទី២៤មករា២០១៩ @RFI

ក្រុម​អតីត​តំណាង​រាស្រ្ត​របស់​គណ​បក្ស​សង្រ្គោះជាតិ​ចំនួន​១៧​នាក់​ បាន​ប្តឹង​ករណី​ជម្លោះ​ដីធ្លី​ដែល​មាន​ការ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ ទៅ​កាន់​គណៈកម្មការ​សិទ្ធិមនុស្ស ​Tom​ Lantos​ របស់​សភា​សហរដ្ឋ​អាមេរិក​។ ​បណ្តឹង​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មករា​ គឺ​ក្រុម​អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​សុំ​ចូល​ខ្លួន ធ្វើ​ជា​សាក្សី​តំណាង​ឲ្យ​ជន​រង​គ្រោះ ​នៅចំពោះ​មុខ​សភា​អាមេរិក​នៅពេល​ខាង​មុខ​។​

ផ្សាយពាណិជ្ជកម្ម

ការ​ស្នើ​សុំ​ចូល​ខ្លួន​ធ្វើ​ជា​សាក្សី ​របស់​អតីត​ក្រុម​តំណាងរាស្ត្រ​ទាំងនេះ ​គឺ​នៅ​ខណៈ​ពេល​ដែល​សមត្ថ​កិច្ច​របស់កម្ពុជា​កំពុង​តែ​ស៊ើប​អង្កេត​ករណី​ជម្លោះ​ដីធ្លី​ដែល​កក្រើក​បណ្តាញ​សង្គម​ កាលពី​ថ្ងៃទី​២៤​ខែ​មករា​កន្លងទៅ។​
ក្នុង​វីអូឃ្លីប​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​បង្ហាញ​ឲ្យឃើញថា​ បុរស​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​កងរាជ​អាវុធហត្ថ ​បាន​ជាន់​ធាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត​ក្នុង​សម្លៀក​បំពាក់​ស៊ីវិល​ដោយ​ដៃជាប់​ខ្នោះ និង​កំពុង​ដេក​ដួល​លើដី​។ ​ចំណែក​បុរស​ម្នាក់​ទៀត​ស្លៀក​ពាក់​ឯក​សណ្ឋានជា​ទាហាន​ បាន​យក​ស្វ័យកាំ​ភ្លើង​ទៅវាយ​ខ្នង​បុរស​ម្នាក់​ដែល​ដៃ​កំពុង​ជាប់​ខ្នោះ​។

ករណីនេះ​ អ្នក​នាំពាក្យ​កងរាជ​អាវុធហត្ថ​ លោក​ អេង​ ហ៊ី ​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​RFI​នៅថ្ងៃ​សៅរ៍នេះ​ ថា គណកម្មការ​ចំពោះកិច្ច​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ ​ដោយ​បាន​កំណត់​អត្តសញ្ញា​ជន​ដៃ​ដល់​ដែល​វាយ​ពលរដ្ឋ​ដោយ​ស្វ័យ​កាំភ្លើង​ និង​ជាន់​ពី​លើ​ជនរង​គ្រោះនោះ​រួច​ហើយ​។ ​ប៉ុន្តែ​លោក​នៅមិន​ទាន់​អាច​សន្និដ្ឋាន​ចំពោះ​ការ​ដាក់​វិន័យ​លើ​ជន​ដៃ​ដល់​យ៉ាង​ណានៅ​ឡើយ​។

គួររំឭកជូនថា​ ជម្លោះដី​ធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ​កាលពីថ្ងៃ​ទី​២៤​ខែ​មករា​នោះ ​បណ្តាល​​ឲ្យ​មនុស្ស​ម្នាក់​របួស​ធ្ងន់​ដោយ​គ្រាប់កាំ​ភ្លើង​ និង​ម្នាក់​ទៀត​របួសស្រាល​។

ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ពលរដ្ឋ​រងរបួស​នេះ ​អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ ​អះអាងថា​សមត្ថកិច្ច​បាន​ទៅជួប​ជនរង​គ្រោះ និង​បាន​យក​គ្រាប់​កាំភ្លើង​ទៅ​ធ្វើ​កោសល​វិច្ច័យ​តែ​មិន​ទាន់​ចេញ​លទ្ធផល​នៅឡើយ​។

សូមជម្រាបថា​ ក្រោយ​ពី​ផ្ទុះ​ជម្លោះ​ដីធ្លី​​កក្រើក​បណ្តាញ​សង្គម​នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច មួយនៅ ២៨ ​ខែមករា​ ឆ្នាំ ២០១៩ ដោយមាន​សមាជិក​​ ៦ ​នាក់​ដឹកនាំ​ដោយ​លោក​សៅ ចន្ទ​គ្រឹ​ស្នា​ នាយការិយាល័យ​អធិការកិច្ច ​ចុះ​ធ្វើ​អធិការកិច្ច​ជាមួយ​អាជ្ញាធរ​ ស្ថាប័ន ​ព្រមទាំង​អ្នក​ដែល​ពាក់ព័ន្ធ​មក​ធ្វើការសាកសួរ ​បំភ្លឺ​ ដើម្បី​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ការពិត​ជាក់​ស្តែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI