សមាគមសហគ្រិនវ័យក្មេងកម្ពុជា បារម្ភចំពោះការទូទាត់ប្រាក់អតីតភាពការងាររបស់កម្មករ និយោជិត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៥ខែតុលាដោយសំដែងក្តីបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដល់ក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មឯកជន ដោយសារក្រសួងការងារតម្រូវឲ្យទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ ប៉ុន្តែសមាគមនេះ បានបញ្ជាក់ថាពួកគេ គាំទ្រការបង់ប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០១៩តទៅ តែការទូទាត់ប្រាក់អតីតភាពការងារដែលមានអនុភាពប្រតិសកម្ម ឬការអនុវត្តធាក់ថយក្រោយពួកគេថាប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍ជាងពីរទំព័រ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកហេតុផលជាច្រើនមកអះអាងពីផលប៉ះពាល់ជាអវិជ្ជមានចំពោះការតម្រូវរបស់ក្រសួងការងារឲ្យនិយោជកឬថៅកែ បង់ប្រាក់បំណាច់អតីតភាពការងារជូនកម្មករ និយោជិតតាមសេចក្តីប្រកាសថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨។
ផលលំបាករបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា គឺដោយសារតែកម្ពុជាមានថ្ងៃឈប់សម្រាកបុណ្យជាតិ និងការឈប់ប្រចាំឆ្នាំច្រើនលើសលប់ ហើយកម្មករ និយោជិតមានផលិតភាពការងារទាប ប្រៀបនឹងបណ្តាប្រទេសអាស៊ាន។ លើសពីនេះទៀត សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានបន្ថែមថា អាជីវកម្មខ្នាតតូច និងមធ្យម ត្រូវចំណាយថវិកាយ៉ាងច្រើនលើថ្ងៃឈប់សម្រាកឥតធ្វើការ និងការចំណាយលើការបណ្តុះបណ្តាលជំនាញ ដើម្បីផលិតភាពការងារ។
ជាមួយគ្នានេះ ការតម្រូវឲ្យក្រុមហ៊ុនអាជីវកម្មបង់ប្រាក់បំណាច់អតីតភាពការងារជាលក្ខណៈប្រតិសកម្ម ឬការអនុវត្តធាក់ថយក្រោយដល់កម្មករ និយោជិតនោះ គឺជាការបង្កើនបន្ទុកហិរញ្ញវត្ថុ ដែលមិនបានគ្រោងទុកជាមុន ហួសពីការស្មាន។
ទោះជាយ៉ាងណាក៏ដោយ សមាគមនេះ បានបញ្ជាក់ថាពួកគេ គាំទ្រការបង់ប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០១៩តទៅ តែការទូទាត់ប្រាក់អតីតភាពការងារ ដែលមានអនុភាពប្រតិសកម្ម ឬការអនុវត្តធាក់ថយក្រោយពួកគេថាប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជាពេល អនាគត។
ជាងនេះទៅទៀត ការតម្រូវឲ្យបើកប្រាក់ខែពីរដងក្នុងមួយខែ ក៏ជាអ្វីដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា យល់ថា ជាបន្ទុកចំណាយ និងកង្វះការពិភាក្សាគ្រប់គ្រាន់ជាមួយដៃគូឯកជន ដែលជាក្តីបារម្ភពីផលប៉ះពាល់ដល់ការបង្កើតការងារថ្មីៗ។ ជាមួយគ្នានេះ ពួកគេលើកឡើងទៀតថា ប្រកាសរបស់ក្រសួងការងារនេះ ហាក់ផ្ទុយនឹងឆន្ទៈលើកទឹកចិត្តដល់អាជីវកម្មខ្នាតតូច និងមធ្យមតាមរយៈការបន្ធូរបន្ថយពន្ធ ឬលើកលែងពន្ធ។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារ ការទូទាត់ប្រាក់អតីតភាពការងារ គឺធ្វើឡើងចំពោះកម្មករ និយោជិត ដែលមានកិច្ចសន្យាមិនកំណត់តែប៉ុណ្ណោះ។ ចំណែកកម្មករ និយោជិតដែលប្រើកិច្ចសន្យាមានថេរវេលាកំណត់ ការទូទាត់ប្រាក់អតីតភាពការងារ គឺត្រូវធ្វើនៅពេលបញ្ចប់កិច្ចសន្យា ហើយចំនួនប្រាក់បំណាច់យ៉ាងតិច៥%នៃប្រាក់ឈ្នួល ប្រសិនជាគ្មានចែងក្នុងអនុសញ្ញារួមទេនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ