កម្ពុជា-សង្គម

ឧទ្ធម្ភាគចក្រ​ចិន​៦​គ្រឿង បាន​មក​ដល់​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​សមយុទ្ធនាគ​មាស​ឆ្នាំ​២០១៩

រូបភាព៖តំណាង
រូបភាព៖តំណាង @RFI

ឧទ្ធម្ភាគចក្រចិន​ចំនួន​៦គ្រឿង បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី ១០ មីនា​នេះ ដើម្បីត្រៀម​ចូលរួម​នៅ​ក្នុង​លំហាត់​សមយុទ្ធ​នាគមាស​ឆ្នាំ​២០១៩ រវាង​កម្ពុជា​-ចិន។ លំហាត់​សមយុទ្ធ​ដែលមាន​រយៈ​ពេល​ជិត​១​ខែ​នេះ នឹង​បើក​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី ១៣ មីនា តទៅ។

ផ្សាយពាណិជ្ជកម្ម

ឧទ្ធម្ភាគចក្រ​ចិនទាំង​៦​គ្រឿង​នេះ មានម៉ាក់ Mi17 ចំនួន​៣គ្រឿង និង​ម៉ាក់ Z9 ចំនួន​០៣​គ្រឿង បាន​មកដល់​ប្រទេសកម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១០ មីនា ខណៈ​សម្ភារៈ​និង​ឧបក​រណ៍​ផ្សេងៗ​ទៀត មាន​ដូច​ជា រថពាស​ដែក កំាភ្លើងធំ បាន​និង​កំពុង​ដឹក​មក​កម្ពុជា​ជា​បន្ត​បន្ទាប់​ទៀត។ លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យក្រសួង​ការពារជាតិ​បាន​អះអាង​ថា ការ​មក​ដល់​​នៃ​ឧទ្ធម្ភាគចក្រ​ចិន​ទាំង​៦​គ្រឿង​នេះ គឺ​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​លំហាត់​សម​យុទ្ធ​នាគ​មាស​កម្ពុជា-ចិន ឆ្នាំ២០១៩ ដែល​នឹង​បើក​ជា​ផ្លូវ​ការ ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ថ្ងៃទី ២៧ មីនា។ លំហាត់​សមយុទ្ធ​ជា​ទ្រង់​ទ្រាយ​ធំ​នេះ នឹង​ធ្វើ​ឡើង​នៅ​ទី​លាន​បាញ់​គ្រាប់​ពិត ស្ថិត​នៅសាលា​ហ្វឹក​ហ្វឺន​តេជោសែន​ជុំ​គីរី ស្ថិត​នៅ​ឃុំ​ត្រពាំង​រាំង ស្រុកជុំគីរី ខេត្តកំពត ដោយ​មាន​ការ​ចូល​រួម​ពីកងទ័ព​នៃ​ប្រទេសទាំង​ពីរ​ជិត​៣០០០​នាក់។

បើតាម​លោក ឈុំ សុជាតិ ដដែល លំហាត់​សមយុទ្ធ​នេះ ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ល្អរវាង​កង​យោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះ​ប្រជាជន​ចិន ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ និង​ធ្វើ​លំហាត់​រួម​គ្នា​លើ​កិច្ច​ការ​មនុស្ស​ធម៌ ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ ការ​ប្រឆាំង​ភេរវកម្ម និង​ការ​រក្សាសន្តិភាព​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​របស់​អង្គការ​សហ​ប្រជាជាតិ​ជាដើម។ លំហាត់​សមយុទ្ធ​នេះ នឹង​មាន​ការចូលរួម​ពី​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ជាង​២ពាន់​នាក់។ ចំណែក​អាវុធ​យុទ្ធភណ្ឌ​សំខាន់ៗ ដែល​ប្រើប្រាស់​នៅ​ក្នុង​លំហាត់​នាគ​មាស​នេះ មាន​ដូចជា ឧទ្ធម្ភាគចក្រ​ចិន​៦​គ្រឿង រថពាស​ដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ និងអាវុធ​គាំទ្រ​ពី​លើ​អាកាស​ជាដើម។ បើ​តាម​លោក ឈុំ សុជាតិ តាមពិតទៅ លំហាត់​សមយុទ្ធ​នាគមាស​នេះ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ២៨ កុម្ភៈ មកម្លេះ ប៉ុន្តែជា​លំហាត់​ផ្ទៃ​ក្នុង។ ហើយ​នៅ​ថ្ងៃ​ទី ១៣ មីនា សប្តាហ៍​ក្រោយ​នេះ​ទៅ​ គឺជា​ពិធី​បើក​ជា​ផ្លូវ​ការ។

គួរជំរាបជូនថា ការ​ធ្វើ​លំហាត់​សមយុទ្ធនាគមាស​ជាទ្រង់ទ្រាយ​ធំ​រវាង​កង​ទ័ព​កម្ពុជា-ចិន​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក ចាប់​តាំងពី​ឆ្នាំ​២០១៧​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI