កម្ពុជា-ច្បាប់

សមត្ថកិច្ច​ត្រៀម​ដុត​បំផ្លាញ​គ្រឿង​ជិត​៥០​គីឡូ​ក្រាម បន្ទាប់​ពី​ដោះ​លែង​មនុស្ស​ជិត​៣០០​នាក់

រូបភាព៖យុវជន​ យុវតី ដែលត្រូវបានឃាត់ខ្លួននៅក្លិបរ៉ក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន
រូបភាព៖យុវជន​ យុវតី ដែលត្រូវបានឃាត់ខ្លួននៅក្លិបរ៉ក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន RFI

អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ថ្ងៃ​ទី១​មីនា​ម្សិល​មិញ បាន​ដោះលែង​មនុស្ស​ជិត​៣០០​នាក់​ដែល​ជាប់ពាក់ព័ន្ធនឹង​សំណុំ​រឿង​គ្រឿងញៀន​នៅក្លិប​រ៉ក់ឲ្យ​ត្រឡប់ទៅផ្ទះវិញ។ ការដោះលែងនេះ ធ្វើឡើងតាមរយៈកិច្ច​ស​ន្យា​បញ្ឈប់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ចំពោះគ្រឿង​ជិត​៥០​គីឡូ​ក្រាម​ដែល​រឹប​អូស​បាន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ សមត្ថកិច្ច​ពាក់ព័ន្ធរង់​ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ​ដើម្បី​ដុត​បំផ្លាញ​ចោល។ បន្ថែម​លើ​នេះ អ្នក​តាម​ដានបញ្ហាសង្គម​នៅ​តែ​បន្ត​ទទូចឲ្យ​សមត្ថកិច្ច​ស្វែង​រក​មេក្លោង​នៅ​ពី​ក្រោយ​គ្រឿង​ញៀន​ជិត៥០​គីឡូ​ក្រាម មក​ផ្តន្ទា​ទោស​ឲ្យ​បាន​ឆាប់​។

ផ្សាយពាណិជ្ជកម្ម

អ្នកនាំ​ពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​គូស​ប​ញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា សមត្ថកិច្ច​ដោះលែង​មនុ​ស្ស​ជិត​៣០០​នាក់​នេះ ​ដោយ​សារ​ពួក​គេ​មិន​មែន​ជា​អ្នក​ជួញ​ដូរ និង​ចែក​ចាយ​គ្រឿង​ញៀន​ឡើយ ពោល​គឺ​គ្រាន់​តែ​ជា​អ្នក​ប្រើប្រាស់។ ដូច្នេះ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ជិត​៣០០​នាក់​នេះ ពួក​គេ​នៅ​មាន​ឱកាស​កែ​ខ្លួន​តាមរយៈ​ការ​អប់​រំ​បន្ថែម​ពី​អាណាព្យា​បាល និង​ការ​បន្សាប​គ្រឿង​ញៀន​ជា​ដើម។

ស្របពេល​ដែល​អ្នក​ប្រើប្រាស់​ជិត​៣០០​នាក់​ត្រូវ​បាន​ដោះ​លែង​ ជន​សង្ស័យ​ចំនួន​១៧​នាក់​​និង​វត្ថុ​តាងមួយចំនួន​ត្រូវបានសមត្ថកិច្ច​​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ខណៈជនជាតិ​ចិនចំនួន​១៣​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងគ្រឿង​ញៀន​នេះ ​ក៏បាន​បញ្ជូន​ទៅ​ការិយាល័យ​ស៊ើបអង្កេត​នៃ​ស្នងការដ្ឋាន​ន​គរ​បាល​រាជធានី​ភ្នំពេញ​ដើម្បីចាត់ការ​បន្ត​​។

លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ជំរុញឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្វែង​រក​មុខ​មេក្លោង​នៅ​ពី​ក្រោយ​គ្រឿង​៥០​គីឡូ​ក្រាម​មក​ផ្តន្ទា​ទោ​ស​។ ប្រសិន​បើ​អាជ្ញាធរ​និង​តុលាការ​រក​ឃើញ​និង​ផ្តន្ទាទោស​មេក្លោង​ធំ​នៅ​ពី​ក្រោយ​គ្រឿង​​ញៀន​ដ៏​ច្រើន​សន្ធឹក​នេះ មួយ​ចំណែក​នឹង​ធ្វើ​ឲ្យ​ក្លិប​ដទៃ​ទៀត​មាន​ការ​ខ្លាច​ក្រែងខ្លះ​ដែរ។ នេះ​បើ​តាម​លោក ករុណា។

គួរ​បញ្ជាក់​ថា កង​កម្លាំង​នគរ​បាល​រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ទី​២២ កុម្ភៈកន្លងទៅ បាន​​ឆ្មក់​ចូល​ទៅ​ឆែកឆេរ​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ និង​​ឃាត់​ខ្លួន​មនុស្សចំនួន​ជាង​៣០០​នាក់ ក្នុង​នោះ ក៏​មាន​ជន​ជាតិ​ចិន​ចំនួន​១៤​នាក់​ផង​។ បន្ទាប់​ពី​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​ដក​ហូត​នូវ​សារ​ធាតុ​ញៀន​ប្រមាណ ៥០ គីឡូ​ក្រាម​ និង​កាំភ្លើង​ខ្លី​មួយ​ដើម​។

របាយការណ៍​ដោយ​ឡែក​របស់​អាជ្ញាធរ ក្នុងឆ្នាំ២០១៨ បានស្រាវជ្រាវ​រកឃើញ​កន្លែង​ផលិត ជួញ​ដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន១២៩៣ទីតាំង។ ក្នុងនោះមាន ក្លិប ខារ៉ា​អូខេ និង​បារ៍​កម្សាន្ត​ជនបរទេស ​ផ្ទះ​ជួល ផ្ទះ​សំណាក់ សណ្ឋាគារ និង​កន្លែង​ផ្សេងៗ៕

 

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI