កម្ពុជា-ច្បាប់

៦​ខែ​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀន​សមត្ថកិច្ច​បង្កក​ទ្រព្យ​សម្បត្តិឧ​ក្រិដ្ឋជន​ចំនួន​៣៤​កន្លែង

រូបតំណាងៈ ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា
រូបតំណាងៈ ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា

៦​ខែ​នៃ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស សមត្ថកិច្ច​បង្កក ឬ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋជន​ចំនួន​៣៤​កន្លែង។ ទ្រព្យ​សម្បត្តិ​ដែល​រឹប​អូស​នេះ​នឹង​ដាក់​បញ្ចូល​ក្នុង​មូល​និធិ​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​ប្រើ​ប្រាស់ នៅ​ក្នុង​ប្រតិបត្ត​ការ​បង្ក្រាប​គ្រឿង​​ញៀន​នា​ពេល​អនាគត។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ លោក មាស វីរិទ្ធ អគ្គលេខា​ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ពន្យល់​ថា ព្រទ្យ​សម្បត្តិបង្កក​នេះ​គឺ​ជា​ប្រភេទ​ទ្រព្យដែល​កើត​ចេញ​ពី​បទ​ល្មើស​គ្រឿង​ញៀន។ មិន​មែន​ទ្រព្យ​ដែល​ឧក្រិដ្ឋ​ជន​មាន​ស្រាប់​មុនពេល​ពួក​គេ​ធ្វើ​សកម្មភាព​ជួញ​ដូរ​នោះ​ទេ។ ហើយ​ការ​បង្កក​កាល​ពី​កន្លង​មក​មាន​ដូចជាៈ សាច់​ប្រាក់​នៅ​ក្នុង​កុង​ធនាគារ និង វត្ថុ​តាង​ផ្សេង​ទៀត​ដែល​ជា​ប្រភេទ​អចលនទ្រព្យ។

លោក មាស វិរិទ្ធ ថា កន្លង​មក​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ឧក្រិដ្ឋ​ជន មាន​ភាព​ជាប់​គាំងដោយ​សារ​តែ​ការ​អនុវត្ត​របស់​មន្ត្រី​មិន​សូវ​ជា​ស៊ី​សង្វាក់​គ្នា ហើយ​ពេល​ខ្លះ​សមត្ថកិច្ច​មិនបាន​យល់​ពី​ចំណុច​នេះ​នាំ​ឲ្យ​ការ​អនុវត្ត​មាន​ចន្លោះ​ប្រហោង។ បន្ថែម​ពី​លើ​នេះ​ទៀត​ការបង្កក​ទ្រព្យ​សម្បត្តិ​ធ្វើ​ទៅ​បាន​ក៏​ត្រូវ​ការ​ដីកា​សម្រេច​ពី​តុលាការ​ផង​ដែរ។

ដោយ​ឡែក​បើ​ផ្អែក​តាម​របាយការណ៍​ប៉ូលីស សកម្មភាព​លេច​ធ្លោ​ក្នុង​អំឡុង​ពេល​អនុវត្តន៍​ផែន​ការ​យុទ្ធនាការ​នេះ ចាប់​បាន​សារធាតុ​ញៀន​ពី​១​គីឡូ​ក្រាម​ដល់​៥៤​គីឡូ​ក្រាមដោយ​ចាប់​បាន​មេខ្លោង​ចំនួន​១១​នាក់ ជន​បរទេស​៦​នាក់​ និង​ខ្សែ​រយៈ​បណ្ដាញ​២០​នាក់​។ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាល​ថ្ងៃ​ម្សិល​មិញ​បាន​បង្ហាញ​មោទនភាព​ថា​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​កម្ពុជា​កាល​ពី​កន្លង​មក​បាន​ធ្វើ​ឲ្យ​ក្រុម​ឧក្រិដ្ឋ​ជនទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​មាន​ការ​ភ័យ​ខ្លាច​បន្ថយ​សកម្មភាព​របស់​ខ្លួន​គួរ​ឲ្យ​កត់​សម្គាល់។

សូមបញ្ជាក់​ថា ឆមាស​ទី​១​ឆ្នាំ២០១៧ប​ង្ក្រាប​ការ​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុសច្បាប់​មាន​ចំនួន​៤.៣៣១ ករណី ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួ​ន៩.៦៩៤នាក់​ ស្រី៩៥១។​ចាប់​បាន​សារធាតុ​ញៀន​សរុប​១១៩.៦៥៧​ក្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI