រថយន្តក្រុងមិនគិតថ្លៃនឹងដឹកពលរដ្ឋពីខេត្តវិញរហូតដល់ថ្ងៃទី១៨
ចុះផ្សាយនៅថ្ងៃ៖
រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញនឹងដឹកពលរដ្ឋត្រឡប់មកពីខេត្តវិញរហូតដល់ថ្ងៃទី១៨ខែមេសានេះ ពោលបន្ទាប់ពីចូលឆ្នាំរួច។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានបញ្ជាក់ថា ប្រជាពលរដ្ឋក៏អាចជិះរថយន្តក្រុងមិនគិតថ្លៃនេះ មកពីតាមបណ្តាខេត្តត្រឡប់ចូលមករាជធានីភ្នំពេញវិញបាន ដោយត្រូវរង់ចាំនៅតាមចំណតរថយន្តរបស់ខេត្តនីមួយៗ ដែលឆ្លងកាត់ផ្លូវជាតិចំនួន៥ខ្សែ។
ផ្លូវជាតិចំនួន៥ខ្សែដែលរថយន្តក្រុងដឹកប្រជាពលរដ្ឋមិនគិតថ្លៃរយៈពេល៨ថ្ងៃ ឆ្លងកាត់នោះ គឺមានផ្លូវជាតិលេខ១ ភ្នំពេញ ព្រៃវែង ស្វាយរៀង។ ផ្លូវជាតិលេខ៣ ភ្នំពេញ តាកែវ កំពត និងកែប។ ផ្លូវជាតិលេខ៤ ភ្នំពេញ កំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ផ្លូវជាតិលេខ៥ ភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងផ្លូវជាតិលេខ៦ ភ្នំពេញ កំពង់ធំ សៀមរាប។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យនេះថា រថយន្តក្រុងជិះមិនគិតថ្លៃនេះ ដឹកប្រជាពលរដ្ឋទាំងទៅនិងត្រឡប់មកពីខេត្តវិញ។ ប្រជាពលរដ្ឋដែលត្រឡប់មកពីខេត្តវិញគឺត្រូវមករង់ចាំនៅតាមចំណតរថយន្តនៅតាមបណ្តាខេត្តនីមួយ។
បើតាមអ្នកនាំពាក្យដដែល ក្នុងមួយថ្ងៃ រថយន្តក្រុងនេះបានដឹកប្រជាពលរដ្ឋចន្លោះពី៦០ទៅ៧០ជើង មានន័យថា ខេត្តដែលជិតៗ រថយន្តនេះ អាចរត់បានពីរជើងក្នុងមួយថ្ងៃ ដែលជាមធ្យមអាចដឹកមនុស្សបានពី៤៥ទៅ៥០នាក់ ក្នុងមួយគ្រឿង។ ដូច្នេះក្នុងរយៈពេល៨ថ្ងៃដែលរថយន្តក្រុងចំនួន៦០គ្រឿងដឹកមនុស្សមិនគិតថ្លៃអំឡុងពេលចូលឆ្នាំនេះ គឺអាចដឹកប្រជាពលរដ្ឋបានជាង២៥០០០នាក់។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលរដ្ឋាភិបាលបានបញ្ចេញរថយន្តរបស់រដ្ឋដឹកប្រជាពលរដ្ឋទៅតាមបណ្តាខេត្តដោយមិនគិតថ្លៃអំឡុងបុណ្យចូលឆ្នាំខ្មែរនោះ។ ប៉ុន្តែទន្ទឹមនឹងនោះក៏មានការរិះគន់ផងដែរទៅលើអ្នកជិះរថយន្តក្រុងមិនគិតថ្លៃនេះមួយចំនួន ដែលបោះចោលសំរាម ពាសពេញរថយន្តក្រុងនេះតែម្តង។ ប៉ុន្តែបើតាមអាជ្ញាធរ គឺមានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលចោលសំរាមគ្មានសណ្តាប់ធ្នាប់បែបនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ