លោក ឡេង ប៉េងឡុង ថាសភាកម្ពុជានឹងតវ៉ាចំពោះការអញ្ជើញ លោក សម រង្ស៊ី ចូលប្រជុំអន្តរសភា IPU
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយលោកស្រី ឃួន សុដារី កំពុងតែចូលរួមមហាសន្និបាតសហភាពអន្តរសភាហៅកាត់ថាIPUនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ខែតុលានេះ។ ជាមួយគ្នានេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា ក៏ត្រូវគេអះអាងថា ត្រូវបានប្រធានសហភាពអន្តរសភា IPU អញ្ជើញឲ្យចូលរួមផងដែរ។ ប៉ុន្តែ លោក ឡេង ប៉េងឡុង អ្នកនាំ ពាក្យរដ្ឋសភាខ្មែរ បានអះអាងថា គណៈប្រតិភូសភាកម្ពុជានឹងតវ៉ាចំពោះការអញ្ជើញនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាខ្មែរ បានអះអាងថា ការដែលប្រធានសហភាពអន្តរសភាអញ្ជើញ លោក សម រង្ស៊ី ចូលរួមកិច្ចប្រជុំលើកទី១៣៩ របស់IPU នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺជារឿងខុសច្បាប់។ ខុសច្បាប់ដែល លោក ឡេង ប៉េងឡុង សំដៅដល់ច្បាប់របស់ប្រទេសកម្ពុជា ដែលចាត់ទុកលោក សម រង្ស៊ី ថាជាទណ្ឌិត និង មិនមែនជាតំណាងរាស្ត្រទៀតឡើយ។
បើតាមអ្នកនាំពាក្យរដ្ឋសភារូបនេះ គណៈប្រតិភូសភាកម្ពុជាដែលមានលោកស្រី ឃួន សុដារី និង លោក ឈាង វុន ទៅចូលរួមនោះ នឹងធ្វើការតវ៉ាចំពោះការអញ្ជើញ លោក សម រង្ស៊ី ចូលរួមប្រជុំIPUនេះ ដូចគ្នានឹងករណីដែល លោក ឈាង វុន បណ្តេញ លោកស្រី មូរ សុខហួរ ចេញពីកិច្ចប្រជុំភាពជាដៃគូនៃសភាអាស៊ី អឺរ៉ុប កាលពីចុងខែកញ្ញានោះដែរ។
ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិRFI តាមរយៈអ៊ីម៉ែល លោក សម រង្ស៊ី បានបញ្ជាក់ថាពេលនេះលោកកំពុងនៅទីក្រុង ហ្សឺណែវ ដើម្បីតាមដានការងាររបស់ IPU។ លោកអះអាងថាលោកជួបមេដឹកនាំ សភា IPU ដើម្បីបង្ហាញប្រាប់គេពីស្ថានការណ៍ប្រទេសកម្ពុជា និង ប្រាប់គេពីករណីតំណាងរាស្ត្រកម្ពុជា ដែលសិទ្ធិរបស់ពួកគេ ត្រូវបានរំលោភ ដោយរដ្ឋអំណាចក្រុងភ្នំពេញ ដែលពេលនេះតំណាងដោយរដ្ឋសភាក្លែងក្លាយ និងរដ្ឋាភិបាលមិនស្របច្បាប់។
រីឯករណីគណៈប្រតិភូសភាកម្ពុជាថានឹងតវ៉ាចំពោះការអញ្ជើញ លោក សម រង្ស៊ី ឲ្យចូលរួមប្រជុំIPU ដែរនោះ លោក សម រង្ស៊ី បានឆ្លើយតបថា IPU មានសិទ្ធិអំណាចក្នុងការសម្រេច គ្មានអ្នកណា មកបង្គាប់បញ្ជាបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ