កម្ពុជា

អង្គការ​ ILO ប្រើ​​ទូរ​ស័ព្ទ​​ដៃ​​បង្រៀន​​ច្បាប់​​ការងារ​​ដល់​​កម្មករ​​វាយនភណ្ឌ

គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ នៃអង្គការ​ពលកកម្ម​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញថា មាន​កម្មករ និង​កម្មការិនី​ច្រើន​ដែល​នៅ​មិន​ទាន់​ស្គាល់​ច្បាប់ និង​សិទ្ធិ​ការងារ។ លទ្ធផល​នេះ​ត្រូវបានបង្ហាញ​តាម​រយៈ​គម្រោងដែល​មាន​ឈ្មោះ​ថា កម្មករ​ឆ្នើម។ គម្រោង​កម្មករ​ឆ្នើម អនុញ្ញាត​ឱ្យកម្មករ​ចូលទៅ​ឆ្លើយ​សំណួរ​ស្តីអំពី​ច្បាប់​ការងារ​តាម​រយៈ​ការ​ហៅទូរស័ព្ទ​ទៅ​លេខ ៨៣៩៧។

កម្មករកម្មការិនីកម្ពុជា
កម្មករកម្មការិនីកម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែល​កម្មករ កម្មការិនីមាន​ទូរស័ព្ទ​ដៃ​គ្រប់គ្នា​នោះ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេសថា​ ILO​ បាន​បង្កើត​គម្រោង​ប្រើប្រាស់​ទូរស័ព្ទ​នេះ​ដើម្បី​អប់រំ​កម្មករ​ កម្មការិនី​កាត់ដេរអំពី​ច្បាប់ និង​សិទ្ធការងារ។ 

គម្រោង​នេះ​បាន​ចាប់ផ្តើម​២​ខែ​មកហើយ ពោល​គឺ​ ចាប់តាំង​ពី​ដើម​ខែ​កញ្ញា។ ហើយ​រហូតមក​ដល់​ពេល​នេះ មាន​កម្មករ កម្មការិនី​ចំនួន​៣២៤៥​នាក់​បាន​ទូរស័ព្ទ​ទៅ​លេខ​ ៨៣៩៧ ដោយ​ឥតគិតថ្លៃ ដើម្បី​ចូលរួម​ឆ្លើយ​សំណួរ​ស្តីពី​សិទ្ធិ និង​ច្បាប់​ការងារ។

នៅពេល​ដែល​កម្មករ កម្មការិនី​ទូរស័ព្ទ​ទៅលេខ​ពិសេស ៨៣៩៧នេះហើយ ប្រធានបទ​ចំនួន​៣​ដែលទាក់ទងនឹង ប្រាក់ឈ្នួល សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ និង​សុខភាព​ផ្ទាល់​ខ្លួន នឹង​ត្រូវ​ឱ្យ​អ្នក​ទូរស័ព្ទ​ចូល​ជ្រើសរើស។ ហើយ​នៅក្នុង​ប្រធានបទ​នីមួយៗនោះ មាន​សំណួរ​ចំនួន​៣​ដែល​អ្នកទូរស័ព្ទ​ចូល​ត្រូវ​ឆ្លើយ។

ក្នុង​រយៈពេល​២​ខែ​កន្លង​មកនេះ លទ្ធផល​បាន​បង្ហាញ​ថា នៅមាន​កម្មករ និង​កម្មការិនី​ច្រើន​ដែល​មិនទាន់​យល់​ដឹង​អំពី​ច្បាប់​ និង​សិទ្ធិការងារ​ដែល​ពួកគេ​កំពុង​ប្រកប។ របាយការណ៍​បាន​បង្ហាញថា ក្នុង​ចំណោម​​ការ​ហៅ​ទូរស័ព្ទ​ចូលចំនួន​៣២៤៥ មាន​៣២​ភាគរយ​ដែល​បាន​យល់​ខុសថា កម្មករ​ដែល​ចូលរួម​ធ្វើ​កូដកម្មនឹង​ទទួលបាន​ថ្លៃឈ្នួល។ រីឯ​៤៧ភាគរយ​ ក៏​បាន​យល់​ខុស​ដែរថា កម្មករ កម្មការិនី​ណា​ដែល​ធ្វើ​ការ​តិច​ជាង​មួយ​ឆ្នាំ​ នឹង​ទទួល​បាន​ការ​ឈប់​សម្រាក​មាតុភាព​ដោ​យ​គិត​ថ្លៃ។

លោកស្រី Jill Tucker ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​របស់​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​បាន​វាយតម្លៃថា ខណៈ​ដែល​គម្រោង​ កម្មករ​ឆ្នើម​នេះ​បានផ្តល់​ព័ត៌មាន​ដល់​កម្មករនោះ ក្នុង​ពេល​ដំណាល​គ្នា​នោះ វា​ក៏​ជាការ​ប្រមូល​ព័ត៌មាន​អំពី​កម្រិត​នៃ​ចំណេះដឹង​ដែល​ពួកគេ​មាន ព្រម​ទាំង​ថត​ព័ត៌មាន​ជាក់លាក់​មួយ​ចំនួន​អំពី​រោងចក្រ​ទៀត​ផង។ លោកស្រីបន្ត​ថា តាម​រយៈ​ទូរស័ព្ទ​របស់​កម្មករ កម្មការិនី​ដែល​មាន​ប្រមាណ​៥០​ម៉ឺន​នាក់​នោះ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​​បាន​មានឱកាស​មួយ​ក្នុង​ការ​អប់រំ​កម្មករអំពី​សិទ្ធិរបស់​ពួកគេ។

គួរ​បញ្ជាក់ផងដែរថា គម្រោង​កម្មករឆ្នើម​បានជ្រើសរើស​យក​លេខ​ទូរស័ព្ទ​របស់​កម្មករ កម្មការិនី​ដែល​បាន​ទូរស័ព្ទទៅ​លេខ ៨៣៩៧ ដើម្បី​ឆ្លើយសំណួរ​នោះ ដើម្បី​ចាប់ឆ្នោត​យក​រង្វាន់​លើកទឹកចិត្តផងដែរ។ រង្វាន់ទូរស័ព្ទ​ចំនួន​២​ហើយ​ត្រូវបាន​ប្រគល់​ឱ្យ​ជ័យ​លាភី​។​អ្នកនាំ​ពាក្យ​​របស់​​អង្គការ​​ILO​ លោក​ គាំ​ ទិវា​ បាន​​ប្រាប់​ឱ្យដឹងថា គម្រោង​កម្មករ​ឆ្នើម​នេះ នឹង​មានរយៈពេល​៦​ខែ​ជា​ជំហាន​ដំបូង មុន​នឹង​គម្រោង​នេះ​ត្រូវ​ពិនិត្យ​ឡើង​វិញ ថា​តើ​វា​នឹងបាន​ទទួល​ការ​គាំទ្រ​យ៉ាងណា​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI