រដ្ឋាភិបាលហៅការលើកឡើងរបស់ស្ថានទូតអាមេរិកករណីលោក កឹម សុខា ថាមិនគោរពអធិបតេយ្យភាពកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងការបរទេសកម្ពុជាកាលពីល្ងាចម្សិលមិញ បានបញ្ចេញប្រតិកម្មឆ្លើយតបនឹងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ស្ថានទូតអាមេរិក ដែលតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានលើកឡើងថា ការឃុំខ្លួន លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ រយៈពេលជិត១៨មកនេះ គឺជាការឃុំខ្លួនដោយអយុត្តិធម៌។ ប៉ុន្តែក្រសួងការបរទេសកម្ពុជា បានចាត់ទុកការលើកឡើងបែបនេះថា មិនមានលក្ខណៈការទូត និងមិនគោរពអធិបតេយ្យភាពរបស់កម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសកម្ពុជា បានសំដែងការភ្ញាក់ក្រោយពីដឹងថាស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ បានបង្ហោះសារមួយដែល រដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការ«អត្ថាធិប្បាយតែមួយជ្រុង»លើរឿងក្តីរបស់ លោក កឹម សុខា។
ករណី លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានស្ថានទូតអាមេរិក ចាត់ទុកថា ជាការឃុំខ្លួនដោយអយុត្តិធម៌ ជិត១៨ខែមកហើយ។ ស្ថានទូតអាមេរិក បានចាត់ទុក លោក កឹម សុខា ថា«ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាង ហើយក៏មិនទាន់មានការកំណត់បើកសវនាការកាត់ទោសគាត់ដែរ»។
ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជាវិញ តាមរយៈក្រសួងការបរទេស បានចាត់ទុកកាយវិការរបស់ស្ថានទូតអាមេរិកថា មិនមានលក្ខណៈការទូត និងមិនគោរពអធិបតេយ្យភាពរបស់កម្ពុជា។
មិនគោរពអធិបតេយ្យភាព ដែលក្រសួងការបរទេស អះអាងថា ខ្លួនបង្ខំចិត្តក្រើនរំឭកដល់ស្ថានទូតអាមេរិកនៅកម្ពុជាអំពីមាត្រា៤១នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ជាពិសេសតម្រូវឲ្យសហរដ្ឋអាមេរិក មិនត្រូវជ្រៀតជ្រែកកិច្ចផ្ទៃក្នុងកម្ពុជា។
សូមជម្រាបថា ការឆ្លើយឆ្លងរវាងកម្ពុជា និងអាមេរិកនៅពេលនេះ ខណៈពេលដែលការពន្យាពេលឃុំខ្លួនបណ្តោះអាសន្ន លោក កឹម សុខា រហូតដល់១៨ខែ នោះ នឹងត្រូវផុតនៅថ្ងៃទី៣ ខែមីនាខាងមុខនេះ។ ប៉ុន្តែមកទល់ពេលនេះតុលាការនៅមិនទាន់កំណត់ពេលបើកសវនាការនៅឡើយ ខណៈសហគមន៍អន្តរជាតិខាងលោកសេរីនៅបន្តទាមទារឲ្យដោះលែង លោក កឹម សុខា ឲ្យមានសេរីភាពពេញឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ