ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណែ​ទម្រង់​ គ.ជ.ប​ ផ្តល់​សញ្ញា​វិជ្ជមាន​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការប្រកាស​ធ្វើកំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី ១៤ តុលា​គឺជា​សញ្ញា​ល្អ​មួយ​ដែល​បក្សប្រឆាំង​និង​សង្គម​ស៊ីវិល​រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ទាំងឡាយ​មិនគួរ​មើលរំលង​ឡើយ។ នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ទទួលស្គាល់ថា កំណែទម្រង់​ការបោះឆ្នោត​ជា​ចំណុចរួម​គ្នា​មួយ​ដែរ​ដោយ​នៅសល់តែ​យន្តការ​ត្រូវធ្វើ​យ៉ាងណា​ប៉ុណ្ណោះ​ដែល​ត្រូវ​រក​ដំណោះស្រាយ។ ដូច្នេះ ភាគី​ពាក់ព័ន្ធ​នានា​គួរតែ​ផ្តើម​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​ជា​អំពី​បញ្ហា​នេះ​ជាជាង​ការ​សើចចំអក និង​ការធ្វើ​បុរេវិនិច្ឆ័យ​ថា​មិនអាច​ទៅរួច។

ថ្នាក់ដឹកនាំ គ ជ ប
ថ្នាក់ដឹកនាំ គ ជ ប RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃទី ១៤ តុលា​កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​ជា​ឱឡារិក​អំពី​ចេតនា​ធ្វើកំណែទម្រង់​ការបោះឆ្នោត។ គណបក្សកាន់អំណាច​ដ៏​ចំណាស់​ហើយ​ដែល​តែង​រង​ការរិះគន់​ថា​ជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​បោះឆ្នោត​តែម្នាក់ឯង​នោះបាន​ប្រកាស​ត្រៀមខ្លួន​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែលមាន​ស្រាប់​និង​ធ្វើ​ច្បាប់​ថ្មី ព្រមទាំង​បើកចំហ​ដើម្បី​ទទួលយក​អនុសាសន៍​គ្រប់បែបយ៉ាង​ពី​សង្គម​ស៊ីវិល​ទៀតផង។

ការប្រកាស​បែបនេះ​បានធ្វើ​ឲ្យ​អ្នកខ្លះ​ចាត់ទុកជា​ដំណឹង​ល្អ​ពី​ព្រោះតែ​កំណែទម្រង់​ការបោះឆ្នោត​គឺជា​វត្ថុបំណង​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ។ ប៉ុន្តែ អ្នកខ្លះ​ទៀត​ហាក់​មិនសូវ​ទទួល​អារម្មណ៍​ភ្ញាក់ផ្អើល​ទេពី​ព្រោះតែ​គេ​គ្មាន​ជំនឿ​ទៅលើ​ការសន្យា​របស់​គណបក្ស​កាន់អំណាច។ យ៉ាងណា​ក៏ដោយចុះ មានតែ​ការសាកល្បង​ជជែក​គ្នា​ប៉ុណ្ណោះ​ទើប​គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋានថា​តើ​នេះ​ជា​ឆន្ទៈ​ពិតប្រាកដ​ឬក៏​វា​គ្រាន់តែ​ជា​ភាសា​សម្រាល​ស្ថានការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា?

ជាការ​ពិតណាស់ រហូតមកទល់​ពេលនេះ ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នៅតែ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​មួយ​ដដែល​សម្រាប់​ប្រទេស​កម្ពុជា។ ជា​រៀងរាល់​លើក ឲ្យ​តែ​បោះឆ្នោត​រួច ប្រទេស​នេះ​មិនដែល​បាន​ស្គាល់​ភាពស្ងប់ស្ងាត់​ម្តងណា​ទេ។ អ្នកចាញ់​ឆ្នោត​តែង​តវ៉ា​ប្រឆាំង​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ពីបទ​លួច​បន្លំ។ ដើមហេតុ​គឺ​បណ្តាលមកពី​ការមិនទុកចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នេះឯង។

ជាក់ស្តែង ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រៀបចំ​មហា​បាតុកម្ម​ជាថ្មី​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុងការ​បោះឆ្នោត។ គណបក្សប្រឆាំង​ក៏​កំពុង​ដាក់​ញត្តិ​ជូន​អង្គការសហប្រជាជាតិ និង​ស្ថានទូត​បរទេស​នានា ក្នុង​គោលដៅ​សុំ​អន្តរាគមន៍​ពី​ពួកគេ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​នេះដែរ។ តើ​នេះ​មិនមែនជា​ផលវិបាក​ដែល​កើតឡើង​ដោយសារ​ការមិនទុកចិត្ត​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទេ​ឬ?

ដូច្នេះ កិច្ចព្រមព្រៀង​គ្នា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​កាលពី​ថ្ងៃទី១៦កញ្ញា​ក្នុងការ​ធ្វើកំណែទម្រង់ គ.ជ.ប និង​សេចក្តីប្រកាស​ធ្វើកំណែទម្រង់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​គឺជា​សញ្ញា​វិជ្ជមាន​ដ៏​សំខាន់​មួយ​ដែល​មិនគួរ​មើលរំលង​ជាដាច់ខាត។ ពិត​ហើយ​ថា ការសង្ស័យ​ចំពោះ​សុ​ឆន្ទៈ​របស់​គណបក្សកាន់អំណាច​មិនមែនជា​រឿង​ចម្លែក​ទេពី​ព្រោះ​កំណែទម្រង់​ជាច្រើន​ដែល​គណបក្ស​នេះ​ធ្លាប់បាន​ប្រកាស​ច្រើនតែ​គ្មាន​ប្រសិទ្ធភាព។ ប៉ុន្តែ បុរេវិនិច្ឆ័យ​ដោយ​មិន​ផ្តល់ឱកាស​ដើម្បី​សាកល្បង​ក៏​អាចជា​កំហុសឆ្គង​ដ៏​ធំ​មួយ​ដែរ។

ម្យ៉ាងទៀត​ស្ថានការណ៍​បច្ចុប្បន្ន​ពិតជា​តម្រូវ​ឲ្យ​បក្ស​កាន់អំណាច​ធ្វើកំណែទម្រង់​ជា​ចាំបាច់។
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ហើយ​ថា កំណែទម្រង់​គឺជា​ចំណុច​ស្លា​ប់រស់​នៃ​រដ្ឋាភិបាល​របស់លោក​ពោលគឺ​បើ​មិន​កែ គណបក្សកាន់អំណាច​នឹង​បាត់បង់​សំឡេងគាំទ្រ​ពី​ម្ចាស់ឆ្នោត​កាន់តែខ្លាំង។ នេះ​ជា​បញ្ហា​ច្បាស់លាស់​មួយ​ដែល​គ្រប់គ្នា​សុទ្ធតែ​បាន​មើល​ឃើញ។ ភាពច្បាស់លាស់​មួយ​នេះ​ក៏​ជា​សម្ពាធ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កែទម្រង់​ដោយ​ចៀស​មិនបាន។ កំណែទម្រង់​ការបោះឆ្នោត​ដែលជា​ចំណុច​គន្លឹះ​ដ៏​សំខាន់​មួយ​នោះ​ក៏​អាច​ក្លាយជា​ចំណុច​ចាប់ផ្តើម​មួយ​ដើម្បី​ឈានទៅ​ទម្លុះទម្លាយ​បញ្ហា​ផ្សេងទៀត​ក៏​ថា​បាន។

នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ លោក សម រង្ស៊ី ទទួលស្គាល់ថា កំណែទម្រង់ គ.ជ.ប គឺជា​ចំណុចរួម​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ អ្វីដែល​នៅ​មិនទាន់​យល់​គ្នា​នោះ​គឺ​ត្រង់​យន្តការ​តែប៉ុណ្ណោះ។ ដូច្នេះ គណបក្ស​ទាំងពីរ​គួរតែ​អង្គុយ​ជជែក​គ្នា​អំពី​យន្តការ​នេះ​បន្តទៀត​ដើម្បី​ស្វែងរក​ចំណុច​រួមមួយ​ដែល​អាច​ចេញរួច។ គេ​ជឿជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ប្រហែលជា​មិន​ចង់​ឲ្យ​គេ​ចោទថា​ជា​អ្នក​លួច​បន្លំ​សន្លឹកឆ្នោត​ដូច្នេះ​ទៀតឡើយ។

សរុប​មកវិញ គណបក្សប្រឆាំង សង្គម​ស៊ីវិល ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នានា​ដែល​តែង​ទទូច​ចង់បាន​កំណែទម្រង់​ការបោះឆ្នោត​ជា​យូរ​មកហើយ​នោះ គួរតែ​ផ្តើម​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាបន្ទាន់​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ នៅពេលដែល​កម្ពុ​ជាមាន​ស្ថាប័ន​រៀបចំ​បោះឆ្នោត​មួយ​ដែល​ភាគី​អ្នក​ប្រកួត​ទទួលស្គាល់ វិបត្តិ​ក្រោយ​ការបោះឆ្នោត​នឹងត្រូវ​កាត់បន្ថយ​ឬ​ឈានទៅ​បញ្ចប់។ ដូច្នេះ អ្នកនយោបាយ​មិនគួរ​មើលរំលង​ចំណុច​គន្លឹះ​បែបនេះ​សោះឡើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត