កម្ពុជា-ច្បាប់

ក្រសួង​មហាផ្ទៃ​គ្រោង​ជួប​បន្ទប់​ស្ថានការណ៍​នៅ​សប្ដាហ៍​ក្រោយ

សកម្មភាពអង្គការសង្គមស៊ីវិលនៅក្នុងបន្ទប់ស្ថានការណ៍បោះឆ្នោតនៃអង្គការខុមហ្រ្វែល
សកម្មភាពអង្គការសង្គមស៊ីវិលនៅក្នុងបន្ទប់ស្ថានការណ៍បោះឆ្នោតនៃអង្គការខុមហ្រ្វែល

លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះថា លោក​មាន​គម្រោង​ជួប​ជាមួយ​បន្ទប់​ស្ថានការណ៍​ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល២៤​ស្ថាប័ន នៅ​សប្ដាហ៍​ក្រោយ។ ជា​ជំនួប​ធ្វើ​ឡើង​បន្ទាប់​ពី​បន្ទប់​ស្ថានការណ៍​ស្នើ​សុំ​ជួបលោក ស ខេង កាល​ពី​ថ្ងៃ​អង្គារ តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចាត់ លោក ប៉ុល លឹម មកជួប​ជំនួស។

ផ្សាយពាណិជ្ជកម្ម

លោក ប៉ុល លឹម បាន​គូស​បញ្ជាក់​ទៀត​ថា នៅ​ពេល​នេះ​ក្រុម​ការងារ​របស់​លោក​កំពុង​រៀប​​ចំ​ឯកសារ​ដើម្បី​ត្រៀម​ជួប​ជាមួយ​បន្ទប់​ស្ថានការណ៍។ ចំណែក​បន្ទប់​ស្ថានការណ៍​ក៏ដូច​គ្នា​ដែរ។ លោក សម គន្ធាមី ប្រធាន​អង្គការ​និច​ហ្វិក និង​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បាន​ប្រាប់​វិទ្យុ​បារាំង​ថា បន្ទប់​ស្ថានការណ៍​រង់​ចាំ​តែ​ការ​ឆ្លើយ​តប​ពី​ក្រសួងមហាផ្ទៃ​តែ​ប៉ុណ្ណោះ​ថា ជួប នៅថ្ងៃណា ម៉ោងណា ទីកន្លែងណា? ចំណុច​នេះ​លោក ប៉ុល លឹម បញ្ជាក់​ត្រឡប់​ទៅ​វិញ​ថា នឹង​ជូន​ដំណឹង​តាម​ក្រោយ។

លោក ប៉ុល លឹម និងលោក សម គន្ធាមី បាន​អះអាង​ដូច​គ្នា​ថា ជំនួប​នៅ​ថ្ងៃ​ខាងមុខ​នោះ ក្រសួង​មហាផ្ទៃ​នឹង​ស្ដាប់​អំពី​សកម្មភាព​ការងារ​របស់​បន្ទប់​ស្ថានការណ៍​នៅអំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ ចំណែក​ឯ​បន្ទប់​ស្ថានការណ៍​ក៏បាន​ត្រៀម​ខ្លួន​បង្ហាញ​ពី​ដំណើរ​ការងារ​របស់​ខ្លួន​នា​ពេល​កន្លង​មក​ដែរ។ បន្ថែម​ពី​លើ​នេះទៀត​បន្ទប់​ស្ថានការណ៍​នឹង​បង្ហាញ​ពី​សកម្មភាព​ការងារ​របស់​ខ្លួន​ចំពោះ​ការ​បោះ​ឆ្នោតនៅ​ឆ្នាំ​ក្រោយ​ផង​ដែរ។

សូមបញ្ជាក់ថា ភាព​ចម្រូង​ចម្រាស​រវាង​បន្ទប់​ស្ថានការណ៍ និង​រដ្ឋាភិបាល​កើត​មានឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​បណ្ដុំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ថា បាន​រំលោភ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ហើយ​បានចាត់​ទុក​ថា ពួក​គេ​គឺ​មូលដ្ឋាន​នៃ​បដិវត្តន៍​ពណ៌។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​បណ្ដុំ​អង្គការ​ទាំង​នេះ​បាន​រិះ​គន់​ការ​បោះ​ឆ្នោត​នោះ​ថា ​មិន​ទាន់​មាន​ភាព​សេរី និង​យុត្តិធម៌​ពេញ​លេញ​តាមរយៈ​ការ​គាប​សង្កត់​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ការ​គំរាម​ប្រើ​ហិង្សា​ពី​ថ្នាក់​ដឹក​នាំ​គណបក្សកាន់​អំណាច ជាដើម។ នេះ​បើ​តាម​បន្ទប់​ស្ថានការណ៍។ បន្ទាប់​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក ស ខេង ពិនិត្យ​ទៅ​លើ​ភាព​ស្រប់​ច្បាប់​ចំពោះ​បណ្ដុំ​អង្គការ​ទាំង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI