កម្ពុជា-ច្បាប់

សមាជិកនៃបន្ទប់ស្ថានការណ៍រង់ចាំជួបក្រសួងមហាផ្ទៃជជែកអំពីការងាររបស់ពួកគេ

រូបថតៈសមាជិកនៃបន្ទប់ស្ថានការណ៍
រូបថតៈសមាជិកនៃបន្ទប់ស្ថានការណ៍

សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះឆ្នោត​ដែល​ជា​បណ្ដុំ​អង្គការ​ស៊ីវិល​ក្នុង​ស្រុក​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​អះ​អាង​ថា ពួក​គេ​កំពុង​រង់​ចាំ​ជំនួប​ជា​មួយ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ជជែកអំពី​ការ​ងារ​របស់​ពួក​គេ។ ការ​ទន្ទឹង​រង់​ចាំ​របស់​បន្ទប់​ស្ថានការណ៍ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​មិន​ទាន់​បាន​ឆ្លើយ​តប​ថា ជំនួប​នោះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ណា។

ផ្សាយពាណិជ្ជកម្ម

លោក ប៉ុល លឹម រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ធ្លាប់​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ជំនួបរវាង​ភាគី​ទាំង​ពីរ​ធ្វើ​ទៅ​បាន​អាស្រ័យ​ទៅ​លើ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាអ្នក​កំណត់​ថ្ងៃ។ លោក​បន្ថែម​ថា ដោយ​សារ​តែ​លោក ស ខេង មាន​ភាព​មមាញឹក​ទើបលោក​មិន​ទាន់​បាន​ឆ្លើយ​តប។ លោក សម គន្ធាមី ប្រធាន​អង្គការ​និច​ហ្វិក​និង​ជាសមាជិក​នៃ​បន្ទប់​ស្ថាន​ការណ៍​បាន​គូស​បញ្ជាក់​ត្រឡប់​ទៅ​វិញ​ថា បន្ទប់​ស្ថានការណ៍​នឹងរង់ចាំ​មើល​ការ​វិវត្តន៍​ថ្មី​ដល់​សប្ដាហ៍​ក្រោយ តែ​បើ​គ្មាន​ការ​ឆ្លើយ​តប ពួក​គេ​នឹង​ដាក់​លិខិត​សុំ​ជួប​ជា​ថ្មី​។

សូមបញ្ជាក់ថា លោក ប៉ុល លឹម ត្រូវ​បាន​លោក ស ខេង ចាត់​តាំង​ឲ្យ​មក​ជួប​បន្ទប់​ស្ថាន​ការណ៍​ជំនួស​បន្ទាប់​ពី​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ស្នើ​សុំ​ជួប​លោក ស ខេង ជជែក​លើ​ការងារ​ពួក​គេ។ ជាថ្មីទៀត លោក សម គន្ធាមី បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា អ្វី​ដែល​បន្ទប់​ស្ថានការណ៍​ចង់​លើក​ឡើង​នោះ​គឺ​អំពី​ភាពស្រប​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​បំពេញ​ការងារ​នា​ពេល​កន្លង​មក។ ហើយ​នឹង​ប្រាប់​អំពី​បេសកម្ម​ការងារ​ចំពោះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​ទៀត។

គួររម្លឹក​ឡើង​វិញ​ថា គម្រោង​នៃ​ការ​ជួប​គ្នា​នេះ​កើត​ឡើង​ក្រោយ​ភាព​ចម្រូង​ចម្រាស​រវាង​បន្ទប់​ស្ថានការណ៍ និង​រដ្ឋាភិបាល ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​បណ្ដុំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ថា បាន​រំលោភ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ហើយ​បានចាត់​ទុក​ថា ពួក​គេ​គឺ​មូលដ្ឋាន​នៃ​បដិវត្តន៍​ពណ៌។

ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​បណ្ដុំ​អង្គការ​ទាំង​នេះ​បាន​រិះ​គន់​ការ​បោះ​ឆ្នោត​នោះ​ថា ​មិន​ទាន់​មាន​ភាព​សេរី និង​យុត្តិធម៌​ពេញ​លេញ​តាមរយៈ​ការ​គាប​សង្កត់​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ការ​គំរាម​ប្រើ​ហិង្សា​ពី​ថ្នាក់​ដឹក​នាំ​គណបក្សកាន់​អំណាច ជាដើម។ នេះ​បើ​តាម​បន្ទប់​ស្ថានការណ៍។ បន្ទាប់​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក ស ខេង ពិនិត្យ​ទៅ​លើ​ភាព​ស្រប់​ច្បាប់​ចំពោះ​បណ្ដុំ​អង្គការ​ទាំង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI