កម្ពុជា

រដ្ឋាភិបាល​បង្កើត​ព្រលាន​យន្ត​ហោះ​ថ្មី ជាមួយ​នឹង​ការ​ធានា​មិន​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ

រូបភាពតំណាង៖ព្រលានយន្តហោះ
រូបភាពតំណាង៖ព្រលានយន្តហោះ @Internet

 រដ្ឋាភិបាល​បាន​សម្រេច​ជាផ្លូវ​ការ នៅ​ក្នុង​ការ​បង្កើត​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី លើ​ផ្ទៃ​ដី​ទំហំ២៦០០​ហិកតា ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កណ្ដាល និង​តាកែវ។ នេះ​បើ​ផ្អែក​តាម​កិច្ច​ប្រជុំ​គណៈ​​កម្មការ​សិក្សា ​និង​វាយ​តម្លៃលើ​គម្រោង​សាង​សង់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ថ្មី ​ដែលបាន​ជួបប្រជុំ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៨​កុម្ភៈ​ម្សិលមិញ។ តាមរយៈ​កិច្ច​ប្រជុំ​នេះ​ដដែល រដ្ឋាភិបាល​ក៏​បានធានា​ដល់​ការ​សាងសង់​នេះ ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​ដែន​ដីបា​ន​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៨​កុម្ភៈ​​​ថា អា​កាស​យាន​ដ្ឋាន​អន្តរជាតិ​ថ្មី​ជា​ព្រលាន​យន្ត​ហោះ​ទំនើប​ប្រភេទ​4F​ដែល​អាច​ទទួល​យន្ត​ហោះខ្នាត​ធំ​បាន​។ ​

ក្រោយ​ឯ​កភាព​លើ​ទី​តាំង​សាងសង់​ព្រលាន​យន្ត​ហោះ​ថ្មី​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កណ្ដា​ល​​​​និងតាកែវ​រួច​ហើយ គណៈ​​កម្មការ​​​សិក្សា​​និង​​វាយ​​តម្លៃ​លើ​​គម្រោង​​សាង​សង់​​អាកាស​​យាន​ដ្ឋាន​​អន្តរ​ជាតិ​​​ថ្មី​បាន​ណែនាំ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ចុះ​ទៅ​បោះ​​បង្គោល​ព្រំ​ដី។

បន្ថែម​លើ​នេះ​​ភាគី​ពាក់​ព័ន្ធ​ត្រូវ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្នុង​ទី​តាំង​គម្រោងឲ្យ​បាន​ច្បាស់​លាស់​ដោយ​ផ្អែក​ទៅតាម​ការ​កាន់​កាប់​ជាក់ស្ដែង​ដើម្បី​មាន​មូល​ដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះ​ពាល់​ជូន​ពលរដ្ឋ។

ជុំវិញ​ផល​ប៉ះពាល់​នេះ លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី​បាន​គូស​បញ្ជាក់​ថា ផែន​ការ​សាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មីនេះ រដ្ឋាភិបាល​បាន​គិត​គូរ​ជា​អទិភាព​អំពី​ផល​ប៉ះ​ពា​ល់​ដល់ពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ។ ជាក់​ស្ដែង​តាម​ការ​ចុះ​សិក្សា​បឋម​ទី​តាំង​បង្កើត​ព្រលាន​យន្ត​ហោះ​ថ្មីនេះ​មិន​បាន​ប៉ះពាល់​ដល់​លំនៅដ្ឋាន​ពលរដ្ឋ​ឡើយ​។ នេះ​បើ​តាម​លោក សេង ឡូត។ ទន្ទឹម​នឹងនេះ សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​លំនៅដ្ឋាន​រំពឹង​លើ​យន្តការ​ដោះស្រាយ​ផល​ប៉ះពាល់​ដីធ្លី​របស់ក្រសួង​ដែនដី ដូច​អ្វី​ដែល​ក្រសួង​អនុវត្ត​ជាមួយ​អ្នក​រស់​នៅ​អគារ​ប៊ូឌីញ។

សូមបញ្ជាក់ថា គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ត្រូវ​បាន​ប្រកា​សឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាង មក​កាន់​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ២០១៨។ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​ហ៊ុន​ឯកជន​ទទួល​បាន​សិទ្ធសាង​សង់​ព្រលាន​យន្ត​ហោះ​ថ្មី បាន​ចំណាយ​ទឹក​ប្រាក់ ​១,៥០០ លាន​ដុល្លារ​អាមេរិកដើម្បីសាងសង់​ព្រលាន​យន្ត​ហោះ​ថ្មី។​ ជុំវិញ​ដំណើរ​ការ​ត្រៀម​សាង​សង់​នេះ​ រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្តឲ្យ​ក្រុម​ហ៊ុន​ឲ្យ​ប្រើប្រាស់​អ្នក​ជំនាញ និង​គ្មាន​ជំនាញ​នៅ​ក្នុង​ស្រុក​ឲ្យ​អស់​លទ្ធភាព៕

 

 

 

 

 

 

 

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI