កម្ពុជា-នយោបាយ

លោក ស ខេង ​ចេញបញ្ជាឲ្យ​បើក​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​មន្ត្រី​ប៉ូលិស​ដួល​សន្លប់​នៅ​មុខ​ឡាន

នៅ​ព្រឹក​មិញ​នេះ ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​បាន​ចេញបញ្ជា​រួច​ស្រេច​ហើយ ទៅ​ឲ្យ​អាជ្ញធរ​ខេត្ត​បន្ទាយ​មានជ័យ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឲ្យ​ពិនិត្យ​ឡើងវិញ​ករណី​​មន្ត្រី​ប៉ូលិស​ ម្នាក់ ដួល​សន្លប់​នៅ​មុខ​ឡាន Lexus មួយ​គ្រឿង​។​ ការ​ចេញបញ្ជា​ឲ្យ​ស៊ើប​អង្កេត​លម្អិត​នេះ គឺបន្ទាប់ពី​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​សម្រេច​ចោទ​ប្រកាន់​ម្ចាស់​ រថយន្ត​ពី​បទ​មនុស្ស​ឃាត។

មន្ត្រីប៉ូលិសម្នាក់ ដួលសន្លប់នៅមុខឡាន Lexus មួយគ្រឿង នៅខេត្តបន្ទាយមានជ័យ។
មន្ត្រីប៉ូលិសម្នាក់ ដួលសន្លប់នៅមុខឡាន Lexus មួយគ្រឿង នៅខេត្តបន្ទាយមានជ័យ។ @FB
ផ្សាយពាណិជ្ជកម្ម

បញ្ជា​របស់​​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃឲ្យមន្ត្រី​ថ្នាក់​ក្រោម​ពិនិត្យ​ស៊ើប​អង្កេតឲ្យ​ជាក់​ច្បាស់​​​ នៅពេលនេះ គឺធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​សម្រេច​ចោទ​ប្រកាន់​ម្ចាស់​រថយន្ត​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍។  

គួរ​រម្លឹក​ជូនថា ហេតុការណ៍​​​ដែល​សមត្ថកិច្ច​ចាត់ទុក​ថាជា​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ បាន​កើត​ឡើង កាលពី​​ថ្ងៃទី២២ ខែ​ធ្នូ ដោយ​គេ​បាន​ឃើញ ប៉ូលិស​ម្នាក់ ដួល​សន្លប់​នៅ​មុខ​ឡាន Lexus មួយ​គ្រឿង​។ ចំពោះ​​អ្នក​ឃើញ​ហេតុ​ការណ៍ បាន​​រៀប​រាប់ថា ​ក្រុម​ប៉ូលិស ​បាន​ចាប់​ម៉ូតូ​របស់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ​ហើយ​​លោក ម៉ង់ ពុទ្ធិ ម្ចាស់​រថយន្ត​ Lexus បាន​ចេញ​មុខ​ទៅ​ជួយ​ដោះស្រាយ។ ក្រោយ​មកទៀត ក៏​​មាន​ហេតុការណ៍​ដួល​សន្លប់​​របស់​ប៉ូលិសម្នាក់ ឈ្មោះ ឈាន​ ពិសិដ្ឋ ​នោះតែម្តង​។

ក្រោយ​រឿង​ហេតុ​នេះ ​ម្ចាស់​រថយន្ត​ Lexus ​លោក ម៉ង់ ពុទ្ធិ ដែលត្រូវ​គេ​ស្គាល់ថា ជា​សកម្មជន​បក្ស​សង្គ្រោះជាតិ និងជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយក្រោយមក ​ព្រះរាជអាជ្ញា​ បាន​សម្រេច​ចោទប្រកាន់​ពីបទ​មនុស្ស​ឃាត​ដោយ​ចេតនា។

មាន​វីដេអូមួយ​ស្តី​ពីហេតុការណ៍ ​ដែល​ត្រូវ​គេ​យក​មក​បង្ហោះ​ពេញ​បណ្តាញ​សង្គម​នា​ប៉ុន្មានថ្ងៃ​ថា ​ មន្ត្រី​នគរ​បាល​រូប​នោះ គឺ​​ឈ្មោះ ឈាន​ ពិសិដ្ឋ ជា​នាយរង​ប៉ុស្តិ៍​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ដេក​ដួល​នៅ​មុខ​រថយន្ត​ដែល​អាយ៉ែរ​ទៅមុខទៅក្រោយ​ ដោយ​បើក​ក្នុង​​ល្បឿន​យឺត​ៗ។ អ្នក​ប្រើ​ហ្វែសបុក​មួយ​ចំនួន​ដែល​មើល​វីដែអូនោះ ​បាន​រិះគន់ថា មន្ត្រី​រូបនេះ គឺបាន​ធ្វើ​ពុត​ជា​ដួល​ប្រកាច់​ ឬ​ដួល​សន្លប់​នៅ​មុខ​ឡាន​។  អ្នក​ខ្លះ​ដាក់​ការ​សង្ស័យថាគាត់​បាន​ផ្តួល​ខ្លួន​ឯង​ទៅមុខ​រថយន្ត ព្រោះ​ថា បើ​សន្លប់​ទៅហើយ ម្តេច​ដៃរបស់​គាត់ កាន់អាយកូម និងសោរថយន្ត ជាប់ មិនព្រមព្រលែងចោលឡើយទាល់​តែសោះ។
ចំណែករូបភាពរបស់​សមត្ថកិច្ច ដែល​បង្ហោះចេញមន្ទីរពេទ្យប្រទេសថៃ បានបង្ហាញពី​លក្ខណៈប៉ះទង្គិចយ៉ាង​ខ្លាំង ដោយ​ឃើញប៉ូលិសឈ្មោះ ឈាន​ ពិសិដ្ឋ ​មាន​របួ​សយ៉ាងធ្ងន់ធ្ងរ មាន​រុំត្រង់ក និងស្នាមជាំ​នៅលើភ្លៅ​ ព្រមទាំងបាន​ពិនិត្យ​​ដោយ​ម៉ាស៊ីន​ស្កែន​ថែមទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI