មានស្លាប់និងរបួសជិត២០០នាក់ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ
ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ មានមនុស្សយ៉ាងហោចណាស់ ជិត២០០នាក់បានស្លាប់ និងរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍។ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថាមូលហេតុដែលធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនគោរពច្បាប់ចរាចរណ៍ជាដើម។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលបានស្នើថា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺមានតែការរឹតបណ្តឹងច្បាប់ និងការអប់រំផ្សាយឱ្យទូលំទូលាយតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានមនុស្សយ៉ាងហោចណាស់ ២៤ បានស្លាប់ និង ១៦៩នាក់ផ្សេងទៀតបានរងរបួស ក្នុងរយៈពេលបុណ្យភ្ជុំបិណ្ឌបីថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ តុលា។ នេះបើតាមតួលេខរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា គ្រោះថ្នាក់រយៈពេល៣ថ្ងៃនេះ បណ្តាលមកពី ការបើកបរហួសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនគោរពច្បាប់ចរាចរណ៍ជាដើម។ នាយកដ្ឋានសណ្តាប់ធ្នាប់ បានរាយការណ៍យ៉ាងលំអិតថា ក្នុងចំណោមអ្នករងគ្រោះទាំងអស់ គឺមានអ្នកថ្មើរជើង៩នាក់ និង អ្នកបើកបរម៉ូតូមិនពាក់មួក ការពារសុវត្ថិភាព ៧៥នាក់។ បើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឲ្យខូចខាតម៉ូតូ៨៧គ្រឿង រថយន្តធុនស្រាល១៣គ្រឿង រថយន្តធុនធ្ងន់២គ្រឿង និងយានយន្តផ្សេងៗទៀត ៦គ្រឿង ។
រីឯខេត្តដែលមានគ្រោះថ្នាក់ និងស្លាប់ច្រើនរួមមាន៖កំពង់ចាម កំពត កណ្តាល តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ នាយកដ្ឋានចរាចរណ៍នគរបាល បានបញ្ជាក់ថា អត្រាគ្រោះថ្នាក់ស្លាប់មានការថយចុះ បើប្រៀបធៀបនឹងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០១២ គឺ២៤នាក់លើ២៦នាក់ ប៉ុន្តែរងរបួសបានកើនឡើងរហូតដល់១៦៩នាក់ដែលឆ្នាំមុនមានតែ១៣៩នាក់។
បើតាមគណៈកម្មការជាតិចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០១៣នេះ គ្រោះថ្នាក់ចរាចរណ៍ មានចំនួនជាង ២៩០០ករណី ដែលបណ្តាលឱ្យមនុស្សជាង ១ ៣០០នាក់ បានស្លាប់ ហើយ មនុស្ស ប្រមាណជាង ៤ពាន់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។
យ៉ាងណាក៏ដោយលោក គង់ សុវណ្ណ ប្រធានអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែបំផ្លាញជីវិតប្រជាជនកម្ពុជារាប់សិបនាក់នោះ គឺមានតែការពង្រឹងច្បាប់ និងរឹតបន្តឹងការអនុវត្តច្បាប់ រួមទាំងការផ្សព្វផ្សាយ ការអប់រំឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ឱ្យស្គាល់ពីតំលៃជីវិត និងគោរពច្បាប់តែប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ