កម្ពុជា

កម្ពុជា​សម្រេច​គោល​ដៅ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​មុន​៣​ឆ្នាំ​នៃ​ទិសដៅ​កំណត់ដោយ​អង្គ​ការ​សហ​ប្រជាជាតិ​

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួួយ ធ្វើ​ការ​ប្រឹក្សា​យោបល់​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។
អង្គការ​ក្រៅ​រដ្ឋាភិបាល​មួួយ ធ្វើ​ការ​ប្រឹក្សា​យោបល់​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។

អង្គការ​សហ​ប្រជាជាតិ បាន​ចាត់​ទុក​កម្ពុជា ថា​ជា​ប្រទេស​មួយ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​៦ ផ្សេងទៀត​នៅ​ទូ​ទាំង​ពិភព​លោក ដែល​ទទួល​ជោគជ័យ​នៃ​ការ​សម្រេច​បាន​មុន​៣​ឆ្នាំ នៃ​ទិសដៅប្រឆាំង​មេរោគ​អេដស៍​។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់នៅ​ទី​ក្រុង​ប៉ារីស ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​ការ​អនុវត្តន៍​ជា​សកល​ក្នុង​ការ​សម្រេច​ទិស​ដៅ ៩០-៩០-៩០ ចាប់​ពី​ថ្ងៃទី ២០ ដល់​ថ្ងៃ​ទី ២៣ កក្កដា។  

ផ្សាយពាណិជ្ជកម្ម

ទិស​ដៅ ៩០-៩០-៩០ ដែល​ដាក់​ចេញ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នេះ មាន​ន័យថា​ ទី១) ត្រូវ​ធានា​ថា ៩០% នៃ​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ត្រូវ​ដឹង​ពី​ស្ថាន​ភាព​នៃ​ការ​ឆ្លង​មេរោគនេះ​។ ទី២) ៩០% នៃ​អ្នក​ដែល​រក​ឃើញ​មាន​ឆ្លង​មេរោគ​អេដស៍​ ត្រូវ​តែ​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​។ និង​ទី៣ ៩០% នៃ​អ្នក​ដែល​កំពុង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឱសថប្រឆាំង​នឹង​មេរោគ​អេដស៍ ត្រូវ​មាន​បន្ទុក​មេរោ​គអេដស៍​ក្នុង​ឈាម​កម្រិត​ទាប​បំផុត ឬ ស្ទើរ​មិន​អាច​រកឃើញ​។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សម្រាប់​កម្ពុជា ដែល​ជា​ប្រទេស​សម្រច​បានជោគ​ជ័យ​មុន​៣ឆ្នាំ​ នៃ​ទិស​ដៅ​របស់​អង្គការ​សហ​ប្រជាជាតិ​ បង្ហាញ​ថា ៨៣% នៃ​ចំនួន​ប៉ាន់​ស្មានអ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​អស់​នៅ​ឆ្នាំ​ ២០២០ បាន​ដឹង​ពី​ស្ថាន​ភាព​របស់​ខ្លួន ខណៈ​រហូត​ដល់​ ៩៧% នៃ​អ្នក​ដែល​រក​ឃើញ​មាន​ឆ្លង​មេរោគ​អេដសន៍​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគអេដស៍។ ជា​ចំនួន​ដែល​លើស​ពី​ការ​កំណត់​ដៅ​របស់​អង្គការ​សហ​ប្រជាជាតិ រហូត​ដល់​ទៅ​ ៧%។ ចំណែក​ឯ ៨០% នៃ​អ្នក​ជំងឺ​អេដស៍​ដែល​កំពុង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគអេស៍​ទាំងអស់ មាន​បន្ទុក​មេរោគ​អេដស៍​ក្នុង​កម្រិត​ទាប​បំផុត​។​

តាមរយៈ​របាយការណ៍​នេះ អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​មេរោគ​អេដស៍ បាន​វាយ​តម្លៃ​ថា​កម្ពុជា ជា​ប្រទេស​មួយ​ដែល​នាំ​មុខ​គេ​លើ​សកល​លោក​ក្នុង​ការ​សម្រេច​ទិស​ដៅ​នេះ។ ក្រៅ​ពី​កម្ពុជា ក៏​មានប្រទេស​ចំនួន​៦​ផ្សេង​ទៀត ដែរ​ ដូចជា​ប្រទេស Botswana ដាណាម៉ាក អ៊ីស្លង់ សឹង្ហបុរី ស៊ុយអ៊ែត ចក្រភព​អង់​គ្លេសនិងប្រទេសអៀរឡង់ខាងជើង។

សូម​រំលឹក​ថា មេរោគ​អេដស៍​បាន​ផ្ទុះ​រីករាល​ដាល​នៅ​កម្ពុជា​ខ្លាំង​នៅ​ឆ្នាំ​១៩៩៨ ដែល​មាន​អត្រា​ឆ្លង​ក្នុង​១០០​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​នោះ​ គឺ​មាន​អ្នក​ផ្ទុក​មេរោគអេដស៍​រហូត​ដល់ ១៦​ម៉ឺន ៩​ពាន់​នាក់។ ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​នេះ ចំនួន​អ្នក​ផ្ទុក​មេរោគ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ៥​ម៉ឺន ៧​នាក់ ដែល​អត្រា​អ្នក​ឆ្លង​មេរោគ​នេះ មាន​ត្រឹម​២​នាក់ ក្នុង​មួយ​ឆ្នាំ។ ហើយ​ដើម្បី​ពន្លឿន​នៃ​ការ​សម្រេច​បាន​គោល​ដៅ​នេះ ដែរ ​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នឹង​ដាក់​បញ្ចូល​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ទៅ​ក្នុង​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដើម្បី​អប់​រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​ចេះ​ការពារ​និង​ទប់​ស្កាត់​មេរោគ​អេដស៍ ជំងឺអេដស៍​ប្រកប​ដោយ​ប្រសិទ្ធភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI