ACU ចាប់ខ្លួនអធិការខណ្ឌម្នាក់រឿងកិបកេងប្រាក់ជិត៧០ម៉ឺនដុល្លារ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានចាប់ខ្លួនអធិការនៃអធិការដ្ឋានខណ្ឌមានជ័យ លោក ហ៊ី ណារិន ដែលបានកិបកេងទឹកប្រាក់ជិត ៧០ ម៉ឺនដុល្លារអាមេរិក ឫ ជិត ៣ ពាន់លានរៀល(២,៧១២,២៣៦,០០០រៀល)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីយប់ថ្ងៃពុធ។ សង្គមស៊ីវិលដែលធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយ បានសាទរចំពោះការចាប់ខ្លួននេះ ហើយថា វាជាជំហានមួយឆ្ពោះទៅមុខបន្ថែមទៀត ដើម្បីលុបបំបាត់អំពើពុករលួយនៅកម្ពុជា។
ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៣០ កញ្ញា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងចំនួន៥ លើកប្រឆាំងនឹងមន្ត្រីប៉ូលីសរូបនេះអំពីការប្រព្រឹត្តអំពើពុករលួយ។ ហើយមុនការចាប់ខ្លួន អង្គភាពនេះក៏បានសុំឲ្យលោកហ៊ី ណារិន ធ្វើការបំភ្លឺ និង ស្នើឲ្យមានការកែលម្អចំនួន២លើកមកហើយ ប៉ុន្តែជនសង្ស័យហាក់ព្រងើយកន្តើយ និងនៅតែប្រព្រឹត្តអំពើខុសច្បាប់ដដែល។
សេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃពុធ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយបានចំណាយពេលស៊ើបអង្កេតអស់រយៈពេល៨ ខែ និងបានប្រមូលព័ត៌មានពីមន្ត្រីប៉ូលីសធ្វើការក្នុងអធិការដ្ឋានខណ្ឌមានជ័យ៤១នាក់មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល ជនសង្ស័យ ហ៊ី ណារិន ត្រូវបានរកឃើញការប្រព្រឹត្តបទល្មើសចំនួន ៨ ករណី ដែលរួមមានដូចជា ការបើកយកប្រាក់ខែរបស់មន្ត្រីនគរបាលដែលអវត្តមាន ការកេងយកប្រាក់ឧបត្ថម្ភកម្លាំងហ្វឹកហាត់ការពារបាតុកម្ម ការតម្រូវឲ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្ត្រីមួយចំនួនបង់ប្រាក់ជារៀងរាល់ខែជាដើម។
ជនសង្ស័យ ហ៊ី ណារិន តាមរយៈសេចក្តីប្រកាសព័ត៌មាននោះ បានឆ្លើយសារភាពថា ពិតជាបានប្រព្រឹត្តខុសច្បាប់មែន ដោយបានកិបកេងទឹកប្រាក់ប្រមាណ ៧០ ម៉ឺនដុល្លារអាមេរិក ឫ ជិត ៣ ពាន់លានរៀល(២,៧១២,២៣៦,០០០រៀល)។
លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញការចាប់ខ្លួនមន្ត្រីប៉ូលីសនេះនោះទេ ដោយលោកឆ្លើយតាមខ្សែទូរសព្ទថា កំពុងជាប់រវល់។
យ៉ាងណាក៏ដោយ អង្គការតម្លាភាពកម្ពុជាដែលធ្វើយ៉ាងសកម្មក្នុងការលុបបំបាត់អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា បានស្វាគមន៏ចំពោះចាប់ខ្លួននេះ។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ការចាប់ខ្លួនមន្ត្រីប្រព្រឹត្តពុករលួយនេះ គឺជាស្នាដៃថ្មីមួយទៀតរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីខិតខូចពូកែខាងកិបកេងប្រាក់ បញ្ជូនឲ្យតុលាការផ្តន្ទាទោសតាមច្បាប់នោះ។ កន្លងមកអង្គភាពមួយនេះ បានចាប់ខ្លួនទាំងមន្ត្រីតុលាការ និង ស្ថាប័នមួយរដ្ឋមួយចំនួនផងដែរពាក់ព័ន្ធអំពើពុករលួយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ