អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​ចុះ​​កិច្ច​ព្រម​ព្រៀង​​ទទួល​យក​​ជន​ភៀស​ខ្លួន​​ពី​​អូស្ត្រាលី​​ជា​​ផ្លូវ​ការ​

លោក ​ស ​ខេង ​និង​ លោក ស្កុត ​ម៉ូរីសុន ​ចុះ​អនុស្សរណៈ​នៃ​យោគយល់​គ្នា​ស្តី​ពី​ការ​តាំង​ទី​លំនៅ​ជនភៀស​ខ្លួន​នៅ​កម្ពុជា​
លោក ​ស ​ខេង ​និង​ លោក ស្កុត ​ម៉ូរីសុន ​ចុះ​អនុស្សរណៈ​នៃ​យោគយល់​គ្នា​ស្តី​ពី​ការ​តាំង​ទី​លំនៅ​ជនភៀស​ខ្លួន​នៅ​កម្ពុជា​ RFI/Siv Channa
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

ដូច​​​ការ​​គ្រោង​​ទុក​​នៅ​​រសៀល​​ថ្ងៃ​​សុក្រ​​នេះ​ លោក ​ស ​ខេង ​រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​​កម្ពុជា ​និង​ លោក​ ស្កូ​ត ​ម៉ូ​រី​សុន​(Scott Morrison) ​រដ្ឋ​មន្ត្រី​ក្រ​សួង​​អន្តោ​ប្រវេសន៍​​និង​​ការពារ​​ព្រំ​ដែន​​អូស្ត្រា​លី​​បាន​​ចុះ​​អនុស្សរណៈ​​នៃ​​ការ​យោគ​យល់​​គ្នា​​ស្តី​ពី​​ការ​តាំង​​ទី​លំនៅ​​ជន​ភៀស​ខ្លួន​​នៅ​​កម្ពុជា​។ ក្រោយ​​បញ្ចប់​​ការ​ចុះ​ហត្ថលេខា​ ភាគី​​ទាំង​ពីរ​​មិន​បាន​​អត្ថា​ធិប្បាយ​​អ្វី​​នោះ​ទេ​​ចំពោះ​​ការ​ផ្ទេរ​​ជ​នភៀស​ខ្លួន​​ពី​​អូស្ត្រាលី​​មក​កាន់​​កម្ពុជា​​នេះ​។​

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង លោក ស ខេង និង លោក​ស្កូ​ត ម៉ូ​រី​សុន(Scott Morrison) មិនបាន​ថ្លែង​អ្វី​នោះទេ ទៅកាន់​អ្នកកាសែត​ជាតិ និង​អន្តរ​ជាតិប្រមាណ៥០ នាក់​ដែល​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​នោះ។ មិនតែប៉ុណ្ណោះ តំណាង​រដ្ឋាភិបាល​ទាំងពីរ បាន​ចាកចេញ​យ៉ាង​រហ័ស​ដោយ​មិន​ខ្វល់​នឹង​សំណួរ​អ្នកកាសែត​ដែល​បាន​ចោទសួរ​អំពី​កិច្ចព្រមព្រៀង​ដ៏​រសើប​នេះ​។

ចំពោះ​ការបកស្រាយ​ទាំងឡាយ​គឺ​ស្ថិតនៅលើ​សេចក្តីប្រកាស​ព័ត៌មាន​រួមមួយ​ដែលមាន​កម្រាស​តែ​ពីរ​ទំព័រ​ប៉ុណ្ណោះ។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​នោះ ការបញ្ជូន​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មកកាន់​កម្ពុជា​នេះ គឺ​ផ្អែកលើ​គោលការណ៍​នៃ​ការស្ម័គ្រចិត្ត​របស់​ជន​ភៀសខ្លួន និង​ស្របតាម​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​មួយ​ផងដែរ។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ស្រង់​ប្រសាសន៍​របស់លោក ស ខេង ថា ការអនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​នេះ​មក​តាំង​ទីលំនៅ​នៅ​កម្ពុជា គឺជា​សកម្មភាព​មនុស្ស​ធម៌​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ចាប់ផ្តើម​កសាង​ជីវិត​ថ្មី​ស្របតាម​ច្បាប់​របស់​កម្ពុ​ជា។

សេចក្តីប្រកាស​ព័ត៌មាន​រួម​នេះ​ក៏បាន​ដកស្រង់​សម្តី​របស់លោក​ស្កូ​ត ម៉ូ​រី​សុន(Scott Morrison) ថា ក្នុងនាម​ជា​ភាគី​នៃ​អនុសញ្ញា​ជនភៀសខ្លួន​នៅពេល​កំពុង​ខិតខំ​ប្រឹងប្រែង​អភិ​វ​ឌ្ឈ​ប្រទេស​ក្រោយ​សង្គ្រាមស៊ីវិល កម្ពុជា​កំពុង​បង្ហាញ​លទ្ធភាព និង ឆន្ទៈ​របស់ខ្លួន​ដើម្បី​រួមចំណែក​ជា​វិជ្ជមាន​ដល់​បញ្ហា​មនុស្សធម៌។

ដោយឡែក នៅក្នុង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា និង​អូស្ត្រាលី​នេះ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ទទួល​រ៉ាប់រង​ផ្ទាល់​លើ​ថ្លៃ​ចំណាយ​ក្នុង​ការបញ្ជូន​ជនភៀសខ្លួន រួមទាំង​ការគាំទ្រ​ចាំបាច់​ដល់​ជនភៀសខ្លួន និង ការកសាង​សមត្ថភាព​របស់​ប្រទេស​កម្ពុជា ដើម្បី​ធានាថា កម្ពុ​ជាមាន​ធនធាន​គ្រប់គ្រាន់​ក្នុងការ​ទទួល និង​សមា​ហ​រ័​ណ​កម្ម​ជនភៀសខ្លួន​ដោយ​ជោគជ័យ។ជាមួយគ្នានេះ ភាគី​កម្ពុជា និង អូស្ត្រាលី​បាន​ឯកភាពគ្នា​ចាប់ផ្តើម​ដំណើរការ​កម្មវិធី​សាកល្បង​នៃ​ការតាំង​ទីលំនៅ​នៃ​ជនភៀសខ្លួន​ទាំងនេះ​មួយក្រុម​តូច​សិន ហើយនឹង​បន្ត​បន្ថែមទៀត​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង លទ្ធភាព​កម្ពុជា។

សេចក្តីប្រកាស​ព័ត៌មាន​នោះ ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំនួន និង​ពេលវេលា​នៃ​ការតាំង​ទីលំនៅ​របស់​ជ​ន​ភៀសខ្លួន​ទាំងនោះ​នឹងត្រូវ​កំណត់ដោយ​ភាគី​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ