ទំនាក់ទំនងកម្ពុជា-រុស្ស៊ីបន្តអភិវឌ្ឍលើវិស័យទេសចរណ៍
ចុះផ្សាយនៅថ្ងៃ៖
ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍន៍នេះ នៅក្រុងម៉ូស្គូ ទើបមានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើ “ផែនការសកម្មភាពរួមសំរាប់ឆ្នាំ២០១២-២០១៤” រវាងក្រសួងទេសចរណ៍កម្ពុជា និងទីភ្នាក់ងារសហព័ន្ធរុស្ស៊ីខាងទេសចរណ៍។ តាំងពីម្សិលមិញដែរ កម្ពុជាតាំងពិព័រណ៍ខ្លួន នៅ “ទីផ្សារទេសចរណ៍អន្តរជាតិ” ហៅថា “INTOURMARKET- ឆ្នាំ២០១១” ដោយមានការចូលរួមនៃ ១៤៥ប្រទេស។
សេចក្តីរាយការណ៍របស់ កែវ ឆាយា ពីម៉ូស្គូ
ហត្ថលេខាបានត្រូវចុះដោយលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ថោង ខុន និង ដោយអនុប្រធាននៃ ទីភ្នាក់ងារសហព័ន្ធរុស្ស៊ីខាងទេសចរណ៍ លោក Alexandre Radkov ឋានៈនេះ ខាងភាគីរុស្ស៊ី គឺស្មើនឹងអនុរដ្ឋមន្ត្រីទេសចរណ៍។
ថ្លែងស្វាគមចំពោះភ្ញៀវជាន់ខ្ពស់កម្ពុជា អនុរដ្ឋមន្ត្រីរុស្ស៊ីបានលើកឡើងថា រុស្ស៊ីតែងបាននិងបន្តចាត់ទុកកម្ពុជាជាមិត្តរបស់ខ្លួន ដែលជាមួយមិត្តនេះ រុស្ស៊ីពង្រីកទំនាក់ទំនងលើវិស័យជាច្រើន មានវិស័យទេសចរណ៍ជាដើម។ គាត់ក៏ប្រាថ្នាឃើញអ្នកទេសចរខ្មែរមកទស្សនាប្រទេសរុស្ស៊ីដែរ ព្រមទាំងពង្រីកទេសចរណ៍រវាងរុស្ស៊ី និង កម្ពុជាឲ្យរាលដាលដល់ថ្នាក់តំបន់ទៅផង គឺរវាងខេត្តនិងខេត្ត។
លោកថោង ខុន រដ្ឋមន្រ្តីទេសចរណ៍កម្ពុជាបានឆ្លៀតឱកាសសំដែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីជាមិត្ត ចំពោះជំនួយដែលផ្តល់ទៅកម្ពុជាតាំងពីសម័យដែលកម្ពុជាស្ថិតនៅបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មក ក្នុងស្ថានភាពសង្គ្រាមផង សន្តិភាពផង ហើយជំនួយនេះនៅតែបន្តផ្តល់ទៅកម្ពុជា ទាំងបច្ចុប្បន្នកាល។ លោកក៏បានរំលឹកថា សុខសន្តិភាពពេញលេញបានកើតមាននៅកម្ពុជា ក្នុងឆ្នាំ១៩៩៨ ដោយសារនយោបាយ “ឈ្នះ-ឈ្នះ” របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តាមប្រសាសន៍លោករដ្ឋមន្ត្រី ថោង ខុន វិស័យទេសចរណ៍ត្រូវបានរដ្ឋាភិបាលកម្ពុជា កំណត់ជាអាទិភាពមួយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ គឺថា ៖ ខណៈដែលអង្ករត្រូវចាត់ទុកជា”មាស ស” នោះ វិស័យទេសចរណ៍ត្រូវចាត់ទុកជា “មាស បៃតង”។ ឆ្នាំទៅមិញ វិស័យទេសចរណ៍នាំចំណូល បាន ១.៨០០លានដុល្លារអាមេរិកដល់ថវិកាជាតិ ឬស្មើនឹង ១២%ឯណោះនៃផលិតផលសរុបក្នុងស្រុក ហៅថា GDP របស់កម្ពុជា។
ដោយអំពាវនាវឲ្យពួកវិនិយោគិនរុស្ស៊ីបោះទុនកាន់តែក្រាស់ក្រែលឡើង ទៅក្នុងសេដ្ឋកិច្ចកម្ពុជា លោក ថោងខុន បានលើកយកតួលេខមកបង្ហាញថា៖ ក្នុងឆ្នាំ២០១០កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិ ២លាន៥សែននាក់ គឺកើនឡើង ជាង១៦% ក្នុងនោះ ទេសចរពីរុស្ស៊ី គឺដល់ទៅជិត៤ម៉ឺននាក់ កើនឡើងដល់ ៧៦% ធៀបនឹងឆ្នាំ២០០៩។ គ្រាន់តែក្នុង១ខែមករាឆ្នាំនេះ កម្ពុជាបានទទួលទេសចររុស្ស៊ី ជិត ១ម៉ឺននាក់ កើនឡើង ១០២% ឯណោះ ហេតុដែលនាំឲ្យកម្ពុជាប្រមាណថា ទៅទល់ចុងឆ្នាំនេះ គឺអាចស្ទុះដល់ ១០ម៉ឺននាក់។ ចំនួននេះញ៉ាំងកម្ពុជាឲ្យស្នើមកភាគីរុស្ស៊ីជាថ្មី ថាគប្បីបើកឲ្យមានជើងយន្តហោះត្រង់ផ្ទាល់ពីម៉ូស្គូ ទៅភ្នំពេញតែម្តងទៅ។ សំណើនេះ តាមការរំពឹងទុកនៃភាគីរុស្ស៊ី គឺនឹងត្រូវដោះស្រាយក្នុងសម័យប្រជុំលើកទី៦ នៃ “គណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កម្ពុជា” ដែលនឹងប្រព្រឹត្តទៅ នៅរុស្ស៊ីក្នុងឆ្នាំនេះ។
លើកនេះ ជាលើកទី៤ ដែលកម្ពុជាតាំងពិព័រណ៍ខ្លួន នៅ “ទីផ្សារទេសចរណ៍អន្តរជាតិ” ក្នុងរដ្ឋធានីរុស្ស៊ី។ ទីផ្សារលើកនេះមានឈ្មោះថា “INTOURMARKET-ឆ្នាំ២០១១” ចូលរួមដោយ ១.៣០០ ក្រុមហ៊ុនទេសចរ តំណាងឲ្យ ១៤៥ប្រទេស។ ការងារទីផ្សារធំសំបើមនេះនឹងពន្យារទៅរហូតដល់ថ្ងៃ ១៥មីនាខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ