អានតួអត្ថបទ
កម្ពុជា

ព្រឹត្តិការណ៍​​អង្គរ​សង្រ្កាន្ត​រយៈពេល​បួន​ថ្ងៃ​បាន​បើក​ជា​ផ្លូវ​ការ​ហើយ​

ក្បួនដង្ហែ​របស់ក្រុមយុវជនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
ក្បួនដង្ហែ​របស់ក្រុមយុវជនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត រូបភាពពីអង្គរសង្រ្កាន្ត
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

អង្គ​រ​ស​ង្ក្រាន្ត​​ដែល​ជា​​ព្រឹត្តិការណ៍​​ធំ​​ទី​ពីរ​​សម្រាប់​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​​ខ្មែរ​​នេះ​​ បាន​​បើក​​ជា​​ផ្លូវ​ការ​​ហើយ​​កាល​ពី​​ល្ងាច​​ថ្ងៃ​អាទិត្យ​។ ព្រឹត្តិការណ៍​ដ៏​ធំ​សម្រាប់​ពិធីបុណ្យ​ជាតិ​មួយ​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៣ដល់១៦ មេសា។ សហ​ភាព​​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​បាន​​រៀបចំ​បាន​ឲ្យ​ដឹងថា ព្រឹត្តិ​កាណ៍​នេះ មាន​ទិសដៅ​បង្កើត​បរិយាកាស​សប្បាយ​រីក​រាយ ផ្តល់​ឱកាស​ឲ្យ​ក្រុមយុវជន​ស្វែងយល់ និងផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ និង​ផ្តល់​ឱកាស​ដល់​ភ្ងៀ​វ​ជាតិ និង​អន្តរជាតិ ស្វែងយល់​ពី​ល្បែង​ប្រជាប្រិយ និងបេតិកភណ្ឌ​ខ្មែរ​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ១៣ មេសា ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន្ត​ដែល​ធ្វើឡើង​នៅក្នុង​ខេត្ត​សៀម​រាប​​បាន​បើក​ជា​ផ្លូវការ​ហើយ ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​យ៉ាង​ច្រើន​កុះករ។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ប្រមាណ ៣.០០០នាក់ ហើយ​ធ្វើឡើង​រយៈពេល បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៦ មេសា ពោល គឺ​ចំ​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូល​ថ្មី​ប្រពៃណី​ជាតិខ្មែរ​តែម្តង។

លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា គោលបំណង​នៃ​ការរៀបចំ​ព្រឹ​ត្ត​ការណ៍​នេះ គឺ​ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​ចូលរួម​អបអរសាទរ និង​កម្សាន្ត​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​នេះ។ ម្យ៉ាងទៀត វា​ក៏​ផ្តល់​ឱកាស​ឲ្យ​យុវជន​បាន​ស្វែងយល់ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ របាំ​ប្រពៃណី និង បេ​តិកភណ្ឌ​ខ្មែរ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ។ លោ​ក​បន្តថា​ អង្គ​រស​ង្ក្រា​ន្ត​ជា​ព្រឹត្តិការណ៍​ដែល​ឆ្លុះបញ្ចាំង​អំពី​ឯកភាព សាមគ្គីភាព ស្មារតី​គ្រួសារ​ខ្មែរ សុភមង្គល ភាព​សុខដុម សេចក្តី​អំណរ និង​មោទនភាព​ជាតិ​ក្នុងចំណោម​យុវជន​ក៏ដូចជា ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ជា​មហា​​គ្រួសារ​ខ្មែរ​តែមួយ។

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ​បាន​ថ្លែង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ថា សកម្មភាព​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​កំពុង​ធ្វើ​នេះ ជាការ​រួមចំណែក​យ៉ាងសំខាន់​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការងារ​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ និង​កៀរគរ​ការចូលរួម​ពី​គ្រ​ប់ម​ជ្ឃ​ដ្ឋា​ន​ទាំង​ជាតិ និង​អន្តរជាតិ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​កត់សម្គាល់ថា អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ មានកម្ម​វិធីពិសេស​ៗជា​ច្រើន​​ដែល​បង្ក​ឲ្យ​ភាពសប្បាយ​រី​រាយ និង​ជំរុញការចូលរួម​របស់​មហា​ជន ពិសេស​យុវជន​ក្នុងការ​យល់ដឹង​​ក្នុង​កិច្ចការ​ថែរក្សា ការពារ​បេតិកភណ្ឌ និង ប្រពៃណី​ទំនៀមទម្លាប់​ជាតិ។ លោក សុខ អាន ក៏បាន​អំពាវនាវ​ដល់​គ្រប់​ម​ជ្ឃ​ដ្ឋា​ន ពិសេស​យុវជន​ត្រូវ​រួមគ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​បេតិកភណ្ឌ​រូបិយ និង​អ​រូបិយ​របស់​ជាតិ​ផងដែរ។

លោក សោម រតនា អ្នក​ពាក្យ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​ មានកម្ម​វិធី​ជាច្រើន ​​រួមមាន​ការលេង​ល្បែង​​ទាញ​ព្រ័ត្រ កាត់​អន្សម​យក្ស និង​ការ​​ប្រគុំ​ត​ន្រី្ត​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ