កម្ពុជា-នយោបាយ

គណៈ​កម្ម​ការ​សិទ្ធិ​មនុស្ស​អាស៊ី ​ស្នើ​ឲ្យ​ទម្លាក់​ចោល​ ដី​កា​ចាប់​ខ្លួន​ លោក​ សម​ រង្ស៊ី​ និង​ថ្នាក់​ដឹក​នាំ​អតីត​បក្ស​ប្រ​ឆាំង​

គណៈ​កម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​ដែល​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហុងកុង​ បាន​បរិហារ​មក​លើរ​ដ្ឋាភិបាល​កម្ពុជា​ថា​កំពុង​តែ​បន្ត​បង្រ្កាប​លើ​គណ​បក្ស​ប្រឆាំង​ ដែល​ផ្ទុយ​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។​ ការ​បរិហារ​របស់​អង្គការ​អន្តរ​ជាតិ​មួយ​នេះ ​បាន​កើត​ឡើង​ ខណៈ​ដែល​តុលា​ការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២​ខែមីនា​នេះ​ បាន​ចេញ​ដី​កា​ចាប់​ខ្លួន ​លោក​ សម​ រង្ស៊ី ​និង​មនុស្ស​ស្និទ្ធ​ចំនួន​៧​រូប​ទៀត​ជា​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​។​

មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងដែលតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន
មន្រ្តីជាន់ខ្ពស់អតីតបក្សប្រឆាំងដែលតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន @Sam Raingsy
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ​ចុះ​ថ្ងៃ​ទី​២២​ខែ​មីនា​ឆ្នាំ​២០១៩​នេះ ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​អាស៊ី ​បានលើក​ឡើង​ថា​ សហគមន៍​អន្តរ​ជាតិ ​ត្រូវ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ឲ្យ​ដក​ចេញ​ដីកា​ចាប់​ខ្លួនមេដឹក​នាំ​គណ​បក្ស​ប្រឆាំង​និង​ត្រូវ​ធានា​ចំពោះ​អ្នក​នយោបាយ​ទាំង​នោះ ​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ និង​មិន​ត្រូវ​បាន​កាត់​ទោស​។

ការ​ចេញ​មុខ​មក​បរិហារ​របស់​អង្គការ​អន្តរ​ជាតិ​មួយ​នេះ ​បាន​កើត​ឡើង ​ខណៈ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពីថ្ងៃ​ទី​១២​ខែ​មីនា​នេះ បាន​ចេញ​ដី​កា​ចាប់​ខ្លួន លោក សម រង្ស៊ី និង​មនុស្ស​ស្និទ្ធ​ចំនួន​៧​រូប​ទៀត​រួមមាន​៖ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឬទ្ធិ លោក តុ វ៉ាន់ច័ន្ទ លោក ឡុង រី និង​លោក ម៉ែន សុថាវរិន្ទ្រ។​ អ្នកទាំង​នេះគឺ​សុទ្ធ​តែ​ជា​អតីត​តំណាង​រាស្ត្រ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី ហើយ​ពួកគេ​កំពុង​នៅ​ក្រៅ​ប្រទេស​។​

មន្រ្តី​ជាន់​ខ្ពស់​អតីត​បក្ស​ប្រឆាំង​ទាំង​៨​រូប ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ដូចៗ​គ្នា គឺ​រួម​គំនិត​ក្បត់ និងញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​នៅ​កម្ពុជា និង​កន្លែង​ផ្សេង​ទៀត។​

ដោយ​កត់​សំគាល់​ពី​ការ​បង្រ្កាប​លើ​គណ​បក្ស​ប្រឆាំង​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ អង្គការ​ដែល​មាន​មូលដ្ឋាន​នៅទីក្រុង​ហុងកុង បាន​កត់​សំគាល់​ថា ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​និង​សកម្មជន​មួយ​ចំនួន​បង្ខំ​ចិត្ត​និរទេស​ខ្លួន​ពី​កម្ពុជាទៅ​នៅ​បរទេស បន្ទាប់ពី​មាន​បណ្តឹង​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​ពួកគេ​។

យ៉ាង​ណាក៏​ដោយ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​អះអាងថា ​វិធាន​ការ​ទៅ​លើ​មេដឹក​នាំ​អតីត​បក្ស​ប្រឆាំង​គឺជា​ការ​អនុវត្តន៍​ច្បាប់ ​ក្នុង​ប្រទេស​មួយ​ដែល​មាន​អធិប​តេយ្យភាព​។

ប៉ុន្តែ​បើ​តាម​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី «នៅពេល​ដែល​ប្រទេស​កម្ពុជា​បាន​អនុម័ត​រដ្ឋធម្ម​នុញ្ញ​ដោយប្រកាន់​លទ្ធិ​ប្រជាធិប​តេយ្យ​សេរីព​ហុបក្ស​ក្រោយការ​បោះ​ឆ្នោត ឆ្នាំ ១៩៩៣​មក ការ​បង្ក្រាប​មក​លើ​គណបក្ស​ប្រឆាំង​និង​សកម្មជន​ត្រូវ​បានបន្ត​អនុវត្ត​ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ​សែន​»៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI